នៅក្នុងសុន្ទរកថាមួយនាថ្ងៃអាទិត្យទី១០ខែតុលា មេដឹកនាំកោះតៃវ៉ាន់លោកស្រី សៃ អ៊ីងវេន បាននិយាយថា ក្រុងតៃប៉ិ នឹងមិនចុះញ៉មចំពោះការព្រមាន និងគំរាមកំហែងរបស់ចិនឡើយ ហើយកោះតៃវ៉ាន់នឹងនៅតែបន្តការពារ ការរស់នៅតាមបែបប្រជាធិបតេយ្យរបស់ខ្លួន។ សុន្ទរកថា របស់លោកស្រី អ៊ីងវេន ខាងលើនេះធ្វើឡើងក្នុងឱកាសប្រារព្ធពិធីបុណ្យជាតិរបស់ខ្លួន និងនៅមិនយូរប៉ុន្មាន ក្រោយប្រធានាធិបតីចិនលោកស៊ី ជីនពីង បានបង្ហាញការប្តេជ្ញាចិត្ត ថានឹងបង្រួបបង្រួមតៃវ៉ាន់ជាចិនតែមួយឲ្យបាន ដោយសន្តិវិធី។
ជាមួយនឹងប្រជាជនប្រមាណ២៣លាននាក់ កោះតៃវ៉ាន់តែងត្រូវបានរដ្ឋអំណាចក្រុងប៉េកាំងចាត់ទុក ជាខេត្តមួយស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ខណៈពលរដ្ឋនិងកោះតៃវ៉ាន់ទាំងមូលជារឿយៗតែងមានការគម្រាមកំហែងពីប្រទេសចិន ទាំងដោយពាក្យសំដី និងការបញ្ជូនយន្តហោះ ចម្បាំងឲ្យមកឆ្វែលក្បែរដែនអាកាសតៃវ៉ាន់ថែមទៀតផង។
ជាក់ស្តែងនៅពេញមួយសប្តាហ៍ដើមខែតុលានេះ ត្រូវបានគេរាយការណ៍ថា មានយ៉ាងហោចណាស់យន្តហោះចម្បាំងចិនជិត១៥០គ្រឿង រួមមានទាំងយន្តហោះទម្លាក់គ្រាប់បែកផងនោះ បានបង្ហាញខ្លួនក្បែរតៃវ៉ាន់។
ក្នុងឱកាសប្រារព្ធពិធីបុណ្យជាតិកោះតៃវ៉ាន់ដដែលកាលពីថ្ងៃអាទិត្យ លោកស្រីសៃ អ៊ីងវេន បានថ្លែងចំៗថា៖ ដរាបណាតៃវ៉ាន់កាន់តែរីកចម្រើន សម្រេចបានផ្លែថ្កាកាន់តែច្រើន តៃវ៉ាន់នឹងកាន់តែប្រឈមនឹងសម្ពាធ និងការគម្រាមកំហែងកាន់តែខ្លាំងពីប្រទេសចិន។ យ៉ាងណាមិញលោកស្រី សង្ឃឹមថា នឹងមានភាពធូរស្រាលនៃទំនាក់ទំនង ពិសេសតំបន់ឆ្លងកាត់ច្រកសមុទ្រ ហើយតៃវ៉ាន់នឹងមិនធ្វើសកម្មភាពណាមួយឆ្លើយតប ដោយប្រញាប់ប្រញាល់ឡើយ។
ភ្លាមៗក្រោយការលើកឡើងទាំងនេះ រដ្ឋាភិបាលចិន បានមកថ្កោលទោសសុន្ទរកថា របស់មេដឹកនាំរបស់កោះតៃវ៉ាន់ ដោយសំអាងថា វាជាការញុះញង់ ឱ្យមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង និងជាការបំភ្លៃការពិត។ ក្រុងប៉េកាំង បានបន្តថា ការព្យាយាមស្វែងរកឯករាជ្យរបស់កោះតៃវ៉ាន់ នឹងឈានទៅបិទទ្វារចរចា និងសន្ទនារវាងភាគីទាំងពីរ។
សូមជម្រាបថា ភាពតានតឹងរវាងក្រុងប៉េកាំង និងតៃប៉ិ បានឡើងកំដៅដល់កម្រិតខ្ពស់បំផុតមួយក្រោមការដឹកនាំរបស់បុរសខ្លាំង ប្រធានាធិបតី ស៊ី ជីនពីង ដែលបានផ្តាច់ទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ ក្រោយលោកស្រី សៃ អ៊ីងវេន ក្នុងនាមជាអ្នកជាតិនិយមម្នាក់ បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីដឹកនាំតៃវ៉ាន់ចាប់ពីឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន៕