កម្ចីកសិកម្ម

ក្រុមកសិករស្នើធនាគាររដ្ឋ ARDB ទម្លាក់ទុនកម្ចីបន្ថែម និងបន្ធូរលក្ខខណ្ឌកម្ចី


សមាគមអ្នកចិញ្ចឹមសត្វ និង ក្រុមកសិករដាំដុះដំណាំកសិកម្ម បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា​តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​(ARDB) ទម្លាក់ទុនកម្ចីបន្ថែមទៀត ក្រោយទុនកម្ចី៥៥លានដុល្លារដែលរាជរដ្ឋាភិបាលផ្ដល់ឲ្យនោះ ត្រូវបានបញ្ចេញប្រើប្រាស់អស់ហើយ។ ទន្ទឹមនឹងនេះ សមាគម​ក៏ស្នើឲ្យធនាគាររដ្ឋ ARDB បន្ធូរបន្ថយគោលការណ៍ផ្តល់កម្ចីដល់កសិករខ្នាតតូច កុំឲ្យស្មុគស្មាញពេក ដើម្បីឲ្យពួកគេទទួលបានដើមទុនសម្រាប់បើក និងពង្រីកអាជីវកម្មរបស់ពួកគេ ដ្បិតថាកន្លងមក កសិករខ្នាតតូចៗទាំងនោះ មានភាគតិចណាស់​ដែលទទួលបាន​កម្ចីពីធនាគារនេះ។
កសិករនៅឃុំស្វាយប្រទាល ស្រុកស្អាង កំពុងស្រោចទឹកខាត់ណាឈើ (រូបថត៖ រ៉ឹម ភារី)
ដោយ

លោក ឡែមផូរ វរិទ្ធិ អ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជាស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាទម្លាក់ទុនកម្ចីគាំទ្រដល់វិស័យកសិកម្មបន្ថែមទៀត ដើម្បីឲ្យកសិករ ដែលជាអ្នកចិញ្ចឹមត្រីមានលទ្ធភាពទទួលបានដើមទុនក្នុងការបន្តដំណើរការអាជីវកម្ម ឬពង្រីកមុខរបររបស់ពួកគេតទៅមុខទៀត។ ការស្នើនេះ ធ្វើឡើងក្រោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានប្រកាសថា ទុនកម្ចីរបស់រដ្ឋជាង៥០លានដុល្លារ ដែលជាគម្រោងផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាបជូនកសិករក្នុងវិស័យកសិកម្ម ត្រូវបានធនាគារបញ្ចេញអស់ហើយ។

ទន្ទឹមនឹងនេះលោក ឡែមផូរ វរិទ្ធិ ស្នើឲ្យ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បន្ធូរបន្ថយគោលការណ៍ផ្តល់កម្ចីមួយចំនួន ដើម្បីឲ្យអ្នកចិញ្ចឹមត្រីខ្នាតតូចមានលទ្ធភាព ក្នុងការទទួលបានទុនសម្រាប់បើកអាជីវកម្ម និងពង្រីកមុខរបររបស់ពួកគេបន្ថែមទៀត។ ព្រោះកន្លងមក លោក សង្កេតឃើញថា កសិករចិញ្ចឹមត្រីខ្នាតតូចពុំសូវទទួលបានកម្ចីពី ARDB នោះទេ។ ជាក់ស្តែង ក្នុងចំណោមសមាជិករបស់សមាគមចំនួន៣៣០នាក់  អ្នកទទួលបានកម្ចីមានតែប្រមាណ ២០នាក់តែប៉ុណ្ណោះ។ 

ពាក់ព័ន្ធការផ្តល់ទុនកម្ចីរបស់ធនាគាររដ្ឋ ARDB នេះដែរ លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានអះអាងដែរថា អ្នកចិញ្ចឹមសត្វខ្នាតតូច ជាពិសេសអ្នកចិញ្ចឹមជ្រូកពុំសូវទទួលបានទុនកម្ចីពីគម្រោងរបស់រាជរដ្ឋាភិបាលតាមរយៈធនាគាររដ្ឋ ARDB ដើម្បីស្តារ និងពង្រីកអាជីវកម្មពួកគេនោះទេ។ កត្តានេះ បានធ្វើឲ្យអ្នកចិញ្ចឹមជ្រូកមួយចំនួនធំ ត្រូវបោះបង់របរនេះ ដោយសារគ្មានដើមទុន ក្រោយពួកគេជួបវិបត្តិហិរញ្ញវត្ថុ។ លោក បានបន្ថែមថា កត្តាដែលធ្វើឲ្យកសិករចិញ្ចឹមសត្វខ្នាតតូចមិនអាចទទួលទុនកម្ចីធនាគារ ARDB  ដោយសារប្លង់ដី និងលិខិតបញ្ជាក់ទ្រព្យបញ្ចាំរបស់ពួកគេត្រូវបានដាក់តម្កល់ជាមួយធនាគារផ្សេង។

ជាមួយគ្នានេះ លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានកត់សម្គាល់ឃើញថា ទុនកម្ចីដែលផ្ដល់ដោយធនាគារ ARDB មានប្រមាណជាង៧០% ត្រូវបានផ្តល់កម្ចីឲ្យកសិករ និងអ្នករកស៊ីក្នុងវិស័យស្រូវអង្ករ។ លោក បានអះអាងថា តាមរយៈទុនកម្ចីក្នុងអត្រាការប្រាក់ទាបនេះ បានជួយរក្សាតុល្យភាពតម្លៃស្រូវនៅកម្ពុជា ដែលផ្តល់លទ្ធភាពឲ្យរោងម៉ាស៊ីនកិនស្រូវអាចទិញស្រូវក្នុងតម្លៃសមរម្យក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ 

បើតាមការលើកឡើងពីក្រុមអ្នកជំនាញកសិកម្ម តាមរយៈការផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាបរបស់ធនាគាររដ្ឋ ARDB គឺបានជួយជំរុញ និងអភិវឌ្ឍន៍វិស័យចិញ្ចឹមសត្វ និងការដាំដុះដំណាំកសិកម្មនៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនផងដែរ។

គួររំលឹកថា កាលពីពេលកន្លងទៅថ្មីៗលោក ចាន់ សីហា អគ្គនាយករងនៃធនាគារ ARDB បានបញ្ចាក់ថា ទុនកម្ចីជាង៥០លានដុល្លារអាមេរិករបស់រដ្ឋាភិបាល ដែលជាគម្រោងផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ជូនប្រជាពលរដ្ឋក្នុងវិស័យកសិកម្ម ត្រូវបានធនាគារបញ្ចេញអស់ហើយ។ លោកអះអាងថា ការផ្តល់កម្ចីភាគច្រើនលើចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងដាំបន្លែ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការសិក្សាគម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មនៅភ្នំពេញ កំពុងរាំងស្ទះដោយសារកូវីដ-១៩

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូនបានអះអាងថា ការរាតត្បាតនៃជំងឺកូវីដ-១៩ បាននិងកំពុងធ្វើឲ្យសកម្មភាពមួយចំនួននៃសិក្សាគម្រោងសា…

Microsoft ក្លាយជាក្រុមហ៊ុនថ្លៃបំផុត២ក្នុងប្រវត្តិសាស្ត្រអាមេរិក

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Microsoft បានក្លាយជាក្រុមហ៊ុនទី២ក្នុងប្រវត្តិសាស្ត្រនៅសហរដ្ឋអាមេរិក ដែលមានតម្លៃក្នុងទីផ្សារខ្ពស់បំផុត ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ