ធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលឡាវ

ធនាគារកណ្ដាលកម្ពុជា និងឡាវ ចាប់ដៃគ្នាជំរុញការទូទាត់ឆ្លងព្រំដែន


ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឡាវ នៅថ្ងៃទី ២១ ខែវិច្ឆិកា បានចុះអនុសារណយោគយល់គ្នាស្តីពី«កិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់» ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យធនាគារ និងសម្រួលដល់ការផ្ទេរប្រាក់ និងទូទាត់ឆ្លងព្រំដែននៃប្រទេសទាំងពីរ ដែលមានការកើនឡើងជាលំដាប់។
ធនាគារកណ្ដាលកម្ពុជា និងឡាវ ចាប់ដៃគ្នាជំរុញការទូទាត់ឆ្លងព្រំដែន

ការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុរវាងប្រទេសទាំងពីរនេះ ធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគីរវាងថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាជាមួយធនាគារកណ្តាលឡាវនៅរាជធានីភ្នំពេញ ហើយកិច្ចប្រជុំទ្វេភាគីនេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងនៃស្ថាប័នទាំងពីរ សំដៅជួយអភិវឌ្ឍន៍វិស័យធនាគារនៃប្រទេសទាំងពីរ។

ដើម្បីជួយជំរុញការអភិវឌ្ឍន៍វិស័យធនាគាររវាងប្រទេសកម្ពុជាជាមួយប្រទេសឡាវ និងជួយសម្រួលដល់ការផ្ទេរប្រាក់ និងទូទាត់ប្រាក់ឆ្លងដែនរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ និងមានភាពងាយស្រួល ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឡាវបានចុះហត្ថលេខារួមគ្នាលើអនុសារណនៃការយោគយល់គ្នា ស្តីពី«កិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ និងប្រព័ន្ធទូទាត់សងប្រាក់»កាលពីថ្ងៃទី២១ វិច្ឆិកា ក្រោមអធិបតីភាពរបស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Bounleua Sinaxayvoravong ទេសាភិបាលធនាគារកណ្តាលឡាវ។

ក្រៅពីអភិវឌ្ឍន៍វិស័យធនាគារ ការចុះ MoU នេះ ក៏ផ្នែកមួយក្នុងការជួយជំរុញការធ្វើពាណិជ្ចកម្ម វិនិយោគ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរផងដែរ។

បើតាមការគូសបញ្ជាក់របស់ធនាគារនៃកម្ពុជា កិច្ចសហប្រតិបត្តិការនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនៃប្រទេសទាំងពីរ ជាពិសេសសម្រាប់ធុរជន វិនិយោគិន និងពលករ ដើម្បីទទួលបានសេវាហិរញ្ញវត្ថុផ្លូវការមួយ ដែលមានភាពងាយស្រួល ឆាប់រហ័ស តម្លៃសមរម្យ និងសុវត្ថិភាព ដែលជាកត្តាជួយជំរុញសកម្មភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

លើសពីនេះ វាក៏ជួយសម្រួល និងជំរុញកំណើនសកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។ ជុំវិញសេវាទូទាត់ឆ្លងដែននេះដែរ ធនាគារអេស៊ីលីដា ដែលជាធនាគារឈានមុខគេមួយនៅកម្ពុជា ក្នុងការផ្ដល់សេវាទូទាត់ឆ្លងដែននេះ បាននិងកំពុងអនុវត្តយ៉ាងជោគជ័យ សម្រាប់ការទូទាត់ឆ្លងដែនតាមរយៈការស្កែន QR Code នៅក្នុងប្រទេសថៃ តាមរយៈការប្រើប្រាស់អេស៊ីលីដាម៉ូបាល។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី ធ្លាប់បានអះអាងថា ជាមួយនឹងការត្រៀមខ្លួនរួចជាស្រេចនូវបច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារជាតិ នៃ កម្ពុជា បានជ្រើសរើសយក ធនាគារ អេស៊ីលីដា ជាធនាគារទំនាក់ទំនងសម្រាប់ការទូទាត់ប្រាក់រៀលឆ្លងដែនតាម ឃ្យូអរកូត (QR Code) ជាមួយនឹងប្រទេស ឡាវ និងវៀតណាម ក្នុងគោលដៅលើកកម្ពស់ការទូទាត់ប្រាក់រៀលឲ្យកាន់តែទូលំទូលាយក្នុងតំបន់អាស៊ាន និងដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុអាស៊ាន ស្របតាមទិសដៅសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។

លោកបណ្ឌិត អ៊ិន ចាន់នី បើតាមគម្រោង ដំណើរការការទូទាត់ប្រាក់រៀលឆ្លងដែនជាមួយប្រទេសវៀតណាម និងឡាវ តាមរយៈការប្រើប្រាស់ឃ្យូអរកូត (QR Code) នេះ ដែលគ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២២នេះ។

សូមបញ្ជាក់ដែរថា បច្ចុប្បន្ន ការទូទាត់ឆ្លងដែននេះ កំពុងត្រូវបានជំរុញកាន់តែខ្លាំងនៅក្នុងចំណោមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ជាក់ស្ដែង នាពេលថ្មីៗនេះ ប្រទេសអាស៊ានចំនួន៥ រួមមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ ហ្វីលីពីន និងសិង្ហបុរី ក៏បានចុះអនុស្សារណៈយោគយល់គ្នា សម្រាប់ការទូទាត់ឆ្លងដែនក្នុងកម្រិតតំបន់ផងដែរ ដោយការទូទាត់ឆ្លងដែននេះ នឹងអនុញ្ញាតឲ្យធ្វើការទូទាត់ជាមួយរូបិយបណ្ណក្នុងស្រុករបស់ប្រទេសនីមួយនៅក្នុងប្រទេសជាដៃគូ ដោយមិនចាំបាច់ធ្វើការប្ដូរប្រាក់ទៅជាប្រាក់ដុល្លារអាមេរិកនោះឡើយ ហើយវាមានភាពងាយស្រួល និងសុវត្ថិភាពថែមទៀតផង៕




អត្ថបទបន្ទាប់


ថវិកាប្រមូលទិញស្រូវកើនដល់ជាង ១០០លានដុល្លារ ក្រោយរដ្ឋទម្លាក់បន្ថែម១០លានដុល្លារទៀត

ដើម្បីជំរុញការប្រមូលទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ថវិកាបន្ថែមចំនួន ១០លានដុល្លារ ល…

កម្ពុជានាំចេញទៅកូរ៉េខាងត្បូងជិត ១៩០ លានដុល្លារ កើនឡើងជាង២០% នៅ១០ខែឆ្នាំនេះ

ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូង នៅរយៈពេល១០ខែ ឆ្នាំ២០២២នេះ មានទំហំទឹកប្រាក់ប្រមាណជិត ៦៦០លានដុល្លារអាមេរិក មានការកើនឡើងជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ