វិស័យឧស្សាហកម្មរថយន្តនៅក្នុងប្រទេសចិន កំពុងបោះជំហានឈានទៅរករបត់ថ្មី ជាមួយនឹងសមត្ថភាពផលិតរថយន្តបានរហូតដល់ទៅ៤០លានគ្រឿង នៅក្នុង១ឆ្នាំ ហើយមកទល់ពេលនេះគ្រាន់តែរថយន្តអគ្គិសនី មានលើស១០លានគ្រឿងឯណោះ។ តាមរយៈបរិមាណនេះបានធ្វើឱ្យផលិតកម្មរថយន្តរបស់ចិន ឈានដល់ចំណុចបរិមាណផលិតកម្មប្រចាំឆ្នាំលើសកម្រិត ចំពេលមានការព្រួយបារម្ភអំពីការកើនឡើងលើសចំណុះនៃទីផ្សារទាំងនៅក្នុងប្រទេសចិន និងលើពិភពលោក។
សមាគមក្រុមហ៊ុនផលិតរថយន្តចិន ដែលជាសម្ព័ន្ធឧស្សាហកម្មគាំទ្រដោយរដ្ឋាភិបាល បានប្រកាសថា រថយន្តអគ្គិសនីទី១០លាន បានបិទខ្សែច្រវាក់ផលិតកម្ម កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ជាមួយនឹងកំណើនផលិតកម្មកើនឡើង៤,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើយោងតាមក្រុមហ៊ុនប្រឹក្សារថយន្ត ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ប្រទេសចិននៅពេលនេះមានសមត្ថភាពផលិតរថយន្តដល់ទៅ៤០លានគ្រឿងក្នុង១ឆ្នាំ ជាមួយនឹងការលក់អាចសម្រេចបានប្រហែល២២លានគ្រឿង។
សមាគមក្រុមហ៊ុនផលិតរថយន្តចិន បានអះអាងថា នៅក្នុងរយៈពេល១០ខែកន្លងមកនេះ ចិនអាចលក់រថយន្តទាំងប្រើប្រេងឥន្ធនៈ និងអគ្គិសនីបានរហូតដល់ជាង១៧លានគ្រឿង មានការធ្លាក់ចុះតិចតួចបំផុត ពោលគឺប្រមាណត្រឹម០,១% តែប៉ុណ្ណោះ។ រថយន្តអគ្គិសនីសរុបជិត១០លានគ្រឿង ត្រូវបានប្រគល់ទៅឱ្យអតិថិជននៅក្នុងចន្លោះពីខែមករា ដល់ខែតុលា មានការកើនឡើង៣៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ស្របពេលដែលការផលិតរថយន្តអគ្គិសនីសរុបសម្រេចបាន១០លានគ្រឿងមានការកើនឡើងប្រមាណជា៤,៣%។ អ្នកវិភាគបានព្យាករថា ការផលិត និងចែកចាយរថយន្តអគ្គិសនីប្រចាំឆ្នាំរបស់ចិន នឹងកើនដល់១២លានគ្រឿង នៅឆ្នាំនេះ។
លោក ចាវ សេន (Gao Shen) អ្នកវិភាគឯករាជ្យនៅទីក្រុងសៀងហៃ បាននិយាយថា ប្រទេសចិន គឺជាប្រទេសនាំមុខគេលើពិភពលោកនៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនី ដោយអាចដណ្តើមចំណែកទីផ្សារពិភពលោកបានរហូតដល់៦៥% នៅឆមាសទី១ឆ្នាំ២០២៤ នេះ។ បច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន កំពុងប្រឈមមុខនឹងរបាំងពាណិជ្ជកម្មនៅក្នុងសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប តែនៅតែមានការគាំទ្រនៅឡើយ៕
ដោយៈ សរ សុជាតិ