សារព័ត៌មាន Chanel News Asia បានរាយការណ៍នៅថ្ងៃទី៦ ខែមករា ថា យ៉ាងហោចណាស់មានមនុស្សចំនួន៣៥នាក់បានស្លាប់ និងជាង១,២០០នាក់បានរងរបួស និងត្រូវបានឃុំខ្លួនក្នុងការបង្ក្រាបដ៏ហិង្សារបស់កងកម្លាំងរក្សាសន្តិសុខរបស់រដ្ឋាភិបាលអ៊ីរ៉ង់ លើហ្វូងបាតុករក្នុងហេតុការណ៍បាតុកម្មជាងមួយសប្តាហ៍កន្លងមកនេះ ខណៈមកទល់ពេលនេះការធ្វើបាតុកម្មមិនទាន់បានបង្ហាញនៃការបញ្ឈប់នៅឡើយទេ។ ផ្ទុយទៅវិញការធ្វើបាតុកម្មបានរីករាលដាលកាន់តែធំ និងឡើងកម្តៅកាន់តែខ្លាំង ដោយក្នុងចំណោមខេត្តទាំង៣១របស់អ៊ីរ៉ង់ ការធ្វើបាតុកម្មបានផ្ទុះឡើងនៅក្នុងខេត្តចំនួន២៧ហើយ។
ជាមួយគ្នានេះ មន្ត្រីប៉ូលីសប្រមាណ២៥០នាក់ និងកម្លាំងស្ម័គ្រចិត្តរបស់កងឆ្មាំបដិវត្តអ៊ីរ៉ង់ចំនួន៤៥នាក់ត្រូវបានរាយការណ៍ថា បានរងរបួសធ្ងន់ និងស្រាលក្នុងការបង្ក្រាបហ្វូងបាតុករនេះ។
អ្នកវិភាគបានអះអាងថា បាតុកម្មដ៏ក្តៅគគុកនេះជាចលនាប្រឆាំងរដ្ឋាភិបាលដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីឆ្នាំ២០២២មក។ ដើមចមដែលធ្វើឱ្យផ្ទុះការធ្វើបាតុកម្មនេះ គឺដោយសារបញ្ហាសេដ្ឋកិច្ច និងការធ្លាក់ចុះតម្លៃលុយរបស់អ៊ីរ៉ង់ ដែលឈានដល់កម្រិតទាបបំផុត ក្រោយអ៊ីរ៉ង់ រងទណ្ឌកម្មពីសហរដ្ឋអាម៉េរិក និងប្រទេសលោកខាងលិចជុំវិញកម្មវិធីអភិវឌ្ឍន៍នុយក្លែអ៊ែរបស់ប្រទេសនេះ៕
ដោយៈ សរ សុជាតិ