
ក្រសួងពាណិជ្ជកម្មចិន បានអះអាងកាលពីថ្ងៃទី២១ ខែឧសភា ថា ចិន និងអាស៊ាន បានបញ្ចប់ការចរចាលើការកែលម្អតំបន់ពាណិជ្ជកម្មសេរី ដោយបានរួមបញ្ចូលសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង ក៏ដូចជាឧស្សាហកម្មថ្មីៗបន្ថែមទៀត។ បើយោងតាមសេចក្តីថ្លែងការរួមរវាងភាគីទាំងពីរ ក្រុមមន្រ្តីអាស៊ាន និងចិន កំពុងខិតខំធ្វើបច្ចុប្បន្នភាពលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបើកចំហ និងពង្រឹងភាពឈានមុខ ដើម្បីឈានទៅសម្រេចកិច្ចព្រមព្រៀងមួយដែលបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងការលើកកម្ពស់ធ្វើឱ្យកាន់តែស៊ីជម្រៅនូវខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់រវាងភាគីទាំងពីរ។
អ្នកវិភាគបានអះអាងថា ស្របពេលសហរដ្ឋអាម៉េរិក កំពុងដាក់សម្ពាធលើប្រទេសនៅក្នុងតំបន់អាស៊ាន ប្រទេសចិន ឯណោះវិញ កំពុងបង្កើនការចូលរួមជាមួយអាស៊ានលើការលើកកម្ពស់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ជាក់ស្តែងកាលពីខែមេសា កន្លងទៅ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើដំណើរទស្សនកិច្ចនៅប្រទេសអាស៊ាន ចំនួន៣ រួមមាន កម្ពុជា វៀណាម និងម៉ាឡេស៊ី ដើម្បីពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងនេះ ហើយលោកបានស្នើឱ្យអាស៊ានរួមគ្នាប្រឆាំងនឹងគោលនយោបាយឯកតោភាគីនិយម និងការការពារនិយម។
បើយោងតាមរបាយការណ៍របស់អាជ្ញាធរគយចិន គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មសរុបរវាងចិន និងអាស៊ាន សម្រេចបានប្រមាណ២៣៤ពាន់លានដុល្លារ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន បានចុះកាលពីឆ្នាំ២០០២ ហើយបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០១០ ខណៈការធ្វើបច្ចុប្បន្នភាព និងការលើកកម្ពស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានលើកឡើងខាងលើ អាចជាប្រធានបទមួយ ដែលត្រូវលើកយកមកពិភាក្សារវាងភាគីទាំងពីរនៅក្នុងកិច្ចប្រជុំអាស៊ាននៅម៉ាឡេស៊ី ក្នុងពេលឆាប់ៗខាងមុខនេះ៕
ដោយៈ សរ សុជាតិ