វិស័យធានារ៉ាប់រងកម្ពុជា

តើវេទិកានិយ័តករ និងអគ្គនាយកធានារ៉ាប់រង រួមចំណែកសំខាន់អ្វីខ្លះ ដល់ការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា?


និយ័តករធានារ៉ាប់រងកម្ពុជា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានរៀបចំ «វេទិការរវាងនិយ័តករ និងអគ្គនាយកធានារ៉ាប់រង» ជាលើកដំបូង ដោយមានការចូលរួមពីសមាគមធានារ៉ាប់រងកម្ពុជា សមាគមជើងសាធានារ៉ាប់រងកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធ អគ្គនាយក/អគ្គនាយិកា និងតំណាងគ្រឹះស្ថានធានារ៉ាប់រងជាច្រើនរូបផងដែរ។
តើវេទិកានិយ័តករ និងអគ្គនាយកធានារ៉ាប់រង រួមចំណែកសំខាន់អ្វីខ្លះ ដល់ការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា?
ដោយ

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក​និយ័តករ​ធានារ៉ាប់រង​កម្ពុជា បានចាត់ទុក វេទិកា​រវាងនិយ័តករ និងអគ្គនាយក​ធានារ៉ាប់រង ដែលរៀបចំឡើងជាលើកដំបូង​នៅក្នុងខេត្តសៀមរាបនេះ គឺជា​វិធីសាស្ត្រដ៏ល្អបំផុតមួយ សម្រាប់ឲ្យ​វិស័យរដ្ឋ និងឯកជនអាចបង្កើនកិច្ចសហការរវាងគ្នា​កាន់តែជិតស្និទ្ធ ជាពិសេស វិស័យឯកជន​មានឱកាសបង្ហាញ​ពីបញ្ហាប្រឈមនានា និងពិភាក្សាស្វែង​រក​ដំណោះស្រាយរួមគ្នា​ ដើម្បីជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រង​កម្ពុជាឲ្យ​កាន់តែរីកចម្រើន។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ បន្ថែមថា បច្ចុប្បន្ន នៅកម្ពុជា​មានក្រុមហ៊ុនធានារ៉ាប់រងសរុបចំនួន ៤១ក្រុមហ៊ុន ក្នុងនោះ​ ក្រុមហ៊ុន​ធានារ៉ាប់រងទូទៅមានចំនួន​១៨, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត១៤, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចមាន៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្ដចំនួន១។ ប៉ុន្ដែ បើធៀបនឹងប្រទេសនៅក្នុងតំបន់ អត្រាភាគទានធានារ៉ាប់រង​ក្នុងសេដ្ឋកិច្ច​របស់កម្ពុជា​​ហាក់នៅមានកម្រិតទាបនៅឡើយ ពោលគឺមានតែ ១.១៤% ខណៈ​ដង់ស៊ីតេធានារ៉ាប់រ​ង​របស់កម្ពុជាវិញ គឺមានត្រឹមតែជាង ២០ដុល្លារ សម្រាប់មនុស្សម្នាក់ប៉ុណ្ណោះក្នុងឆ្នាំ២០២៣។ តាមសូចនាករនេះ ឯកឧត្តមបានគូសបញ្ជាក់ថា ទីផ្សារធានារ៉ាប់រងកម្ពុជា នៅមានសក្តានុពលធំធេង​សម្រាប់ការអភិវឌ្ឍ​នាពេលអនាគត ប៉ុន្តែក៏មានប្រឈមនឹង​កត្តាមួយចំនួនដូចជា កង្វះសមត្ថភាពជំនាញធានារ៉ាប់រង និងកង្វះការយល់ដឹង​​​របស់សាធារណជនអំពីការធានារ៉ាប់រងជាដើម។

ទាក់ទងនឹង​វេទិកានិយ័តករ និងអគ្គនាយកធានារ៉ាប់រងនេះដែរ លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគម​ធានារ៉ាប់រង​កម្ពុជា បានលើកឡើងថា កន្លងមកសមាគមធានារ៉ាប់រង​ ក៏បានប្រមូលយករាល់បញ្ហា​ពីសមាជិក​របស់ខ្លួន ដើម្បី​ដាក់ជូន​ទៅកាន់និយ័តករធានារ៉ាប់រង​ដើម្បីពិនិត្យ និងដោះស្រាយជូនជាហូរហែរដែរ គ្រាន់តែ​មិនបាន​ជួបទល់មុខផ្លាស់ប្ដូរយោបល់គ្នា​​។ ដូច្នេះ លោកជឿជាក់ថា វេទិកានិយ័តករ និងអគ្គនាយកធានារ៉ាប់រង ដែលអនុញ្ញាតឲ្យ​មានការជួបពិភាក្សាផ្ទាល់ ទល់មុខ​ជាមួយនឹងនិយ័តករធានារ៉ាប់រងកម្ពុជានេះ គឺជាឱកាសដ៏ល្អ សម្រាប់ពង្រឹង និងពង្រីកកិច្ច​សហប្រតិបត្តិ​ការ​រវាងវិស័យរដ្ឋ និងឯកជនកាន់តែល្អប្រសើរ ដើម្បីដោះស្រាយបញ្ហា​ប្រឈម​នានានៅក្នុងវិស័យធានារ៉ាប់រង។

សូមបញ្ជាក់ថា ក្រោយពីបានប្រជុំពិភាក្សា​ជាច្រើនម៉ោង វេទិកា​រវាងនិយ័តករ និងអគ្គនាយកធានារ៉ាប់រងបាន​ដោះស្រាយ និងឯកភាពលើបញ្ហាធំៗចំនួន៣ រួមមាន៖ ឯកភាពជំរុញការអនុវត្តបទប្បញ្ញត្តិជាធរមានចំពោះ​ឯកសារ និងលក្ខខណ្ឌតម្រូវ។ ឯកភាពផ្តល់រយៈពេលគ្រប់គ្រាន់ដល់គ្រឹះស្ថានធានារ៉ាប់រងក្នុងការពិនិត្យ និងផ្តល់ធាតុចូល​សម្រាប់កិច្ច​ពិគ្រោះយោបល់អំពីការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ និងចុងក្រោយ គឺឯកភាពផ្តល់​ការអនុញ្ញាតជាក់ស្តែងតាមករណីផលិតផលនីមួយៗ លើកលែងតែផលិតផល​ដែលមានការពាក់ព័ន្ធ។

ក្រោយបញ្ចប់វេទិកានេះ នៅល្ងាចថ្ងៃដដែលនោះ ក៏មានការរៀបចំនូវពិធី លៀងសាយភោជនរបស់​វិស័យធានារ៉ាប់រង​ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលជាការរៀប​ចំឡើងដោយ​សមាគម​ធានារ៉ាប់រង​កម្ពុជាផងដែរ។ នាឱកាសនោះ ក៏មានការរៀបចំកិច្ចពិភាក្សាពិសេស​រយៈពេល ៤៥ នាទី ពាក់ព័ន្ធនឹង​ប្រធានបទ «តួនាទី​របស់​ឧស្សាហកម្មធានារ៉ាប់រង​នៅក្នុងការប្រណាំងប្រជែង​ក្នុងកិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)​»។ កិច្ចពិភាក្សានេះ មានការចូលរួម​ពីវាគ្មិនសំខាន់ៗចំនួន៤រូប រួមមាន៖ បណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករង​ និយ័តករ​ធានារ៉ាប់រងកម្ពុជា, លោក ចាន់ រដ្ឋា អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Manulife Cambodia, លោក Mandar Hastekar នាយកប្រតិបត្តិបណ្ដោះអាសន្ន​ក្រុមហ៊ុន Prudential Cambodia, និងលោក យក់ ចំរើនឫទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនធានារ៉ាប់រង Forte Cambodia ។

វាគ្មិន​ទាំង៤ រូប​បានលើកឡើងពីការចូលរួមមានយ៉ាងសកម្ម​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​នៅកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីចូលរួម​ចំណែក​ការពារ​បរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ វាគ្មិន​បាន​បង្ហាញចំណុច​រួមគ្នាថា ការអនុវត្តការការពារ បរិស្ថាន សង្គម និងអភិបាលកិច្ច ឬ ESG គឺជារឿងសំខាន់ណាស់ ហើយវាផ្ដើមចេញពីខ្លួនយើងម្នាក់ៗ ហើយត្រូវធ្វើវាចាប់ពីពេលនេះតទៅ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន​ ​ទៅលើភពផែនដី​ឲ្យបាន​នៅកម្រិតទាបបំផុតតាមដែលអាចធ្វើទៅបាន៕ ​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុមានការប្រែប្រួលយ៉ាងណានៅត្រីមាសទី១ ឆ្នាំ២០២៤នេះ?

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា កត់សម្គាល់ឃើញថា នៅត្រីមាសទី១ដើមឆ្នាំ២០២៤នេះ វិស័យធនាគារ និងហិរញ្ញរបស់កម្ពុជា នៅតែអាច…

រាជរដ្ឋាភិបាលឱ្យក្រុមហ៊ុន SCA ធ្វើជាប្រតិបត្តិករព្រលានយន្តហោះអន្តរជាតិតេជោ ដែលបច្ចុប្បន្នសម្រេចការសាងសង់បានជិត៧០%

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនបារាំង សូស៊ីយេតេ កុងសេស្យូនែរ ដឺ ឡាអេរ៉ូព័រ (SCA) ដែលកំពុងគ្រប់គ្រងប្រតិបត្តិការនៅអាកាសយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ