អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុនសែលកាត ប្រកាសលទ្ធផលនៃត្រីមាសទី១ ឆ្នាំ ២០២៥ បង្ហាញពីកំណើនវិជ្ជមាន និងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ភាពជោគជ័យប្រកបដោយនិរន្តរភាព


ការពង្រឹងបណ្តាញ ធ្វើបច្ចុប្បន្នភាពប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានស្នូល ឲ្យបានប្រសើរឡើង និងបន្តផ្តល់ទំនុកចិត្តជូនអតិថិជន របស់ក្រុមហ៊ុន សែលកាត ឲ្យកាន់តែច្រើនថែមទៀត។
ក្រុមហ៊ុនសែលកាត ប្រកាសលទ្ធផលនៃត្រីមាសទី១ ឆ្នាំ ២០២៥ បង្ហាញពីកំណើនវិជ្ជមាន និងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ភាពជោគជ័យប្រកបដោយនិរន្តរភាព
ដោយ
អំពី Cellcard

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ដែលត្រូវបានស្គាល់ថាជាក្រុមហ៊ុន សែលកាត និងជាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ឌីជីថលដំបូងគេ និងតែមួយគត់របស់កម្ពុជាដែលកាន់កាប់ដោយកូនខ្មែរសុទ្ធសាធ នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៥ បានប្រកាសនូវលទ្ធផលហិរញ្ញវត្ថុសម្រាប់ត្រីមាសទី១ នៃឆ្នាំ២០២៥ របស់ខ្លួន ដោយបង្ហាញពីកំណើនវិជ្ជមាននៃចំនួនអតិថិជន កំណើននេះគឺជាលទ្ធផលផ្ទាល់ពីមូលដ្ឋានប្រតិបត្តិការដ៏រឹងមាំ ការកើនឡើងនូវទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងសន្ទុះនៃការផ្លាស់ប្តូរឌីជីថលជាបន្តបន្ទាប់របស់ សែលកាត។ ជាមួយគ្នានេះ គោលការណ៍គ្រឹះទាំងនេះបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ សែលកាត ក្នុងការផ្តល់នូវតម្លៃ និងកំណើនប្រកបដោយនិរន្តរភាពក្នុងរយៈពេលវែង។

ក្រុមហ៊ុនបានកត់ត្រានូវកំណើន ៣% នៃចំនួនអតិថិជន ហើយចំនួននេះលើសពីត្រីមាសទី ៤ និងត្រីមាសទី ១ នៃឆ្នាំមុន ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការកើនឡើងនូវទំនុកចិត្តរបស់អ្នកប្រើប្រាស់ចំពោះម៉ាកយីហោ និងសេវាកម្មរបស់ សែលកាត។ ដើម្បីគាំទ្រកំណើននេះ សែលកាត បានបន្តធ្វើការវិនិយោគយ៉ាងច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការពង្រីកបណ្តាញសេវាទូទាំងប្រទេស ការធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យាស្នូល និងការធ្វើឱ្យប្រសើរឡើងនូវវេទិកាទំនាក់ទំនងជាមួយអតិថិជន។ គំនិតផ្តួចផ្តើមទាំងនេះ ជាយុទ្ធសាស្ត្រស្នូលរបស់ សែលកាត ក្នុងការផ្តល់នូវសេវាកម្មដែលលឿនជាងមុន អាចទុកចិត្តបានជាងមុន និងធានាបាននូវកំណើនប្រកបដោយស្ថិរភាពយូរអង្វែងទៅអនាគត។

«នៅក្នុងឆ្នាំ២០២៥ នេះ យើងនៅតែបន្តផ្តោតសំខាន់លើការផ្តល់នូវតម្លៃពិតប្រាកដជូនដល់អតិថិជន ការពន្លឿននូវការច្នៃ ប្រឌិត និងការពង្រឹងគ្រប់ស្រទាប់នៃប្រតិបត្តិការ» នេះជាប្រសាសន៍របស់ លោក Simon Perkins អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ក្នុងវិស័យបច្ចេកវិទ្យា ទំនាក់ទំនង ឌីជីថល នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ «លទ្ធផលត្រីមាសទី ១នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សែលកាត ក្នុងការកសាងគំរូអាជីវកម្មប្រកបដោយចីរភាពនាពេលអនាគត ខណៈពេលដែលបន្តដើរតួជាកាតាលីករសម្រាប់ការរីកចម្រើនឌីជីថលរបស់កម្ពុជាផងដែរ»។

ដើម្បីពង្រឹងសន្តិសុខ និងដំណើរការរយៈពេលវែងសម្រាប់អតិថិជន សែលកាត បានរឹតបន្តឹងនូវប្រព័ន្ធការពារ (firewall protocols) និងបានធ្វើឱ្យប្រសើរឡើងទៅការតភ្ជាប់សកលដោយផ្ទាល់ ដែលបណ្តាលឱ្យមានការធ្លាក់ចុះបណ្តោះអាសន្ននៃប្រាក់ចំណូលពីសេវាផ្ញើសារ A2P (Application-to-Person)។ ជំហាននេះធ្វើឱ្យសែលកាតបានក្លាយទៅជាដៃគូដ៏ទុកចិត្តសម្រាប់ក្រុមហ៊ុនសកលដូចជា Google និង Meta ដែលជាការបន្តពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងផ្នែកសុវត្ថិភាពអតិថិជន និងឧត្តមភាពនៃសេវាឌីជីថល ដើម្បីភាពរីកចម្រើនផ្នែកឌីជីថលរបស់កម្ពុជា។

បន្ថែមលើសពីនេះ តួលេខប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំបានរងផលប៉ះពាល់ដោយសារការកែសម្រួលរបាយការណ៍ហិរញ្ញវត្ថុតែម្តងគត់ក្នុងឆ្នាំ២០២៤ ដែលរួមបញ្ចូលទាំងការទទួលស្គាល់កាតព្វកិច្ចដែលបានដោះស្រាយរួច និងការទូទាត់ផ្អែកលើគុណសម្បត្តិ ដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិយ៉ាងពេញលេញ។ ការកែសម្រួលទាំងនេះបានបង្កើតមូលដ្ឋានហិរញ្ញវត្ថុច្បាស់លាស់ និងមានតម្លាភាពសម្រាប់ការរីកចម្រើននាពេលអនាគត។ ជាមួយនឹងគ្រឹះដ៏រឹងមាំនេះ សែលកាត រំពឹងថានឹងមានការប្រសើរឡើងវិញនៅត្រីមាសទី២ និងបន្តទៅមុខទៀត។

ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ ២០២៥ របស់ក្រុមហ៊ុនរួមមានការពង្រីកបណ្តាញសេវាថ្មីចំនួន ៥០០ ទីតាំង ការបន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យាស្នូល និងការធ្វើឌីជីថលូបនីយកម្មនៃការធ្វើប្រតិបត្តិការ— ទាំងអស់នេះមានគោលបំណងលើកកម្ពស់បទពិសោធន៍របស់អតិថិជន កែលម្អប្រសិទ្ធភាពប្រតិបត្តិការ និងការធ្វើពិពិធកម្មលំហូរប្រាក់ចំណូល។

កាលពីខែកុម្ភៈ ក្រុមហ៊ុន សែលកាត បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត "អតិថិជនជាចម្បង" របស់ខ្លួន តាមរយៈការសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបទពិសោធន៍អតិថិជនដែលបានរៀបចំឡើងវិញថ្មី នៅទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងរាជធានីភ្នំពេញ — ដែលត្រូវបានរចនាឡើងជាមជ្ឈមណ្ឌលគំរូសម្រាប់ការគាំទ្រពហុឆានែល និងបរិយាកាសសេវាកម្មឌីជីថលជា ចម្បង។

ពេញមួយត្រីមាសទី១នេះ សែលកាតបានពង្រឹងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយបានចូលរួមជាសកម្មក្នុងកិច្ចប្រជុំកំពូលស្តីពីបច្ចេកវិទ្យាអប់រំឆ្នាំ២០២៥ ជាលើកដំបូង និងជាដៃគូយុទ្ធសាស្ត្រផ្នែកព័ត៌មានវិទ្យា និងគមនាគមន៍ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ដែលបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអភិវឌ្ឍន៍ឌីជីថល និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

នៅក្នុងចលនាដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មកីឡាអេឡិចត្រូនិកនៅកម្ពុជា ក្រុមហ៊ុន សែលកាត បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលបីឆ្នាំជាមួយ ក្រុមហ៊ុន MOONTON Games ដែលមានសិទ្ទិផ្តាច់មុខក្នងការផ្សព្ធផ្សាយហ្គេម Mobile Legends: Bang Bang (MLBB)។ បណ្តាញរបស់ក្រុមហ៊ុនសែលកាត អាចផ្តល់ជូននូវបទពិសោធន៍ក្នុងការលេងហ្គេមដែលល្អបំផុតសម្រាប់ការប្រកួតប្រជែងហ្គេម មានល្បឿនលឿន និង ultra low latency។ ភាពជាដៃគូនេះផ្តល់ឱកាសដល់អ្នកលេងហ្គេមនៅកម្ពុជាក្នុងការហ្វឹកហាត់ និងអាចចូលរូមប្រកួតបាននៅលើឆាកអន្តរជាតិ។

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ មក ក្រុមហ៊ុន ខេម ជ្ជីអេសអេម បានបោះទុនវិនិយោគជាង ៥,២ ប៊ីលានដុល្លារអាមេរិក ទៅក្នុងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យានៅកម្ពុជា ដែលរួមបញ្ចូលទាំងការចំណាយមូលធនចំនួន ៩៨០ លានដុល្លារអាមេរិក និងការរួមចំណែកផ្នែកនិយតកម្មចំនួន ៦៦០ លានដុល្លារអាមេរិក។ សម្រាប់ពេលអនាគត សែលកាត នឹងបន្តពង្រីកសមត្ថភាពឌីជីថលរបស់ខ្លួន ស្វែងរកឱកាសកំណើនយុទ្ធសាស្ត្រថ្មីៗ និងជំរុញគំនិតផ្តួចផ្តើមនិរន្តរភាពដែលស្របតាមអាទិភាពជាតិ និងតំបន់។

លោក Perkins បានបន្ថែមថា “យើងមានទំនុកចិត្តលើយុទ្ធសាស្ត្ររបស់យើង ក្រុមការងាររបស់យើង និងភាពរឹងមាំនៃម៉ាកយីហោរបស់យើង”។ “សូចនាករសំខាន់ៗបង្ហាញយ៉ាងច្បាស់ថា — យើងកំពុងឈានចូលត្រីមាសទី២ ជាមួយនឹងសន្ទុះដ៏ខ្លាំងក្លា និងគ្រឹះដ៏រឹងមាំមួយដើម្បីផ្តល់នូវតម្លៃរយៈពេលវែងសម្រាប់ម្ចាស់ភាគហ៊ុន អតិថិជន និងប្រទេសជាតិ”។




អត្ថបទបន្ទាប់


តើសុខភាពសេដ្ឋកិច្ចកម្ពុជាមានស្ថានភាពបែបណា ស្របពេលសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា?

ភាពច្របូកច្របល់នៃសណ្ដាប់ពិភពលោកកំពុងធ្វើឱ្យសេដ្ឋកិច្ចរបស់បណ្ដាប្រទេសនានាមានការប្រែប្រួល ខណៈការធ្វើពាណិជ្ជកម្មក៏ពុំទាន់មានភាពប្រាកដប្រជាដែរ។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ