ជាក់ស្តែងចិនតាមរយៈអ្នកនាំពាក្យរបស់ខ្លួននៅថ្ងៃទី១៣ ខែវិច្ឆិកា បានអំពាវនាវជាបន្ទាន់ឱ្យភាគីកម្ពុជា និង ថៃ រក្សានូវភាពអត់ធ្មត់ និងស្វែងរកដំណោះស្រាយដោយសន្តិវិធី ខណៈសហរដ្ឋអាម៉េរិក ដែលជាអ្នកអន្តរាគមន៍ចាប់ឱ្យភាគីកម្ពុជា-ថៃចុះកិច្ចព្រមព្រៀងសន្តិភាពនៅម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ហាក់រក្សាភាពស្ងប់ស្ងាត់ ទំនងជាដោយសារជាប់រវល់ដោះស្រាយបញ្ហាធំៗចាក់ស្រេះ ជាពិសេសដោះស្រាយបើកដំណើរការរដ្ឋាភិបាលឡើងវិញ ក៏ដូចជាស្រោចស្រង់សេដ្ឋកិច្ចពីការបិទរដ្ឋាភិបាល៤៣ថ្ងៃកន្លងមកនេះ។
Story: មហាយក្សចិនបានចាប់ផ្ដើមចេញមុខជួយសម្របសម្រួលបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ហើយ ក្រោយកើតមានឧប្បទ្ទវហេតុទាហានថៃបានបើកការវាយប្រហារយ៉ាងព្រៃផ្សៃមកលើពលរដ្ឋស៊ីវិលកម្ពុជាម្នាក់ស្លាប់ និងរបួស៣នាក់ ខណៈសហរដ្ឋអាម៉េរិកបន្តរក្សាភាពស្ងប់ស្ងាត់។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ក្នុងនាមជាមិត្តភ័ក្តិ និងជាអ្នកជិតខាងជិតស្និទ្ធនៃប្រទេសទាំងពីរ ចិនសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរនឹងរក្សាភាពអត់ធ្មត់ ធ្វើការក្នុងទិសដៅដូចគ្នា អនុវត្តការពិគ្រោះយោបល់ដោយមិត្តភាព ផ្តល់ឱកាសដល់យន្តការទ្វេភាគីដែលមានស្រាប់ និងស្វែងរកដំណោះស្រាយដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរឱ្យបានឆាប់តាមអាចធ្វើទៅបាន និងទប់ស្កាត់ការកើនឡើងនៃភាពតានតឹងណាមួយ ហើយថាចិន នឹងបន្តដើរតួនាទីស្ថាបនាក្នុងការលើកកម្ពស់ការកាត់បន្ថយភាពតានតឹងតាមរបៀបរបស់ខ្លួន។
សេចក្តីថ្លែងការណ៍ដ៏កម្រដំបូងរបស់ក្រសួងការបរទេសចិនបានគូសបញ្ជាក់ថា ចិន បានកត់សម្គាល់ឃើញនូវការវិវត្ត និងបញ្ហាប្រឈមថ្មីៗមួយចំនួនក្នុងអំឡុងពេលនៃការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ឬសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដែលភាគីទាំងពីរទើបបានចុះហត្ថលេខាអំឡុងកិច្ចប្រជុំអាស៊ាន នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ាន។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសចិនបានសង្កត់ធ្ងន់ថា ចិនបានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ភាគីកម្ពុជា-ថៃ នឹងអនុវត្តការអត់ធ្មត់ខ្ពស់បំផុត ហើយសង្ឃឹមថា ភាគីកម្ពុជា-ថៃ នឹងធ្វើការរួមគ្នាក្នុងទិសដៅតែមួយ ពិគ្រោះយោបល់គ្នាជាមិត្ត ទប់ស្កាត់ការកើនឡើងកម្តៅជម្លោះណាមួយ។ដើម្បីឈានទៅរកដំណោះស្រាយ ដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរឱ្យបានឆាប់រហ័ស។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់បន្ថែមថាចិន នឹងបន្តដើរតួនាទីក្នុងន័យស្ថាបនាក្នុងការលើកស្ទួយការបន្ថយជម្លោះព្រំដែនកម្ពុជា-ថៃតាមមធ្យោបាយសមស្របរបស់ខ្លួន៕
អត្ថបទ តែម សុខុម, រូបភាពឯកសារ