រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ លោក រ៉ូបឺត ហាបិក ( Robert Habeck) ត្រូវបានជូនដំណឹងដោយស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប គឺលោក វាល់ឌីស ដូមប្រូវស្គី( Valdis Dombrovskis) ថា លោកត្រូវមានការចរចាជាក់ស្តែងលើបញ្ហាពន្ធគយជាមួយប្រទេសចិន។ លោក ហាបិក បានចាត់ទុកការពិភាក្សានេះ គឺជារបត់ថ្មី និងជារឿងគួរឱ្យភ្ញាក់ផ្អើលបន្ទាប់ពីមានបញ្ហាស្ទើរតែរកច្រកចេញមិនឃើញលើបញ្ហានេះ ប៉ុន្តែវាគ្រាន់តែជាជំហានដំបូង ហើយត្រូវការពេលវេលាស្វែងយល់ច្រើនដំណាក់ទៀត។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះអះអាងក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅចិនថា ទ្វាររបស់សហភាពអឺរ៉ុប គឺបើកចំហរសម្រាប់ការពិភាក្សាទាក់ទងនឹងពន្ធ ដែលសហភាពអឺរ៉ុបបានដាក់លើការនាំចេញទំនិញរបស់ចិន។ ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ទៅប្រទេសចិន គឺជាដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំសហភាពអឺរ៉ុបលើកទីមួយមកកាន់ប្រទេសចិន ចាប់តាំងពីក្រុងប្រ៊ុចសែល បានស្នើដំឡើងពន្ធលើការនាំចូលរថយន្តអគ្គិសនី ដែលផលិតដោយចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងអ្វីដែលសហភាពអឺរ៉ុបចាត់ទុកការឧបត្ថម្ភធនលើសលប់។
នៅពេលនេះការកំណត់ពន្ធលើរថយន្តអគ្គិសនីដែលសហភាពអឺរ៉ុបបានកំណត់ដំឡើងជាង៣៨%នោះនឹងត្រូវកំណត់ពេលអនុវត្តនៅថ្ងៃទី៤ ខែកក្កដា ខាងមុខ ហើយនឹងបន្តស៊ើអង្កេតស្រាវជ្រាវរហូតដល់ថ្ងៃទី២ ខែ វិច្ឆិកា ដើម្បីបន្តកំណត់ពន្ធឲ្យច្បាស់លាស់សម្រាប់រយៈពេល៥ឆ្នាំខាងមុខ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ចេង សាន់ជី (Zheng Shanjie) ប្រធានគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសចិន បានឆ្លើយតបថា ចិននឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីការពារក្រុមហ៊ុនចិន។ លោកបានបន្ថែមថា ការកំណត់ពន្ធរបស់សហភាពអឺរ៉ុបលើរថយន្តអគ្គិសនីដែលផលិតដោយចិន នឹងធ្វើឱ្យភាគីទាំងពីរឈឺចាប់ ហើយសង្ឃឹមថា អាល្លឺម៉ង់នឹងបង្ហាញពីភាពជាអ្នកដឹកនាំនៅក្នុងសហភាពអឺរ៉ុប និងធ្វើរឿងត្រឹមត្រូវ ហើយបានបដិសេធការចោទប្រកាន់អំពីការឧបត្ថម្ភធនមិនយុត្តិធម៌ដែលបានចោទដាក់ចិន។
កាលពីឆ្នាំ២០២៣ កន្លងទៅស្ថិតិដែលចិននាំចេញរថយន្តអគ្គិសនីចូលទីផ្សារសហភាពអឺរ៉ុបមានរហូតដល់ទៅជិត៤៤ម៉ឺនគ្រឿង គិតជាទឹកប្រាក់ជាង១០ពាន់លានដុល្លារ ខណៈដែលសហភាពអឺរ៉ុបនាំចេញរថយន្តអគ្គិសនីចូលទីផ្សារចិនវិញ គឺមានជាង១១ម៉ឺនគ្រឿង នៅក្នុងទឹកប្រាក់ជាង៩១០លានដុល្លារតែប៉ុណ្ណោះ៕
ដោយៈ សរ សុជាតិ