នាកិច្ចប្រជុំរបស់ធនាគារកណ្តាលថៃ កាលពីថ្ងៃទី២០ ខែកញ្ញា ទេសាភិបាលធនាគារកណ្ដាលថៃ លោក សេថាពុត ស៊ូធីវ៉ាត់ណារូពុត (Sethaput Suthiwartnarueput) បានលើកឡើងថា ជាធម្មតាការសម្រេចចិត្តរបស់គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុផ្អែកលើកត្តាក្នុងស្រុកសំខាន់ៗចំនួន៣រួមមានកត្តាកំណើនសេដ្ឋកិច្ច កត្តាអតិផរណា និងកត្តាស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុ។
ទោះជាយ៉ាងណា ការរឹតបន្តឹងឥណទាននៅក្នុងប្រព័ន្ធហិរញ្ញវត្ថុទាំងមូលរបស់ថៃ បានកើនឡើងយ៉ាងឆាប់រហ័សលើសពីការរំពឹងទុក ដែលភាគច្រើនដោយសារការកើនឡើងនូវហានិភ័យឥណទានដែលបណ្ដាលមកពីការធ្លាក់ចុះគុណភាពទ្រព្យសកម្ម។
លោក សេថាពុត ស៊ូធីវ៉ាត់ណារូពុត (Sethaput Suthiwartnarueput) បានលើកឡើងទាក់ទិននឹងការបញ្ចុះអត្រាការប្រាក់០,៥០% របស់ធនាគារកណ្ដាលអាម៉េរិកថា វាជាអ្វីដែលទីផ្សារបានរំពឹងទុក។ លោកបានកត់សម្គាល់ថា សេដ្ឋកិច្ចថៃ នឹងមិនរងផលប៉ះពាល់ខ្លាំងទេ បើទោះបីជាលុយបាតថៃ បានហក់ឡើងថ្លៃ ខណៈប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ថ្លៃក៏ដោយ។ លោកបានអះអាងថា ថ្វីដ្បិតលុយបាតថៃ មានការប្រែប្រួលច្រើន ធៀបនឹងប្រាក់ដុល្លារអាម៉េរិក ប៉ុន្តែការប្រែប្រួលតម្លៃរបស់វាស្របគ្នាជាមួយនឹងរូបិយប័ណ្ណនានា នៅក្នុងតំបន់។
ភាពប្រែប្រួលនៃលុយបាតថៃ ស្ថិតក្នុងរង្វង់៧,៥% ខណៈដែលភាពប្រែប្រួលនៃលុយវ៉ុនកូរ៉េ ស្ថិតក្នុងរង្វង់៧,២%។ នៅឆ្នាំ២០២៤នេះ លុយបាតថៃ បានហក់ឡើងថ្លៃ២,៤% បើធៀបនឹងដុល្លារអាម៉េរិក ពោលគឺទាបជាងឆ្ងាយបើធៀបនឹងលុយរីងហ្គីតម៉ាឡេស៊ី ដែលបានហក់ឡើង៨%។
បើតាមការគូសបញ្ជាក់របស់ប្រធានធនាគារកណ្តាលរូបនេះ លុយបាតថៃ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងតម្លៃមាសជាងរូបិយប័ណ្ណផ្សេងៗទៀត។ ខណៈដែលតម្លៃមាសពិភពលោកឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន លុយបាតថៃ កាន់តែមានការប្រែប្រួលខ្ពស់ទៅតាមនោះដែរ។
ធនាគារកណ្តាលថៃ កំពុងឃ្លាំមើលការប្រែប្រួលនេះយ៉ាងយកចិត្តទុកដាក់ ហើយត្រៀមខ្លួនជាស្រេច ដើម្បីធ្វើអន្តរាគមន៍ ប្រសិនបើក្នុងករណីចាំបាច់ ប៉ុន្តែជាទូទៅធនាគារកណ្ដាលថៃ មិនព្រួយបារម្ភខ្លាំងនោះទេ ដោយសារការប្រែប្រួលទាំងនេះត្រូវបានជំរុញដោយការធ្លាក់ថ្លៃនៃប្រាក់ដុល្លារអាម៉េរិក៕
ដោយ: តែម សុខុម