រដ្ឋាភិបាលចិន ចង់ឱ្យកម្មវិធីបណ្ដាញសង្គមផ្ដោតលើវីដេអូឃ្លីបខ្លីៗឈានមុខគេ TikTok បន្តកាន់កាប់ដោយក្រុមហ៊ុនចិន Byte Dance ដែលជាក្រុមហ៊ុនមេរបស់ TikTik ហើយប្ដេជ្ញាតតាំងក្ដីឡើងតុលាការកំពូលនៅសហរដ្ឋអាម៉េរិក ដើម្បីជំទាស់នឹងបម្រាមរបស់រដ្ឋាភិបាលអាម៉េរិក ដែលតម្រូវឱ្យខ្លួនលក់ប្រតិបត្តិការអាជីវកម្ម TikTok ទាំងមូលឱ្យទៅពលរដ្ឋអាម៉េរិក ជាអ្នកគ្រប់គ្រង បើមិនដូច្នោះទេនឹងត្រូវប្រឈមការបិទដំណើរការទាំងស្រុងតែម្ដង។
ទោះជាយ៉ាងណា តុលាការកំពូលរបស់សហរដ្ឋអាម៉េរិក បានឱ្យតម្រុយអំឡុងសវនាការទាញទឡ្ហីករណ៍កាលពីថ្ងៃទី១០ ខែមករា ថា ខ្លួនទំនងជានឹងតម្កល់ទុកជាបានការដដែលសម្រាប់បម្រាមលើក្រុមហ៊ុន TikTok។
ហើយដោយសារតែបែបនេះ ទើបរដ្ឋាភិបាលចិន កំពុងស្វះស្វែងធ្វើផែនការប្រុងជើងការជាក់លាក់មួយចំនួន ដោយរួមទាំងផែនការពិចារណាលទ្ធភាពលក់ប្រតិបត្តិការអាជីវកម្ម TikTok ទាំងមូលនៅសហរដ្ឋអាម៉េរិក ឱ្យទៅកំពូលមហាសេដ្ឋី Elon Musk ក្រោមរដ្ឋបាលដឹកនាំរបស់ប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ ដែលនឹងវិលត្រលប់ចូលកាន់តំណែងនៅសេតវិមានជាផ្លូវការនៅថ្ងៃទី២០ ខែមករា ដ៏ខ្លីខាងមុខនេះ។
អ្នកជំនាញមើលឃើញថា ការពិចារណាលទ្ធភាពលក់ប្រតិបត្តិការអាជីវកម្ម TikTok ទាំងមូលនៅសហរដ្ឋអាម៉េរិក ឱ្យទៅកំពូលមហាសេដ្ឋី Elon Musk ប្រហែលជាដោយសារកំពូលមហាសេដ្ឋីរូបនេះមានរោងចក្រផលិតរថយន្ត Tesla ដ៏ល្បីល្បាញនៅប្រទេសចិន និងហេតុផលសំខាន់មួយទៀតអាចដោយសារតែលោកត្រូវបានប្រធានាធិបតីទើបជាប់ឆ្នោត ដូណាល់ ត្រាំ ជ្រើសរើសឱ្យដឹងនាំអង្គភាពជំរុញប្រសិទ្ធភាពការងាររដ្ឋាភិបាល ជាអង្គភាពថ្មីមួយដែលលោក ដូណាល់ ត្រាំ និយាយថា នឹងដំណើរការដោយឯករាជ្យមិនស្ថិតក្រោមចំណុះរបស់រដ្ឋាភិបាល៕
ដោយ: តែម សុខុម