លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញការគាំទ្រយ៉ាងខ្លាងចំពោះការជំរុញឱ្យបង្កើតតំបន់កសិឧស្សាហកម្មស្វាយចន្ទីឱ្យបានឆាប់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងចង់ឃើញតំបន់កសិឧស្សហកម្មស្វាយចន្ទី ដែលគ្រោងបង្កើតឡើងនេះមានទម្រង់ដូចនឹងតំបន់សេដ្ឋកិច្ចពិសេស ដែលអាចផ្តល់អត្ថប្រយោជន៍ច្រើនដល់វិនិយោគិននៅក្នុងវិស័យនេះ។ សម្រាប់ប្រធានសមាគមរូបនេះ ដើម្បីជំរុញឱ្យវិស័យស្វាយចន្ទីកម្ពុជា អាចរីកចម្រើនបានលឿននោះ កម្ពុជាចាំបាច់ត្រូវតែបង្កើតតំបន់កសិឧស្សាហកម្មនេះ ដ្បិតថា វាជាកន្លែងដែលប្រមូលផ្តុំដោយរោងចក្រសហគ្រាសផ្នែកកែច្នៃកសិផល ដែលមានប្រភពធនធានរួម និងទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលដូចជាផ្នែកពន្ធដារ ការឧបត្ថម្ភធន់លើផ្នែកសម្ភារ និងដំណើរការសម្រួលបទបញ្ញតិផ្សេងៗជាដើម។
លោក អួន ស៊ីឡុត ជឿជាក់ថា ក្រោយកម្ពុជា មានតំបន់កសិឧស្សាហកម្មស្វាយចន្ទី នោះកម្ពុជានឹងអាចកៀរគរវិនិយោគិនបានកាន់តែច្រើនឱ្យមកវិនិយោគរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីក្នុងតំបន់នោះ ពោលគឺមានទាំងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី រោងចក្រកៀបប្រេងពីសំបកស្វាយចន្ទី និងរោងចក្រកែច្នៃកម្ទេចសំបកស្វាយចន្ទីក្រោយពីកៀបប្រេង ដើម្បីផលិតជាជី ឬធ្យូងឧស្សាហកម្ម។ ប្រធានសមាគមរូបនេះបានសង្កត់ធ្ងនថា កាលណាថ្លៃដើមផលិតទាប នោះវានឹងធ្វើឱ្យផលិតផលស្វាយចន្ទីកែច្នៃរបស់កម្ពុជា កាន់តែមានភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ខណៈបច្ចុប្បន្នតម្លៃស្វាយចន្ទីកែច្នៃរបស់កម្ពុជាហាក់មានតម្លៃខ្ពស់ ដែលពិបាកនឹងប្រកួតប្រជែងជាមួយប្រទេសដ៏ទៃ។
សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗបានឯកភាពតាមការស្នើសុំរបស់អភិបាលខេត្តកំពង់ធំ លើការសុំបង្កើតតំបន់កសិឧស្សហកម្មស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ។ ទន្ទឹមនេះ សម្ដេចធិបតី ក៏បានជំរុញឱ្យអភិបាលរាជធានីខេត្តទាំងអស់ បន្តធ្វើកិច្ចការងារបែបនេះបន្ថែមទៀត ដើម្បីឱ្យកម្ពុជា អាចទទួលបានផលចំណេញពីគ្រប់កន្លែងទាំងអស់ តួយ៉ាងដូចជាពីតំបន់ឧស្សាហកម្ម និងតំបន់កសិឧស្សាហកម្មជាដើម ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតប្រភពចំណូលសម្រាប់ប្រជាជនរស់នៅក្នុងតំបន់នោះ៕