
ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ប្រព័ន្ធទូទាត់ប្រាក់ cdcOSP ត្រូវបានរៀបចំឡើង ដើម្បីប្រមូលចំណូលសាធារណៈរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ប្រព័ន្ធនេះ ត្រូវបានមន្រ្តីជាន់ខ្ពស់រូបនេះ អះអាងថា នឹងផ្ដល់លទ្ធភាពឱ្យអ្នកសុំសេវាសាធារណៈ អាចទូទាត់ប្រាក់ទាំងក្នុង និងឆ្លងធនាគារជាអន្តរជាតិផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ នៃធនាគារ អេស៊ីលីដា ជឿជាក់ថា តាមរយៈកិច្ចសហការនេះនឹងរួមចំណែកដល់ការទូទាត់ដល់វិនិយោគិនអាចបង់កម្រៃសេវាសាធារណៈបានកាន់តែងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនេះ ថ្នាក់ដឹកនាំរូបនេះ រំពឹងថា តាមរយៈភាពងាយស្រួលនេះនឹងជំរុញដល់ការវិនិយោគនានាមកបណ្ដាក់ទុននៅកម្ពុជា កាន់តែច្រើនថែមទៀត។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្នុងរយៈពេល៩ខែ គិតចាប់ពីខែសីហា ឆ្នាំ២០២៤ ដល់ខែមេសា ឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលមួយនេះ បានចូលរួមប្រមូលចំណូលប្រមាណ៥,៧ពាន់លានរៀល ស្មើនឹងប្រមាណ៣៥% នៃចំណូលពីសេវាសាធារណៈរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕
អត្ថបទ៖ បូ ដូឡា,រូបភាព ប៉ុក វន្ថា