បញ្ហាតោះតៃវ៉ាន់ បានក្លាយជាចំណុចដ៏រសើប ដែលបានបង្កឱ្យមានភាពតានតឹងជាយូរមកហើយរវាងមហាយក្សចិន និងសហរដ្ឋអាម៉េរិក ដែលតែងតែឃ្លាំមើល និងការពារកោះតៃវ៉ាន់រហូតមក ដើម្បីទប់ឥទ្ធិពលរបស់មហាយក្សចិន។ ថ្មីៗនេះ បញ្ហាកោះតៃវ៉ាន់ ក៏បានបង្កឱ្យមានភាពតានតឹងរវាងប្រទេសជប៉ុន និងមហាយក្សចិនដែរ នៅពេលនាយករដ្ឋមន្ត្រីជប៉ុន ទើបឡើងកាន់អំណាចលោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) ដែលបានព្រមានថា ក្រុងតូក្យូនឹងបញ្ជូនកងទ័ពទៅជួយកោះតៃវ៉ាន់ ក្នុងករណីចិន វាយប្រហារកោះនេះ ដែលធ្វើឱ្យមហាយក្សចិន ផ្ទុះកំហឹងយ៉ាងខ្លាំងមិនទាន់រសាយរហូតមកទល់ពេលនេះ។
ពេលនេះ បញ្ហានៅកោះតៃវ៉ាន់ កំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងក្នុងការនាំទៅរកសង្គ្រាមលោកលើកទី៣ ដោយសារបណ្ដាប្រទេសមហាអំណាចប្រជែងគ្នា។ របាយការណ៍វាយតម្លៃដ៏សម្ងាត់បំផុតរបស់រដ្ឋាភិបាលអាម៉េរិក បានលាតត្រដាងនូវលទ្ធភាពដ៏អាក្រក់មួយនៅក្នុងជម្លោះប្រដាប់អាវុធ ដែលអាចកើតឡើងដោយសារបញ្ហាកោះតៃវ៉ាន់ ដែលធ្វើឱ្យរង្គោះរង្គើទំនុកចិត្តរបស់យោធាអាម៉េរិក។ ឯកសារសម្ងាត់របស់រដ្ឋាភិបាលអាម៉េរិក សន្និដ្ឋានថា ប្រទេសចិន អាចនឹងទទួលបានជ័យជម្នះក្នុងសង្គ្រាមលើបញ្ហាកោះតៃវ៉ាន់ ដែលជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើឥទ្ធិពលយោធាអាម៉េរិក នៅក្នុងតំបន់។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន The Telegraph។
ឯកសារសម្ងាត់ដែលមានឈ្មោះថា "Overmatch Brief" បានព្រមានថា ការពឹងផ្អែកខ្លាំងលើសព្វាវុធថ្លៃៗ និងទំនើបៗរបស់សហរដ្ឋអាម៉េរិក ធ្វើឱ្យប្រទេសមហាអំណាចទី១របស់ពិភពលោកមួយនេះងាយរងគ្រោះ ព្រោះមហាយក្សចិន មានសមត្ថភាពផលិតសព្វាវុធ ដែលមានតម្លៃថោកជាងក្នុងចំនួនដ៏ច្រើនលើសលប់។
យោងតាមសេចក្ដីរាយការណ៍ឱ្យដឹងថា មន្ត្រីសន្តិសុខជាតិអាម៉េរិកមួយរូបក្រោមរដ្ឋបាលដឹកនាំរបស់តតីតប្រធានាធិបតី ចូ បៃឌិន ដែលបានពិនិត្យមើលឯកសារសម្ងាត់ខាងលើនេះបានប្រែទឹកមុខស្លេកស្លាំងភ្លាមៗ នៅពេលដឹងថា ទីក្រុងប៉េកាំង មានការត្រៀមបម្រុងយ៉ាងច្រើនសម្រាប់ទប់ទល់នឹងគ្រប់យុទ្ធសាស្ត្រស្ទើរតែទាំងអស់របស់សហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The New York Times។
ជាការពិតណាស់ ការបាត់បង់កោះតៃវ៉ាន់ ដែលជាសម្ពន្ធមិត្តសំខាន់របស់សហរដ្ឋអាម៉េរិក និងជាបន្ទាយសម្រាប់ប្រឆាំងទប់ទល់នឹងអំណាចរបស់មហាយក្សចិន នៅប៉ាស៊ីហ្វិកខាងលិច នឹងជះផលប៉ះពាល់ដល់ក្រុងវ៉ាស៊ីនតោនយ៉ាងខ្លាំង៕
ដោយ: តែម សុខុម