សារព័ត៌មាន CNBC បានរាយការណ៍ថា ការកំណត់ពន្ធថ្មីដោយបណ្តាប្រទេសនៅសហភាពអឺរ៉ុប កាលពីចុងខែសីហា នៅមិនទាន់មានលក្ខណៈធ្ងន់ធ្ងររហូតដល់ធ្វើឲ្យតម្លៃរថយន្តអគ្គិសនីចិនហួសលទ្ធភាពនៃការប្រកួតប្រជែងនៅឡើយទេ។ ក្រុមអ្នកសា្រវជ្រាវទីផ្សារបានអះអាងថា តម្លៃរថយន្តអគ្គិសនី របស់ចិន នឹងនៅតែមានការប្រកួតប្រជែងនៅក្នុងទីផ្សារអឺរ៉ុប បើទោះបីជាសហភាពអឺរ៉ុប បានកំណត់ពន្ធថ្មីលើរថយន្តដែលផលិតនៅក្នុងប្រទេសចិន ក្រោមការចោទប្រកាន់មានការឧបត្ថម្ភធនពីរដ្ឋចិន ក៏ដោយ។
លោក ចូសេប ម៉ាខេប ( Joseph McCabe) ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនស្រាវជ្រាវរថយន្តពិភពលោក AutoForecast Solutions បាននិយាយថា ពន្ធបច្ចុប្បន្នមិនទាន់ជាឧបសគ្គសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន នោះទេ។ លោកបានអះអាងថា ការកំណត់ពន្ធថ្មីរបស់សហភាពអឺរ៉ុប មិនធ្ងន់ធ្ងរដូចការកំណត់របស់អាម៉េរិក និងកាណាដា នោះទេ ព្រោះក្រុមហ៊ុនផលិតគ្រឿងបង្គុំរថយន្តរបស់អឺរ៉ុប និងចិន មានទំនាក់ទំនងគ្នាខ្លាំង។
លោកបាននិយាយថា ការកំណត់ពន្ធនោះវាគ្រាន់តែជាដំណើរការធ្វើឲ្យមានតុល្យភាពមួយក្នុងការលើកកម្ពស់ផលិតកម្មអ៊ឺរ៉ុបក្នុងស្រុកប៉ុណ្ណោះ វាមិនបានធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការលក់របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន នោះទេ។
តាមលទ្ធផលនៃការសិក្សាទីផ្សារតម្លៃរថយន្តអគ្គិសនីចិន មួយចំនួនដែលផលិត និងប្រើប្រាស់គ្រឿងបង្គុំផលិតដោយក្រុមហ៊ុនអឺរ៉ុប នៅតែមានតម្លៃសមរម្យ ហើយអាចថោកជាងមុនផងក៏ថាបាន។ ជាក់ស្តែងដូចជារថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD បែរជាថោកជាងមុនប្រមាណជា០,៤% ហើយក្រុមហ៊ុន Geely ថោកជាង០,៦%។
ជាមួយការដំឡើងពន្ធថ្មី រថយន្តចិនខ្លះអាចមានតម្លៃជាមធ្យមប្រមាណជា២ម៉ឺន២ពាន់ដុល្លារ ទៅ៤ម៉ឺន៥ពាន់ដុល្លារ នៅក្នុង១គ្រឿង ខណៈដែលក្រុមហ៊ុនរថយន្តអាមេរិក Tesla ដែលផលិតនៅចិន ពេលនាំចូលទៅអឺរ៉ុបត្រូវប្រឈមមុខនឹងពន្ធនាំចូលបន្ថែម៩% រីឯតម្លៃរថយន្តអគ្គិសនីរបស់ Volkswagen ដែលគ្រោងនឹងដាក់ចូលទៅផ្សារនៅអឺរ៉ប អាចមានតម្លៃជាមធ្យមប្រហែលនឹងរថយន្តអគ្គិសនីចិនដែរ។ លោក ម៉ាខេប បានលើកឡើងថា ការកំណត់ពន្ធលើរថយន្តចិនរបស់អឺរ៉ុប គឺមានការថ្លឹងថ្លែងខ្ពស់ណាស់ ពីព្រោះចិន ក៏អាចចាត់់វិធានការពន្ធលើក្រុមហ៊ុនផលិតគ្រឿងបង្គុំរថយន្តអឺរ៉ុបដូចគ្នាផងដែរ៕
ដោយៈ សរ សុជាតិ