ប្រទេសអារ៉ាប៊ីសាអូឌីត

ក្រុមហ៊ុនប្រេងយក្សរបស់អារ៉ាប៊ីសាអូឌីត Aramco រកបានប្រាក់ចំណេញ ៨៨ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំនេះ


ក្រុមហ៊ុនថាមពលអារ៉ាប៊ីសាអូឌីត Aramco បានអះអាងថា ប្រាក់ចំណេញរបស់ខ្លួនបានកើន ឡើង ៩០% មានដល់ជិត៥០ពាន់លានដុល្លារ នៅក្នុងត្រីមាសទី ២ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នាំឲ្យប្រាក់ចំណេញសរុបនៅឆមាសទី១កើនដល់ ៨៨ពាន់លានដុល្លារ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន AP។
អារ៉ាប៊ីសាអូឌីត Aramco រកបានប្រាក់ចំណេញ ៨៨ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំនេះ

កំណើនប្រាក់ចំណេញដ៏សន្ធឹកសន្ធាប់នេះ បន្ទាប់ពី​តម្លៃប្រេងលើទីផ្សារពិភពលោក​បានកើនឡើងខ្លាំង​ ចាប់តាំងពីមានវិបត្តិសង្គ្រាម​នៅអ៊ុយក្រែនផ្ទុះឡើងមក។​ កំណើននៃប្រាក់ចំណូល​ក្នុងវិស័យប្រេង​នេះ ​គឺជាឆ្អឹង​ខ្នង​សម្រាប់អារ៉ាប៊ី​សាអូឌីត​នៅពេលមនុស្សជុំវិញពិភពលោកចំណាយ​​លើ​ថ្លៃប្រេង និងឧស្ម័ន​កាន់​តែ​ខ្ពស់ជាងមុន​​នៅតាម​ស្ថានីយ​ ​ខណៈដែលក្រុម​ហ៊ុនថាមពលជាច្រើន​ ​រក​បានប្រាក់ចំណូលដ៏​ច្រើនសន្ធឹកសន្ធាប់​។

ក្រុមហ៊ុនប្រេងធំៗមួយ​ចំនួន​មានកំណត់ត្រា​ប្រាក់ចំណេញ​​ប្រចាំត្រីមាសដ៏​ល្អ ​ដោយក្នុងនោះ ​​ក្រុមហ៊ុន​ប្រេងអាមេរិក​ Exxon Mobil ​បាន​កក់ប្រាក់​ចំណេញ​ជិត​១៨ ពាន់លានដុល្លារ​​មិនធ្លាប់មានពីមុនមក ​​ខណៈដែលក្រុមហ៊ុនប្រេងរបស់អាមេរិកមួយទៀតគឺ Chevron រកបានប្រាក់ចំណេញជាង១១ពាន់លានដុល្លារ នៅគ្រាដែល​​ក្រុម​ហ៊ុន​ Shell របស់​ចក្រ​ភព​អង់​គ្លេស​វិញ រក​បាន​ប្រាក់ចំណេញ​យ៉ាង​ខ្លាំង​បំផុត​ដូចគ្នា​​។

យ៉ាងណាមិញ ប្រាក់ចំណេញសុទ្ធ​របស់​ក្រុម​ហ៊ុន​ Aramco ដែលជាក្រុមហ៊ុន​ដ៏ធំ​របស់​ប្រទេសមហាអំណាចប្រេង​អារ៉ាប៊ីសាអ៊ូឌីត ក៏បាន​កើន​ឡើង​ខ្លាំងដូចគ្នាដែរ។ តួយ៉ាង ​ប្រាក់ចំណេញ​ក្នុង​​ត្រីមាសទី២ របស់​ក្រុមហ៊ុន Aramco បានកើនឡើងដល់​ជិត​៥០ពាន់លានដុល្លារ​ កើនជាង​៩០%ឯណោះ ធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើន​​នេះ​​បានបង្ហាញ​ពី​​​ប្រាក់ចំណូល​ប្រចាំត្រីមាសខ្ពស់បំផុត​​ មិន​ធ្លាប់​មាន​សម្រាប់ ​ក្រុម​ហ៊ុន​ Aramco ចាប់តាំងពីឆ្នាំ២០១៩។

ប្រាក់ចំណេញរបស់ក្រុម​ហ៊ុន​Aramco ​សម្រាប់តែត្រីមាសកន្លងមកនេះ ​គឺមាន​ចំនួន​ជិត​ស្មើនឹង​ប្រាក់​ចំណេញ​​ពេញមួយឆ្នាំ២០២០​របស់​ក្រុម​ហ៊ុន​ Aramco ទៅហើយ ​ដែលអំឡុងពេល​នោះ​តម្រូវការប្រេង​បានធ្លាក់​ក្នុង​កំឡុងពេលវិធាន​ការ​បិទ​ខ្ទប់​ជំងឺកូវីដ​១៩​។​ យ៉ាងណាមិញ ប្រាក់ចំណេញ៨៨ពាន់លានដុល្លារ​នៅ​ឆមាស​ទី​១​របស់​ក្រុម​ហ៊ុន​ Aramco ​​បានធ្វើឱ្យ​ក្រុម​ហ៊ុននេះ​​ស្ថិតនៅលើផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​វ៉ាដាច់​ឆ្ងាយ​ពី​​​ប្រាក់ចំណេញពេញមួយឆ្នាំ២០១៩ទៅទៀត។

ក្រុមហ៊ុន Aramco ​បានចាត់​ទុក​កំណើន​ប្រាក់​ចំណេញ​នេះ​ គឺ​ដោយ​សារ​​ការ​កើនឡើងនូវ​​តម្លៃ​ប្រេង​ឆៅ​ខ្ពស់​ជាង​មុន និង​បរិមាណលក់​​​​ ព្រម​ទាំង​កម្រិត​ការ​ចម្រាញ់​ប្រេង​​កាន់តែ​ច្រើន​ឡើង​ផង​ដែរ​​ ហើយ​កន្លែង​ស្តុក​ប្រេងធំៗ​របស់ក្រុម​ហ៊ុន​​អារ៉ាប៊ីសាអូឌីត​មួយ​នេះ​ស្ថិត​ក្នុងចំណោមកន្លែង​ផលិតប្រេង​​ថោកបំផុត​​នៅ​ក្នុងពិភពលោក។

ហិរញ្ញវត្ថុរបស់ក្រុម​ហ៊ុន​ Aramco គឺមានសារៈសំខាន់ចំពោះស្ថិរភាពរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ព្រោះ​​នៅពេល​ប្រាក់ចំណេញរបស់​ក្រុម​ហ៊ុន​នេះ​កាន់​តែ​ខ្ពស់​នោះ​ កំណើនសេដ្ឋកិច្ចរបស់​អារ៉ាប៊ីសាអូឌីត​នឹង​ឆ្លុះបញ្ចាំ​ងឱ្យ​ឃើញ​​​តាម​រយៈ​កំណើន​ចំណូល​​នេះ​ឯង​។ នៅពេល​ប្រទេសនានាជុំវិញពិភពលោក​កំពុង​ជួបបញ្ហាអតិផរណា និងការធ្លាក់ចុះសេដ្ឋកិច្ច​នោះ​ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករថា ​សេដ្ឋកិច្ច​អារ៉ាប៊ីសាអូឌីត​នឹងកើនឡើងជាង ៧,៦% នៅឆ្នាំនេះ ដែល​​ជាកម្រិតខ្ពស់បំផុត​នៅទូទាំងពិភពលោក។

ប្រេងឆៅនៅអង់គ្លេស​​ត្រូវបានជួញដូរក្នុងតម្លៃប្រហែល ១០០​ ដុល្លារក្នុងមួយបារ៉ែល​ទោះជាអង្គការប្រទេសនាំចេញប្រេង OPEC ​និង​ក្រុម​ហ៊ុន​​ផលិត​ប្រេង​​មិនមែនអង្គការ​​បាន និងកំពុងបង្កើនកម្រិតផលិតកម្ម​ជាបន្តបន្ទាប់ក្រោយ​​ពី​បាន​​កាត់បន្ថយ​ផលិត​កម្ម​ក្នុងអំឡុងពេល​ជំងឺរាតត្បាត​ក៏ដោយ​។ ទោះយ៉ាងណា តម្លៃប្រេង​បានធ្លាក់ចុះក្រោមតម្លៃ ១០០ដុល្លារ នៅ​ប៉ុន្មាន​សប្តាហ៍មក​នេះ​ ចំពេលកំណើនសេដ្ឋកិច្ច​ធ្លាក់​ចុះ​​នៅ​ប្រទេសចិន និងសហរដ្ឋអាមេរិក។​

ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Aramco លោក Amin Nasser បាននិយាយថា លោករំពឹងថា តម្រូវការប្រេងនឹងបន្តកើនឡើងសម្រាប់រយៈពេលចុង​ក្រោយ​​នៅ​ក្នុង​ទសវត្សរ៍នេះ ទោះបី​ជាសម្ពាធ​សេដ្ឋកិច្ច​ធ្លាក់ចុះនាពេលបច្ចុប្បន្នក៏ដោយ។ អង្គការ OPEC រំពឹងថា​តម្រូវការប្រេងពិភពលោកនឹងកើនឡើង​ប្រហែល ៣ លាន​បារ៉ែលថែម​ទៀត​ក្នុងមួយថ្ងៃនៅឆ្នាំនេះ ដោយ​ធ្វើ​ឱ្យ​​​តម្រូវការប្រេងសរុប​ឡើង​​ដល់ជាមធ្យម ១០០​ លានបារ៉ែលក្នុងមួយថ្ងៃ៕

អត្ថបទ៖ សុខ ជា​




អត្ថបទបន្ទាប់


សេដ្ឋកិច្ចជប៉ុនកើនយឺតជាងការរំពឹងទុកនៅត្រីមាសទី២ឆ្នាំនេះ, តើមកពីហេតុអ្វី?

ព័ត៌មាន
ទិន្នន័យថ្មីចុងក្រោយបានបង្ហាញនៅថ្ងៃចន្ទទី១៥សីហាថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានស្ទុះងើបឡើងវិញក្នុងល្បឿនយឺតជាងការរំពឹងទុកនៅក្នុងត្រីមាសទីពីរ…

ហេតុអ្វីកំណើនសេដ្ឋកិច្ចចិនក្នុងខែកក្កដាចុះខ្សោយខ្លាំងហួសការរំពឹងទុកកាលពីខែកក្កដា?

ព័ត៌មាន
ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិនមានស្ថានភាពចុះខ្សោយខ្លាំងហួសពីការរំពឹងទុកកាលពីខែកក្កដា ដោយសារតែករណីឆ្លងកូវីដ១៩ថ្មីៗនៅបន្តអុកឡ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ