អំពើពុករលួយនៅវៀតណាម

អតីតមន្ត្រីជាន់ខ្ពស់វៀតណាម៣រូប ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធរឿងអាស្រូវពុករលួយទិញលក់ប្រដាប់តេស្ដកូវីដ-១៩


ក្រោយទើបត្រូវបានដកចេញពីសមាជិក បក្សកុម្មុយនិស្ដវៀតណាម និងបញ្ចប់មុខតំណែងបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ឃើញថា អតីតមន្ត្រីជាន់ខ្ពស់របស់វៀតណាមចំនួន៣រូប ត្រូវបានអាជ្ញាធរចេញដីការឃាត់ខ្លួន ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ពាក់ព័ន្ធនឹងបទល្មើសរបស់ពួកគេ ជុំវិញរឿងរ៉ាវពុករលួយទាក់ទងនឹងការទិញលក់ប្រដាប់តេស្ដកូវីដ១៩ក្នុងតម្លៃជាង១៧០លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Vietnam News។
អតីតមន្ត្រីជាន់ខ្ពស់របស់វៀតណាមចំនួន៣រូប ត្រូវបានអាជ្ញាធរចេញដីការឃាត់ខ្លួន ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ពាក់ព័ន្ធនឹងបទល្មើសរបស់ពួកគេ ជុំវិញរឿងរ៉ាវពុករលួយទាក់ទងនឹងការទិញលក់ប្រដាប់តេស្ដកូវីដ១៩

ភ្នាក់ងារប៉ូលីសស៊ើបអង្កេត នៃក្រសួងសន្ដិសុខសាធារណៈវៀតណាម នៅថ្ងៃទី ៧មិថុនា បានចេញដីការឃាត់ខ្លួន ស្រាវជ្រាវ និងអនុវត្តដំណើរការស៊ើបអង្កេត ទៅលើបទល្មើសពាក់ព័ន្ធនឹងរឿងអំពើពុករលួយទិញលក់ប្រដាប់តេស្ដកូវីដ១៩ក្នុងតម្លៃ១៧០លានដុល្លារ។ ជនសង្ស័យចំនួន៣នាក់ សុទ្ធសឹងជាអតីតមន្ត្រីជាន់ខ្ពស់វៀតណាម ដែលត្រូវឃាត់ខ្លួននោះ រួមមាន ទី១ គឺអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកង្វៀន ថាញ់ឡុង។ ទី២ គឺលោក ឈូ ងុកអាញ អតីតអភិបាលក្រុងហានូយ និងទី៣ គឺលោក ផាម កុង ថាក អតីតអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ហើយការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ គឺធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីបក្សកុម្មុយនិស្ដវៀតណាម បានសម្រេចដកពួកគេចេញពីបក្ស និងដកចេញពីមុខតំណែងទាំងអស់នៅក្នុងរដ្ឋាភិបាល។

ក្នុងនោះ លោក ង្វៀន ថាញ់ឡុង ត្រូវបានចោទប្រកាន់ពីបទ «រំលោភលើតួនាទី និងអំណាច ខណៈដែលលោកកំពុងបំពេញការងារ»។ រីឯ លោក ឈូ ងុកអាញ និងលោក ផាម កុងថាក វិញ គឺត្រូវបានចោទប្រកាន់ពីបទ «រំលោភលើបទប្បញ្ញត្តិស្ដីពីការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ បណ្ដាលឲ្យបាត់បង់ និងខ្ជះខ្ជាយ»។

គម្រោងទិញ-លក់ឧបករណ៍តេស្ដកូវីដ១៩នេះ ត្រូវបានដឹកនាំដោយបណ្ឌិត្យសភាពេទ្យយោធាវៀតណាម ដោយមានការចូលរួមពីសមាជិកចំនួន៤ នៃក្រុមហ៊ុន Viet A ដែលអ្នកទទួលបានសិទ្ធដេញថ្លៃទិញឧបករណ៍តេស្ដកូវីដ១៩ ដើម្បីចែកចាយនៅក្នុងស្រុក។ ក្នុងនោះ អគ្គនាយកក្រុមហ៊ុន Viet A គឺលោក ផាម កុកវៀត (Phan Quoc Viet) ក៏ត្រូវបានចាប់ឃាត់ខ្លួន និងកំពុងស្ថិតក្រោមការស៊ើបអង្កេតផងដែរ។

លោក ផាម កុកវៀត បានសារភាពកាលពីខែមករាថា គាត់ពិតជាបានធ្វើឲ្យថ្លៃឧបករណ៍តេស្ដកូវីដ១៩ ឡើងថ្លៃខ្ពស់ខុសតម្លៃធម្មតាដល់ទៅ ៤៥% ហើយលោកបានក៏បានផ្ញើប្រាក់ជាង៣៥លានដុល្លារ ជាប្រាក់រង្វាន់លើកទឹកចិត្ត ទៅឲ្យក្រុមហ៊ុនដែលជាដៃគូពាក់ព័ន្ធនឹងការលក់ឧបករណ៍នេះ។ លោក ផាម កុកវៀត ថែមទាំងបានសារភាពទៀតថា លោកក៏បានសូកប៉ាន់បុគ្គលមួយចំនួននៅក្នុងរឿងនេះផងដែរ។

សូមបញ្ជាក់ថា មន្ត្រីជាច្រើនរួមទាំងឧត្តមសេនីយយោធាជាន់ខ្ពស់ និងប្រធានសាខាខេត្តនៃមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង ក៏ត្រូវបានចាប់ខ្លួន ឬដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌចំពោះការជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះដែរ ហើយអាជ្ញាធរកំពុងតាមស៊ើបអង្កេតអ្នកពាក់ព័ន្ធជាច្រើនទៀត ពាក់ព័ន្ធនឹងរឿងអំពើពុករលួយទ្រង់ទ្រាញធំនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ មិនទាន់មានផែនការច្បាស់លាស់សម្រាប់ការសាងសង់រោងចក្រនៅអឺរ៉ុបនោះទេ

ព័ត៌មាន
ប្រធានក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ លោក ម៉ាក លាវ (Mark Liu) បាននិយាយកាលពីថ្ងៃពុធថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TS…

ចិន និង ឥណ្ឌាបន្ដសម្រុកទិញប្រេងពីរុស្ស៊ីច្រើនជាងមុនក្នុងតម្លៃទាប

ព័ត៌មាន
ទិន្នន័យចុងក្រោយបង្អស់របស់ក្រុមហ៊ុនវិភាគទិន្នន័យ Refinitiv បង្ហាញថា ប្រទេសចិន និង ឥណ្ឌាបានបង្កើនការទិញប្រេងពីរុស្ស៊ីកាន់តែច្រើនឡើងៗ ខណៈព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ