
កម្មពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ, លោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា, លោកស្រី Sandra Bernklau តំណាងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជនប្រចាំកម្ពុជា និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន តំណាងដៃគូអភិវឌ្ឍ អង្គការអន្តរជាតិ និងអង្គការសង្គមស៊ីវិល ព្រមទាំងសិស្សនិស្សិតជាច្រើនរូប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា ក្នុងខណៈដែលសកលលោកកំពុងប្រឈមនឹងបញ្ហាជាច្រើន ជាពិសេសសង្គ្រាមដែលបានប៉ះពាល់ដល់ជីវិត សិទ្ធិរស់នៅរបស់មនុស្សជាច្រើននាក់ ការរៀបចំទិវាប្រជាជនពិភពលោកលើកទី៣៥ ពិតជាមានភាពសមស្រប និងចាំបាច់ ដើម្បីបង្កើនការយកចិត្តទុកដាក់លើប្រជាជន ដែលជាកត្តាពាក់ព័ន្ធនឹងអនាគតរបស់មនុស្សជាតិ និងជាពិសេសជីវភាពកូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នា។ ឯកឧត្តម វង្សី វិស្សុត បានបន្តថា សម្រាប់ឆ្នាំ២០២៤ នេះ ការជ្រើសរើសប្រធានបទជាតិ៖ «ទិន្នន័យប្រកបដោយបរិយាបន្ន ប្រជាជនដែលមានភាពធន់ ដើម្បីកសាងអនាគតមួយប្រកប ដោយសមធម៌សម្រាប់គ្រប់គ្នា» ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការប្រមូល ចងក្រង វិភាគ និងប្រើប្រាស់ទិន្នន័យ ប្រកបដោយគុណភាព បរិយាបន្ន និងការទទួលខុសត្រូវខ្ពស់សម្រាប់ជាមូលដ្ឋានបែបវិទ្យាសាស្រ្តក្នុងការរៀបចំ អនុវត្ត និងតាមដានការអនុវត្តគោលនយោបាយ ផែនការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសរំលេចថា ក្នុងអំឡុងប្រមាណ ៣០ឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលបានឆ្លុះបញ្ចាំងតាមរយៈ សូចនាករសំខាន់ៗនានា ដោយក្នុងអត្រាភាពក្រីក្រមានការថយចុះជាលំដាប់ពីប្រមាណ៧០% ក្នុងឆ្នាំ១៩៩៤ ដល់ប្រមាណ១៧% ក្នុងឆ្នាំ២០២៣ ហើយសូចនាករសង្គមសំខាន់ៗផ្សេងទៀត ក៏ត្រូវបានលើកកម្ពស់ឱ្យប្រសើរឡើងផងដែរ។ វឌ្ឍនភាពទាំងអស់នេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាលើកិច្ចការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការចូលរួមចំណែកយ៉ាងសំខាន់ពីអង្គការ UNFPA និងស្ថាប័ននានានៃប្រព័ន្ធអង្គការសហប្រជាជាតិ ក៏ដូចជាដៃគូអភិវឌ្ឍ អង្គការជាតិនិងអន្តរជាតិ និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលជាកត្តាមិនអាចខ្វះបាន។

ពាក់ព័ន្ធនឹងការព្យាករណ៍កំណើនប្រជាជនកម្ពុជារហូតដល់ប្រមាណ ២២លាននាក់នៅឆ្នាំ២០៥០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានលើកទឹកចិត្តឱ្យក្រសួងផែនការ ត្រៀមខ្លួនរៀបចំយុទ្ធសាស្រ្ត និងគោលនយោបាយប្រជាសាស្ត្រនានា ដើម្បីឱ្យការព្យាករណ៍នេះក្លាយជាការពិត ឬ ឱ្យបានច្រើនលើសនេះបន្ថែមទៀត។ ក្នុងន័យនេះ កម្ពុជាត្រូវម្ខាងត្រៀមខ្លួនបង្ការហានិភ័យនានាពាក់ព័ន្ធនឹងកំណើនប្រជាជន និងម្ខាងទៀត ត្រៀមខ្លួនចាប់យកឱ្យបានជាអតិបរមានូវឱកាសភាគលាភប្រជាសាស្រ្ត។ ជាមួយគ្នានេះ ប្រជាជនគ្រប់រូបត្រូវមានឱកាសទទួលបានការអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, ការថែទាំសុខភាព និងអាហារូបត្ថម្ភដែលមានគុណភាព, ការបង្កើតការងារដែលមានតម្លៃបន្ថែមខ្ពស់, ការធានាសមភាពយេនឌ័រ, សមធម៌ និងយុត្តិធម៌ក្នុងសង្គម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ «មនុស្ស» ត្រូវបានកំណត់ជាអាទិភាពទី១ ដែលមនុស្សជាមធ្យោបាយផង និងជាគោលដៅនៃការអភិវឌ្ឍផង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បន្តថា ដើម្បីប្រែក្លាយកម្ពុជាទៅជាសង្គមស៊ីវិល័យ និងរីកចម្រើន ប្រជាជនកម្ពុជាត្រូវមានចំណេះដឹង ចំណេះធ្វើ និងជំនាញច្បាស់លាស់ ព្រមទាំងត្រូវប្រកាន់ខ្ជាប់នូវក្របខណ្ឌពលរដ្ឋល្អចំនួន ៣ រួមមាន សុជីវធម៌, សីលធម៌ និង គុណធម៌។ ជាមួយគ្នានេះ ប្រជាជនកម្ពុជាក៏ត្រូវមានសមត្ថភាពស្រូបយក និងប្រើប្រាស់បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេសជាតិផងដែរ ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍ និងចេញផុតពីអន្ទាក់នៃចំណូលមធ្យម (middle-income trap)។ ផ្អែកលើតម្រូវការទាំងឡាយខាងលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានបញ្ជាក់ថា ការសម្រេចចិត្តផ្នែកគោលនយោបាយកាន់តែចាំបាច់ត្រូវផ្សារភ្ជាប់ជាមួយនឹងការសិក្សានិងវិភាគ ដែលមានមូលដ្ឋានទិន្នន័យ (data-driven policy-making) និងភស្តុតាងច្បាស់លាស់ (evidence-based policy-making) ដើម្បីធានាភាពសមស្របទៅតាមទិសដៅនៃការអភិវឌ្ឍ សមស្របតាមស្ថានភាព និងតម្រូវការជាក់ស្តែង។

ទន្ទឹមនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្ដល់នូវអនុសាសន៍ចំនួន ៤ ដល់ក្រសួងផែនការផងដែររួមមាន៖ (១). ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្ត “គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០” ដោយមានការចូលរួម និងគាំទ្រពីក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ និងចាត់ទុកគោលនយោបាយជាតិនេះ ជាឯកសាររស់ ដែលត្រូវធ្វើបច្ចុប្បន្នភាព ស្របតាមស្ថានភាពសង្គម-សេដ្ឋកិច្ចជាក់ស្ដែង, (២). ត្រូវបន្តពង្រឹងសមត្ថភាពរបស់វិទ្យាស្ថានជាតិស្ថិតិ សាលាជាតិផែនការនិងស្ថិតិ និងអង្គភាពពាក់ព័ន្ធ ដើម្បីប្រមូល វិភាគ ចងក្រង និងចែករំលែកទិន្នន័យជំរឿន អង្កេត ស្ថិតិរដ្ឋបាល ប្រកបដោយគុណភាព ទៀងទាត់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសការផលិតទិន្នន័យញែកតាមតម្រូវការ ក្នុងការផ្តល់ជាព័ត៌មានលម្អិត និងជាក់លាក់ សំដៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងផង និងកសាងប្រព័ន្ធស្ថិតិជាតិឱ្យរឹងមាំផង និងមានតម្លៃ (៣). ត្រូវបន្តរៀបចំទិវាប្រជាជនពិភពលោកនេះឱ្យបានទៀងទាត់ ដោយសហការជាមួយនឹងដៃគូអភិវឌ្ឍពាក់ព័ន្ធ ជាពិសេសអង្គការ UNFPA ដើម្បីរួមគ្នាគិតគូរអំពីបម្រែ
បម្រួលប្រជាសាស្ត្រ, ដោះស្រាយបញ្ហាប្រជាសាស្រ្ត ព្រមទាំងបញ្ជ្រាបកត្តាប្រជាសាស្រ្តទៅក្នុងគ្រប់ផែនការអភិវឌ្ឍន៍ជាតិ ដោយផ្អែកលើភស្តុតាង សំដៅលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងកសាងសង្គម សេដ្ឋកិច្ច ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន និង (៤). ត្រូវគិតគូរលើយន្តការគាំទ្រប្រជាជនវ័យចាស់ផង និងយន្តការបញ្រ្ជាបប្រជាជនវ័យចាស់ ជាពិសេសនិវត្តជនដែលមានសមត្ថភាព និងជំនាញខ្ពស់ ដោយរួមទាំងបងប្អូនជនរួមជាតិខ្មែរវ័យចាស់ដែលរស់នៅបរទេស ក្នុងកិច្ចដំណើរការ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចផង ដោយបង្កើតជាលំហ និងប្រព័ន្ធអេកូឡូស៊ី (space and ecosystem) ឱ្យពួកគាត់អាចចូលរួមក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ចផង និងអាចចែករំលែកបទពិសោធផង៕










