គ្រាប់ស្វាយចន្ទី

ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីចាប់ផ្តើមប្រមូលទិញគ្រាប់ស្វាយចន្ទីពីកសិករ ខណៈតម្លៃទទួលបានខ្ពស់នៅដើមរដូវប្រមូលផលនេះ


បណ្តាក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា បានចាប់ផ្តើមចុះប្រមូលទិញគ្រាប់ស្វាយចន្ទីសើមពីប្រជាកសិករជាបណ្តើរៗហើយនាពេលនេះ តួយ៉ាងក្រុមហ៊ុនជប៉ុន Mirarth Agri Tech ដែលជាក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំមួយនៅខេត្តកំពង់ធំ បានចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើមជាមួយសហគមន៍ស្វាយចន្ទីមួយចំនួនក្នុងខេត្តកំពង់ធំ ដើម្បីយកមកកែច្នៃសម្រាប់នាំចេញ។
គ្រាប់ស្វាយចន្ទី
ដោយ

ក្រុមអ្នកជំនាញក្នុងវិស័យស្វាយចន្ទី អះអាងថា តាមរយៈការប្រមូលទិញគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនកែច្នៃក្នុងស្រុកនេះ គឺជាកត្តារួមផ្សំមួយ ដែលជំរុញឱ្យតម្លៃតម្លៃគ្រាប់ស្វាយចន្ទីនៅដើមរដូវប្រមូលផលឆ្នាំនេះទទួលបានតម្លៃខ្ពស់។

​​​លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុន Mirarth Agri Tech ដែលជាក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីធំមួយនៅខេត្តកំពង់ធំ បានចាប់ផ្តើមប្រមូលទិញគ្រាប់ស្វាយចន្ទីឆៅពីបណ្តាកសិករ និងសហគមន៍ដាំស្វាយចន្ទីនានា ជាបន្តបន្ទាប់ហើយនាពេលបច្ចុប្បន្ននេះ។ ជាក់ស្តែងកាលពីសប្តាហ៍មុន ក្រុមហ៊ុន Mirarth បានចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើមជាមួយសហគមន៍កសិកម្មទំនើបមួយចំនួននៅក្នុងខេត្តកំពង់ធំ បន្ទាប់ពីក្រុមហ៊ុននេះ បានប្រមូលទិញគ្រាប់ស្វាយចន្ទីក្នុងបរិមាណជាង១ម៉ឺន៥ពាន់តោនពីសហគមន៍ចំនួន៤ក្នុងខេត្តកំពង់ធំរួចមក។

ប្រធានសមាគមស្វាយចន្ទីកម្ពុជា រូបនេះ បានវាយតម្លៃថា តាមរយៈការប្រមូលទិញគ្រាប់ស្វាយចន្ទីឆៅរបស់បណ្តាក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីធំៗនៅក្នុងស្រុក វាជាសញ្ញាណល្អមួយក្នុងការជំរុញតម្លៃគ្រាប់ស្វាយចន្ទីឱ្យមានភាពល្អប្រសើរ និងទប់ស្កាត់ការក្រឡុកតម្លៃពីឈ្មួញបរទេស។ តែយ៉ាងណា លោក អួន ស៊ីឡុត បានវាយតម្លៃថា ការស្រូបទាញគ្រាប់ស្វាយចន្ទីឆៅពីបណ្តាក្រុមហ៊ុនកែច្នៃក្នុងស្រុកនៅមានកម្រិតនៅឡើយ ពោលគឺក្រុមហ៊ុនទាំងនោះអាចស្រូវទាញបានប្រមាណជាង៥ម៉ឺនតោន ក្នុង១ឆ្នាំប៉ុណ្ណោះ។ បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះ ទាល់តែក្រុមហ៊ុនក្នុងស្រុកអាចស្រូបទាញរហូតដល់ប្រមាណ៣០ម៉ឺនតោន ក្នុង១ឆ្នាំ ទើបតម្លៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា មានស្ថិរភាព។ តម្លៃគ្រាប់ស្វាយចន្ទីឆៅនាដើមរដូវប្រមូលផលឆ្នាំនេះអាចលក់បាន៦,៤៥០រៀល ក្នុង១គីឡូក្រាម ខណៈកាលពីឆ្នាំមុនអាចលក់បានក្នុងតម្លៃ៥,៤០០រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ។

​ជាមួយគ្នានេះ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកជំនាញផ្នែកដាំដុះស្វាយចន្ទី បានទទួលស្គាល់ថា តម្លៃគ្រាប់ស្វាយចន្ទីឆៅនៅដើមរដូវប្រមូលផលឆ្នាំនេះពិតជាមានតម្លៃល្អប្រសើរជាងឆ្នាំមុន ដោយសារឥទ្ធិពលពីទីផ្សារអន្តរជាតិ ដ្បិតថាទិន្នផលគ្រាប់ស្វាយចន្ទីនៅប្រទេសអាហ្រ្វិកនៅឆ្នាំនេះមានការធ្លាក់ចុះ ជំរុញឱ្យតម្លៃកើនឡើង។ ការស្រូបទាញទិន្នផលគ្រាប់ស្វាយចន្ទីពីបណ្តាក្រុមហ៊ុនកែច្នៃក្នុងស្រុក ក៏ជាកត្តារួមផ្សំក្នុងការជំរុញឱ្យតម្លៃគ្រាប់ស្វាយចន្ទីកម្ពុជា មានតម្លៃល្អផងដែរ។ តែយ៉ាងណា ឯកឧត្តម វ៉ា រុតសាន វាយតម្លៃថា តម្លៃគ្រាប់ស្វាយចន្ទីសើមនៅកម្ពុជា អាចធ្លាក់ចុះមកវិញនៅ១ខែខាងមុខ ហើយតម្លៃគ្រាប់ស្វាយចន្ទីស្ងួតនឹងមានតម្លៃខ្ពស់នៅអំឡុងខែកញ្ញា និងខែតុលា។

​ឯកឧត្តម វ៉ា រុតសាន កត់សម្គាល់ឃើញថា ទិន្នផលគ្រាប់ស្វាយចន្ទីរបស់ប្រជាកសិករនៅឆ្នាំនេះ ហាក់មានការធ្លាក់ចុះជាងឆ្នាំមុន ដោយសារបញ្ហាអាកាសធាតុចុះត្រជាក់ខ្លាំងរយៈពេលយូរ ហើយបន្ទាប់ពីចុះត្រជាក់ ក៏ចាប់ផ្តើមអាកាសធាតុក្តៅខ្លាំងភ្លាមៗ ដែលធ្វើឱ្យដំណាំស្វាយចន្ទីមួយចំនួនខូចផ្លែ និងផ្កា៕




អត្ថបទបន្ទាប់


តើកម្ពុជា គួរត្រៀមខ្លួនបែបណាខ្លះ ដើម្បីទាញប្រយោជន៍ពីសង្រ្គាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិន?

ស្របពេលសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន កំពុងផ្ទុះឡើងសាជាថ្មី តាមរយៈការដំឡើងពន្ធដាក់គ្នាទៅវិញទៅមក ក្រោយលោក ដូណាល់ ត្រាំ ឡើងក…

អ្នកដាំម្នាស់កំពុងត្រូវប៉ាន់ ដោយអាចទទួលបានប្រាក់ចំណេញរាប់ពាន់ដុល្លារក្នុង១ហិកតា

កសិករជាច្រើនគ្រួសារស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានប្ដូរពីការដាំដំណាំផ្សេងៗមកដាំម្នាស់ ដែលមានទីផ្សារល្អ ខណៈនៅប៉ុន្មា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ