សេដ្ឋកិច្ចកម្ពុជា

តើពេលណាសេដ្ឋកិច្ចកម្ពុជាស្ទុះងើបឡើងក្នុងរង្វង់ ៧%ឡើងវិញ?


នៅមុនពេលកូវីដ១៩ចូលមកលុកលុយ សេដ្ឋកិច្ចកម្ពុជាធ្លាប់មានកំណើនប្រចាំឆ្នាំប្រមាណជាង៧% តួយ៉ាងនៅឆ្នាំ២០១៩កំណើនសេដ្ឋកិច្ចកម្ពុជាមាន៧,១% ប៉ុន្ដែ ចូលដល់ឆ្នាំ២០២០ ដែលមានការរីករាលដាលខ្លាំងនៃកូវីដ១៩នៅទូទាំងសកលលោក បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាដាំក្បាលចុះដល់ទៅ ៣,១% ហើយឆ្នាំ២០២១នេះ រំពឹងកំណើនត្រឹម ២,៥%ប៉ុណ្ណោះ។ សំណួរដែលគេកំពុងចោទសួរ គឺថាតើកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៧% ដែលកម្ពុជាសម្រេចបានជាង ១ទសវត្សរ៍មកហើយនោះ នឹងអាចវិលត្រឡប់មកវិញនៅពេលណា?
ទិដ្ឋភាពទីក្រុងភ្នំពេញ (រូបភាព៖ ខេមបូណូមីស/អេង ថារិទ្ធ)

បើ​តាម​ចម្លើយ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ព្យាករ​ថា គិត​ចាប់ពី​ពេល​នេះ​ទៅ កម្ពុជា​ត្រូវការ​យ៉ាង​ហោច​ណាស់​ជាង​៣​ឆ្នាំ​ទៀត ទើប​អាច​ទាញ​យក​កំណើនសេដ្ឋកិច្ច​៧% ត្រឡប់​មក​វិញ​បាន ក្រោម​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ដ៏​ជាក់លាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា រួម​ទាំង​ភាព​អំណោយផល​នៃ​កត្តា​ខា​ក្រៅ​ផង​ដែរ​។

ឯកឧត្តម ផា​ន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះអាង​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​អាច​វិល​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​ជាមួយ​កំណើន​៧% ក្នុង​១​ឆ្នាំ​ឡើង​វិញ​នៅ​ត្រឹម​ឆ្នាំ​២០២៤ ប្រសិនបើ​គ្មាន​ការ​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​កើតឡើង ហើយ​រក្សា​ស្ថានភាព​សេដ្ឋកិច្ច​ដូច​បច្ចុប្បន្ន​។ ការ​ព្យាករណ៍​បែប​នេះ ធ្វើ​ឡើង​ក្រោយ​ឯកឧត្តម​មើលឃើញ​ពី​សន្ទុះ​នៃ​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២១ នៅ​តែ​រក្សា​បាន​នូវ​កំណើន ទោះបី​ពិភពលោក រួម​ទាំង​កម្ពុជា​ស្ថិត​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩​ក៏​ដោយ​។ មួយវិញទៀត រាជរដ្ឋាភិបាល បាន​ធ្វើ​កំណែទម្រង់​លើ​វិស័យ​មួយ​ចំនួន នឹង​បាន​ដាក់​ចេញ​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​ថ្មី​ៗ​មួយ​ចំនួន ដើម្បី​រួមចំណែក​ជួយ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាដើម​។ ទាំង​អស់នេះ​គឺ​ការ​លើក​ឡើង​របស់​ឯកឧត្តម ផា​ន់ ផល្លា ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​យុទ្ធសាស្ត្រ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការ​រស់នៅ​ជាមួយ​ជំងឺ​កូ​វី​ដ​-១៩ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ ឆ្នាំ​២០២១​។ 

ឯកឧត្តម​ផា​ន់ ផល្លា​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​វិស័យសេដ្ឋកិច្ច​កម្ពុជា បាន​វិល​ត្រឡប់​មក​រក​ភាពល្អ​ប្រសើរ​ឡើង​វិញ​ជា​បណ្តើរ​ៗ​ហើយ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​បើក​ប្រទេស​ឡើង​វិញ និង​លើកលែង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នកដំណើរ​ចូល​មក​កម្ពុជា ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ រួច​។ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​រូប​នេះ មាន​សុទិដ្ឋិនិយម​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​កំណើន​លើស​ពី ២,៥% នៅ​ឆ្នាំ​២០២១ និង​បន្ត​កើនឡើង​លើស​នេះ​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​។ ជាក់ស្តែង​នៅ​ក្នុង​ឆ្នាំ​២០២១ ការ​នាំ​ចេញ​ផលិត​កសិកម្ម ឧស្សាហកម្ម និង​មិនមែន​ផលិតផល​កាត់ដេរ​របស់​កម្ពុជា​នៅ​តែ​រក្សា​បាន​នូវ​កំណើន ទោះបី​មានការ​រំខាន​ពី​ជំងឺ​កូ​វី​ដ​-១៩​។  

ទន្ទឹង​នឹង​នេះ​ឯកឧត្តម ផា​ន់ ផល្លា ក៏​បាន​បង្ហាញ​ពី​គម្រោង​ខ្ចីប្រាក់​ពី​បរទេស ដើម្បី​បម្រើ​ឲ្យ​ការ​រួមចំណែក​ជួយ​ស្តារ និង​ជំរុញ​កំណើន​វិស័យសេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​។  ក្នុង​នោះ​កម្ពុជា​គ្រោង​ខ្ចី​ថវិកា​ពី​បរទេស​ចំនួន​១​ពាន់​៦​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០២២ ខាង​មុខ ដើម្បី​យក​មក​ប្រើប្រាស់​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ ដើម្បី​លើកកម្ពស់​គុណភាព​ការ​ប្រកួតប្រជែង និង​ទាក់ទាញ​ការ​វិនិយោគ​ជាដើម​។ បន្ថែម​លើ​នេះ​កម្ពុជា​ក៏​នឹង​ពង្រឹង​យន្តការ និង​ប្រព័ន្ធ​ប្រមូល​ពន្ធ​ក្នុងស្រុក ដើម្បី​កៀរគរ​ទុន​បន្ថែម សម្រាប់​ប្រើប្រាស់​ក្នុង​ការ​អភិវឌ្ឍន៍​លើ​វិស័យ​ផ្សេង​ៗ​ផង​ដែរ​។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រូប​នេះ​បាន​គូសបញ្ជាក់​ថា គិត​មក​ទល់​បច្ចុប្បន្ន​កម្ពុជា​នៅ​ជំពាក់​បំណុល​បរទេស​ជាង​៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ប៉ុន្ដែ ឯកឧត្តម ផា​ន់ ផល្លា អះអាង​ថា វា​មាន​ចំនួន​តិចតួច​នៅឡើយ បើ​ធៀប​នឹង​បំណុល​របស់​ប្រទេស​មួយ​ចំនួន​។ ទោះ​យ៉ាងណា ឯកឧត្តម បញ្ជាក់​ថា បំណុល​បរទេស​នេះ​មិន​ដល់​ថ្នាក់​ធ្វើ​ឲ្យ​កម្ពុជា​វណ្ឌ​ក​នោះ​ទេ ហើយ​កម្ពុជា​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​សងបំណុល​ទាំងនេះ​។

ជុំវិញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​នេះ​ដែរ ស្ថាប័ន​អន្តរជាតិ Fitch Solutions បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​២,៥% នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​មានការ​ធ្លាក់​ចុះ​៣,១% កាលពី​ឆ្នាំ​២០២០ ហើយនឹង​បន្ត​កើនឡើង​៤,៥% នៅ​ឆ្នាំ​២០២២​។ ដោយឡែក ការ​ព្យាករ​របស់​ធនាគារពិភពលោក​វិញ នៅ​ឆ្នាំ​២០២១ កំណើន​សេ្ឋ​កិច្ច​កម្ពុជា​នឹង ២,២% ហើយ​បន្ត​កើនឡើង​៤,៥% នៅ​ឆ្នាំ​២០២២៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិននឹងចាប់ផ្ដើមអនុវត្តច្បាប់នាំចូលចំណីអាហារថ្មី នៅដើមឆ្នាំក្រោយ ខណៈអាមេរិក និងអឺរ៉ុបបារម្ភថា នឹងរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់

ព័ត៌មាន
ច្បាប់ថ្មីរបស់ចិនទាក់ទងនឹងការនាំចូលចំណីអាហារ នឹងត្រូវចូលជាធរមាននៅថ្ងៃទី ១ ខែមករាឆ្នាំ២០២២ខាងមុខនេះ ទៅតាមផែនការដែលបានគ្រោងទុក បើទោះ…

តម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple កើនឡើងជិតដល់ ៣ ទ្រីលានដុល្លារហើយ

ព័ត៌មាន
តម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple បានកើនឡើងជាបន្តបន្ទាប់នៅក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ខណៈគិតត្រឹមថ្ងៃចន្ទនេះ តម្លៃទីផ្សាររបស់ក្រុមហ៊ុនយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ