
ធនាគារកណ្តាលចិនបានប្រកាសនៅក្នុងកិច្ចប្រជុំពាក់កណ្តាលឆ្នាំរបស់ខ្លួនថា ចិននឹងពន្លឿនការប្រើប្រាស់ប្រាក់យន់ក្នុងការទូទាត់ពាណិជ្ជកម្ម និងការផ្តល់ហិរញ្ញប្បទានឆ្លងព្រំដែន និងការចុះបញ្ជីវិនិយោគរបស់ក្រុមហ៊ុនចិននៅក្រៅប្រទេស។ ជាមួយគ្នានេះ ធនាគារកណ្តាលចិន ក៏កំពុងពង្រឹងការប្រើប្រាស់ប្រាក់យន់នៅក្នុងទីផ្សារនៅតំបន់ឈូងសមុទ្រ និងបង្កើតបណ្តាញផ្គត់ផ្គង់សាច់ប្រាក់ងាយស្រួលដែលមានស្ថិរភាព។
កន្លងមកតាមរយៈយន្តការ BRICS ចិនក៏បានព្យាយាមបញ្រ្ជាបឥទ្ធិពលរបស់ប្រាក់យន់ដល់ប្រទេសជាសមាជិកនៃប្លុកនេះផងដែរ ក្រោយប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ ព្រមានដាក់ពន្ធ១០០%លើក្រុមប្រទេស BRICS ប្រសិនបើបង្កើតរូបិយបណ្ណថ្មី ដើម្បីប្រកួតប្រជែងក្នុងប្រព័ន្ធទូទាត់ជាមួយប្រាក់ដុល្លារអាម៉េរិក។
ពាក់ព័ន្ធនឹងការបង្កើនកិត្យានុភាពនៃប្រាក់យន់នៅក្នុងចរន្តទូទាត់សកលនេះ អ្នកវិភាគបានលើកឡើងថា នេះជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ដែលធនាគារកណ្តាលចិនបានបញ្ចូលផែនការនេះទៅក្នុងកំណត់ត្រានៃកិច្ចប្រជុំពាក់កណ្តាលឆ្នាំរបស់ខ្លួន។ ការដាក់ចេញនូវផែនការនេះ វាស្របនឹងយុទ្ធសាស្រ្តទូលំទូលាយរបស់ទីក្រុងប៉េកាំង ក្នុងការបង្កើនទម្រង់ជាសកលរបស់ប្រាក់យន់ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីនិរន្តរភាពបំណុលរបស់សហរដ្ឋអាម៉េរិក និងការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយ ដែលបានធ្វើឱ្យមានការសង្ស័យជាថ្មីលើអំណាចនៃការត្រួតត្រារបស់ប្រាក់ដុល្លារអាម៉េរិក។
មកទល់ពេលនេះ ធនាគារកណ្តាលចិន បានចុះហត្ថលេខាលើការទទួលស្គាល់ប្រាស់ប្រាក់យន់សម្រាប់ការទូទាត់ពាណិជ្ជកម្មជាមួយប្រទេសមួយចំនួនដូចជារុស្ស៊ី ប្រេស៊ីល អាហ្សង់ទីន ប៉ាគីស្ថាន អ៊ីរ៉ង់ បង់ក្លាដែស និងតួកគីជាដើម៕
ដោយៈ សរ សុជាតិ