
ស្របពេលពិភពលោកកំពុងរង់ចាំអ៊ុតលទ្ធផលនៃជំនួបចរចារវាងមន្ត្រីអាម៉េរិក និងអ៊ុយក្រែន ក្រុមមន្រ្តីដែលស្និទ្ធនឹងជំនួបនេះ បានបង្ហើបថា អ៊ុយក្រែន បានស្នើឱ្យមានបទឈប់បាញ់ក្នុងកំឡុងពេលពិភាក្សាជាមួយសហរដ្ឋអាម៉េរិក នៅអារ៉ាប៊ីសាអូឌីត ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងដើរតួនាទីជាមេអណ្តើកស្វែងរកសន្តិភាពចំពោះសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលបានអូសបន្លាយអស់រយៈពេលជាង៣ឆ្នាំមកនេះ។ បើតាមប្រភពដដែលនេះ បទឈប់បាញ់ដែលអ៊ុយក្រែន បានស្នើនោះ គឺជាបទឈប់បាញ់ដែលគ្របដណ្តប់ទាំងនៅសមុទ្រខ្មៅ និងការវាយប្រហារមីស៊ីលរយៈចម្ងាយឆ្ងាយ ក៏ដូចជាការដោះលែងអ្នកទោស។
មន្ត្រីម្នាក់និយាយដោយសុំមិនបញ្ចេញឈ្មោះបានអះអាងថា គណៈប្រតិភូអ៊ុយក្រែន បានត្រៀមខ្លួនរួចជាស្រេចក្នុងអំឡុងកិច្ចពិភាក្សា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រជាមួយសហរដ្ឋអាម៉េរិក ដែលជាកិច្ចព្រមព្រៀងដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ចង់បាន។ នៅពេលនេះទីក្រុងគៀវ កំពុងព្យាយាមស្តារទំនាក់ទំនង ដែលបានប្រេះឆា បន្ទាប់ពីមានការប៉ះទង្គិចពាក្យសម្តីគ្នាខ្លាំងរវាងថ្នាក់ដឹកនាំអាម៉េរិក និងអ៊ុយក្រែន នៅវ៉ាស៊ីនតោន កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅ។
ក្រោយការប៉ះទង្គិចពាក្យសម្តីគ្នា សហរដ្ឋអាម៉េរិក បានប្រកាសផ្អាកការផ្តល់ជំនួយយោធា និងរបាយការណ៍ស៊ើបការណ៍សម្ងាត់ទាំងអស់ ដែលធ្លាប់បានជួយអ៊ុយក្រែន ក្នុងអំឡុងពេលធ្វើសង្រ្គាម៕
ដោយៈ សរ សុជាតិ