ការអភិវឌ្ឍឧស្សាហកម្ម

ចិនប្ដេជ្ញាអនុវត្តចំពោះក្រុមហ៊ុនបរទេសឱ្យដូចក្រុមហ៊ុនក្នុងស្រុក ចំពេលមានការជំរុញបង្កើនការអភិវឌ្ឍឧស្សាហកម្ម


ប្រទេសចិនបានសន្យាកាលពីថ្ងៃចន្ទ ថា ខ្លួននឹងអនុគោលនយោបាយចំពោះក្រុមហ៊ុនបរទេសឱ្យដូចនឹងក្រុមហ៊ុនក្នុងស្រុក ក្នុងបំណងទាក់ទាញវិនិយោគិនបរទេស កិច្ចសហប្រតិបត្តិការ និងជំនាញបន្ថែមទៀត ស្របពេលប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីមួយនេះ បានព្យាយាមកែលម្អ និងពង្រឹងខ្សែច្រវាក់ឧស្សាហកម្មរបស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ការអភិវឌ្ឍឧស្សាហកម្ម
ដោយ

លោកស្រី ហ្គូ ទីងទីង (Guo Tingting) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅវេទិកាអភិវឌ្ឍន៍ចិននាទីក្រុងប៉េកាំងថា ប្រទេសចិននឹងធានាយ៉ាងពេញលេញនូវការប្រព្រឹត្តថ្នាក់ជាតិចំពោះក្រុមហ៊ុនបរទេស ដើម្បីឱ្យពួកគេអាចបណ្តាក់ទុននៅក្នុងប្រទេសចិនកាន់តែច្រើនឡើងប្រកបដោយទំនុកចិត្ត និងសន្តិភាពផ្លូវចិត្ត។

ទោះយ៉ាងណា លោកស្រី ហ្គូ មិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែលប្រទេសចិននឹងធានា «ការប្រព្រឹត្តថ្នាក់ជាតិ» ឬក៏ការប្រព្រឹត្តស្មើភាពគ្នារវាងអ្នកស្រុក និងជនបរទេសតាមគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នោះទេ។

ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនបស្ចិមលោកបានត្អូញត្អែរពីភាពមិនស្នើភាពគ្នានៃការចូលទៅកាន់ទីផ្សារចិន ដែលជាទីផ្សារប្រើប្រាស់ដ៏ធំបំផុតមួយក្នុងពិភពលោក ហើយក៏ជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើម និងសមាសធាតុជាសកលផងដែរ។ រដ្ឋាភិបាលបស្ចិមលោកបានសម្តែងការព្រួយបារម្ភពី«ការបង្ខិតបង្ខំសេដ្ឋកិច្ច» ដូច្នេះហើយពួកគេបានពិចារណា«កាត់បន្ថយហានិភ័យ»ខ្សែច្រវាក់ផ្គត់ផ្គង់ និងប្រតិបត្តិការចេញពីប្រទេសចិន។

ជាការឆ្លើយតបនឹងបញ្ហានេះ ប្រទេសចិនបានបង្កើនការខិតខំ ដើម្បីដោះស្រាយកង្វល់របស់អ្នកវិនិយោគបរទេសដោយបានសន្យាថា នឹងការពារសិទ្ធិរបស់ក្រុមហ៊ុនបរទេស និងពង្រីកការចូលទៅកាន់ទីផ្សារខ្លួនបន្ថែមទៀត។ លោកស្រី ហ្គូ បាននិយាយថា ប្រទេសចិននឹងបន្តបើកចំហវិស័យឧស្សាហកម្ម និងហិរញ្ញវត្ថុដ៏ទំនើបៗមួយចំនួន និងបង្កើតឱកាសទីផ្សារបន្ថែមទៀត ហើយនឹងការពារយ៉ាងរឹងមាំនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីជាមួយនឹងអង្គការ WTO ផងដែរ។

នាយករដ្ឋមន្ត្រីចិនលោក លី ឈាង កាលពីថ្ងៃអាទិត្យ កន្លងមកនេះ បាននិយាយថា ប្រទេសចិននឹងបន្តការខិតខំរបស់ខ្លួន ដើម្បីកសាងបរិយាកាសធុរកិច្ច និងស្វាគមន៍សហគ្រាសមកពីជុំវិញពិភពលោកដែលបានទៅបណ្តាក់ទុននៅក្នុងប្រទេសចិន៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃបន្តពន្យារពេលអនុវត្តផែនការចែកប្រាក់ជូនពលរដ្ឋតាម កាបូបលុយឌីជីថលបន្តទៀត

ព័ត៌មាន
ផែនការជំរុញការចែកសាច់ប្រាក់តម្លៃ១៤ ពាន់លានដុល្លាររបស់រដ្ឋាភិបាលថៃទៅដល់ពលរដ្ឋរបស់ខ្លួន តាមកម្មវិធីកាបូបលុយឌីជីថលដើម្បីជំរុញសេដ្ឋកិច្ចថៃ…

ក្រុមហ៊ុនយក្សរបស់អាមេរិកចំនួន៣ ប្រឈមនឹងការស៊ើបអង្កេតរបស់ EU ជុំវិញការបំពានច្បាប់ស្ដីពីទីផ្សារឌីជីថល

ព័ត៌មាន
ក្រុមនិយ័តករប្រឆាំងសេចក្ដីទុកចិត្តរបស់សហភាពអឺរ៉ុបនឹងស៊ើបអង្កេតលើក្រុមហ៊ុនក្រុមហ៊ុនអាមេរិកធំៗ៣រួមមានក្រុមហ៊ុន Apple Google និង Meta ក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ