
ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរចិន បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសអាចស្នើសុំការបង្វិលប្រាក់ពន្ធដែលខ្លួនបានបង់ ប្រសិនបើពួកគេបានចំណាយថវិកាប្រមាណ២៧ដុល្លារនៅហាងតែមួយក្នុងថ្ងៃតែមួយចាប់ពីថ្ងៃសៅរ៍ សប្តាហ៍នេះតទៅ ខណៈកាលមុន អាជ្ញាធរចិន តម្រូវឱ្យភ្ញៀវទេសចរចំណាយអប្បបរមាប្រមាណ៦៩ដុល្លារ ទើបអាចស្នើសុំការបង្វិលប្រាក់ពន្ធវិញបាន។ ជាមួយគ្នានេះ រដ្ឋាភិបាលចិន ក៏នឹងពង្រីកវិធានការនៃការបង្វិលប្រាក់ពន្ធ និងជួយសម្រួលនីតិវិធីមួយចំនួនសម្រាប់ហាងលក់ទំនិញផងដែរ។
អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក សេង ឈីពីង (Sheng Qiuping) បានប្រាប់អ្នកយកព័ត៌មានថា ការប្រើប្រាស់របស់ភ្ញៀវទេសចរក្នុងស្រុកមានប្រមាណ០,៥%នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន ក្នុងឆ្នាំ២០២៤ ខណៈតួលេខនៅតាមប្រទេសធំៗផ្សេងទៀតមានចន្លោះពី១% ទៅ៣%។ កាលពីឆ្នាំមុន ការចំណាយរបស់អ្នកទេសចរក្នុងស្រុកបានកើនឡើងដល់ជាង៩៤ពាន់លានដុល្លារ ពោលគឺបានកើនឡើងជិត៧៨%។
រដ្ឋាភិបាលចិន បាននិយាយនៅដើមខែនេះថា សេដ្ឋកិច្ចរបស់ចិន សម្រេចបានកំណើនក្នុងរង្វង់៥,៤% នៅត្រីមាសទី១ឆ្នាំនេះ ដែលគាំទ្រដោយការនាំចេញដ៏រឹងមាំ មុនប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដំឡើងពន្ធលើផលិតផលចិន។
យ៉ាងណាមិញក្រុមអ្នកវិភាគជឿជាក់ថា សេដ្ឋកិច្ចចិននឹងធ្លាក់ចុះខ្លាំងនៅប៉ុន្មានខែខាងមុខនេះ ដោយសារការយកពន្ធខ្ពស់កប់ពពករហូតដល់១៤៥% លើការនាំចេញទំនិញរបស់ចិន ទៅកាន់អាម៉េរិក។ ក្រុងប៉េកាំង បានវាយបកលើអាម៉េរិកវិញជាមួយនឹងការយកពន្ធ១២៥% លើការនាំចេញរបស់អាម៉េរិក ហើយកំពុងសង្កត់ធ្ងន់លើការរក្សាទីផ្សារឱ្យបើកចំហសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ៕
ដោយ៖ សុខ មង្គល