![វិស័យពាណិជ្ជកម្ម](https://cdn.cambonomist.com/media/images/sadsae1saschinaasd1231.2e16d0ba.fill-960x540.jpg)
ដើម្បីឆ្លើយតបនឹងការដាក់សម្ពាធពន្ធកាន់តែធ្ងន់របស់សហរដ្ឋអាម៉េរិក មហាយក្សចិន កំពុងដាក់ចេញនូវយុទ្ធសាស្រ្តនានា ដើម្បីប្រកួតប្រជែងទីផ្សារ និងបញ្ចេញទំនិញរបស់ខ្លួនទៅកាន់ទីផ្សារពិភពលោក។ តាមរយៈយុទ្ធសាស្ត្ររបស់ចិននេះធ្វើឱ្យគេរំពឹងថា ទំនិញរបស់ចិននឹងជន់ជោរនៅលើទីផ្សារនានា នៅលើពិភពលោក ដែលនឹងជំរុញឱ្យកើតមានសង្រ្គាមតម្លៃ ខណៈផលិតករចិនខ្លួនឯងនឹងជួបបញ្ហាធ្លាក់ចុះប្រាក់ចំណេញកាន់តែតិចទៅៗ។
លោក ជេរីមី ហ្វាំង (Jeremy Fang) មន្ត្រីផ្នែកលក់នៅក្រុមហ៊ុនផលិតផលិតផលអាលុយមីញ៉ូមចិន បានអះអាងថា នៅពេលនេះ ចិន កំពុងព្យាយាមនាំចេញកាន់តែច្រើនទៅកាន់ទីផ្សារអាស៊ី អាហ្វ្រិក និងអាម៉េរិកឡាទីន ដើម្បីទូទាត់ផលប៉ះពាល់ពន្ធរបស់សហរដ្ឋអាម៉េរិក។ វិធីសាស្ត្រនេះប្រៀបបាននឹងកណ្តុរកំពុងតែរត់រកអ្វី ដែលគ្មានគោលដៅ ពីព្រោះតម្លៃត្រូវបានកាត់បន្ថយ ហើយប្រាក់ចំណេញកាន់តែទាប។
អ្នកវិភាគបានអះអាងថា បញ្ហាដែលចិន កំពុងជួបប្រឈមនាពេលបច្ចុប្បន្ននេះ គ្មានជម្រើសអ្វីក្រៅពីធ្វើយ៉ាងណារកប្រភព និងគោលដៅបញ្ចេញផលិតផលដែលខ្លួនផលិតបានក្នុងមួយឆ្នាំៗជាង៤០០ពាន់លានដុល្លារចេញនោះទេ។
លោក ហ្វ្រេឌឺរិច ណឺមេន (Frederic Neumann) ប្រធានក្រុមសេដ្ឋវិទូប្រចាំតំបន់អាស៊ីរបស់ធនាគារ HSBC បានលើកឡើងថា ការធ្វើពិពិធកម្មទីផ្សារជាយុទ្ធសាស្ត្ររបស់ចិន ប៉ុន្តែមិនមាននិរន្តរភាពនោះទេ។ អ្នកជំនាញរូបនេះជឿជាក់ថា នៅពេលទំនិញចិន បុកចូលទីផ្សារកាន់តែខ្លាំង ប្រទេសនានានឹងបង្កើនវិធានការរឹតត្បិតលើប្រទេសចិន ពីព្រោះអ្នកផលិតរបស់ពួកគេ ក៏កំពុងស្ថិតនៅក្រោមសម្ពាធដូចគ្នាដែរ។
ដំណោះស្រាយខាងលើជាកត្តាសត្យានុម័តមួយ ករណីដូចជាសហភាពអឺរ៉ុបក្រោយទំនិញចិន ហូរចូលយ៉ាងគំហុកកាលពីឆ្នាំមុន សហភាពអឺរ៉ុប បានដំឡើងពន្ធលើរថយន្តអគ្គិសនីរបស់ចិន ខណៈដែលប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី និងទីផ្សារកំពុងរីកចម្រើនផ្សេងទៀតបានបង្កើនរបាំងពាណិជ្ជកម្មផ្ទាល់ខ្លួនលើផលិតផលចិនមួយចំនួនដែរ។
លោក ដេវ ហ្វុង (Dave Fong) អ្នកនាំចេញរបស់ចិន១រូប បានអះអាងថា ផលិតផលរបស់ក្រុមហ៊ុនចិនជាច្រើនដូចជាកាបូបក្មេងៗ តុក្កតា សម្ភារការិយាល័យ និងគ្រឿងអេឡិចត្រូនិក កំពុងរងសម្ពាធតម្លៃ។
ជាមួយគ្នានេះលោក រីឆាត ចេន (Richard Chen) ដែលជាម្ចាស់រោងចក្រមួយនៅប្រទេសចិន បានត្អូញត្អែរថា រោងចក្ររបស់លោកដំណើរការស្ទើរតែគ្មានប្រាក់ចំណេញ ដូច្នេះលោកប្រាកដថា អាចរក្សាបុគ្គលិករបស់លោកបាន ឬយ៉ាងណាទេ នៅឆ្នាំ២០២៥ នេះ។ លោកបានអះអាងថា រោងចក្ររបស់លោកបានព្យាយាមជ្រៀតចូលក្នុងទីផ្សារប្រទេសប៉ូឡូញ ប៉ុន្តែពលរដ្ឋប៉ូឡូញ មិនសូវគាំទ្រផលិតផលរបស់លោកដូចពលរដ្ឋអាម៉េរិក នោះទេ៕
ដោយៈ សរ សុជាតិ