ក្រុមសេដ្ឋវិទូនៅធនាគារវិនិយោគអន្តរជាតិ បានផ្ដល់អនុសាសន៍ថា រដ្ឋាភិបាលនៃប្រទេសចិន ដែលមានប្រជាជនសរុបរហូតដល់ទៅជាង១,៤ពាន់លាននាក់ចាំបាច់ត្រូវបញ្ចេញថវិកាស្ដារសេដ្ឋកិច្ចយ៉ាងសម្បើមរហូតដល់ទៅ១,៤ទ្រីលានដុល្លារអាម៉េរិក ក្នុងរយៈពេលពីរឆ្នាំ ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចរបស់ខ្លួន និងធ្វើឱ្យសេដ្ឋកិច្ចត្រលប់ទៅរកកំណើនប្រកបដោយនិរន្តរភាពឡើងវិញ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា សម្ពាធបរិត្តផរណានៅក្នុងប្រទេសចិន មានសភាពកាន់តែធ្ងន់ធ្ងរ និងអូសបន្លាយពេលកាន់តែយូរ។
សេដ្ឋវិទូអន្តរជាតិទាំងនោះ បានគូសបញ្ជាក់ថា កញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចចំនួន១,៤ទ្រីលានដុល្លារអាម៉រិក ដែលមានទំហំស្មើនឹង២,៥ដង បើធៀបនឹងកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចដែលមហាយក្សចិន បានអនុម័តបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ២០០៨ នេះ គួរតែផ្ដោតលើការជួយគ្រួសារពលរដ្ឋ តាមរយៈការចំណាយលើសុខុមាលភាពសង្គមជាជាងការចំណាយលើការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធ។
លោក យ៉ូពិន ស៊ីង (Robin Xing) ប្រធានសេដ្ឋវិទូចិន នៅធនាគារវិនិយោគពហុជាតិសាសន៍ Morgan Stanley បានលើកឡើងថា វិបត្តិបរិត្តផរណាអូសបន្លាយកាន់តែយូរ មហាយក្សចិន នឹងកាន់តែពិបាកស្ដារសេដ្ឋកិច្ចឡើងវិញ។
យោងតាមធនាគារវិនិយោគធំបំផុតទី២របស់ពិភពលោក Goldman Sachs បានឱ្យដឹងថា ដោយសារតែការបន្តដាំក្បាលចុះកាន់តែជ្រៅនៃវិស័យអចលនទ្រព្យចិន ពលរដ្ឋចិនបានកាត់បន្ថយការចំណាយ ហើយងាកមកសន្សំលុយទុកកាន់តែច្រើន ដោយការសន្សំបានឈានដល់ប្រមាណ៣១% នៅក្នុងត្រីមាសទី២ឆ្នាំនេះ។ នេះមានន័យថា មនុស្សកាន់តែច្រើនឡើងលែងសូវចាយលុយដូចមុន ហើយងាកមកសន្សំលុយទុកវិញ ជាហេតុនាំឱ្យសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះឈានទៅរកវិបត្តិ។
គួរបញ្ជាក់ថា អតិផរណា ឬ Inflation សំដៅដល់ស្ថានភាពស្រុកទេសដែលទំនិញ និងសវាកម្មឡើងថ្លៃ ហើយតម្លៃលុយចុះថោក រីឯបរិត្តផរណា ឬ Deflation វិញសំដៅដល់ស្ថានភាពស្រុកទេសដែលតម្លៃទំនិញ និងសេវាកម្មចុះថោក។
ជាការពិតណាស់ថា នៅពេលទំនិញ និងសេវាកម្មចុះថោក ឬបរិត្តផរណា វានឹងជួយឱ្យពលរដ្ឋមានលទ្ធភាពចាយស្រួល និងច្រើនជាងមុន។ ប៉ុន្តែទន្ទឹមនេះ បរិត្តផរណាក៏អាចទាញសេដ្ឋកិច្ចរបស់ប្រទេសមួយឱ្យធ្លាក់ចូលក្នុងវិបត្តិផងដែរ ព្រោះវានឹងធ្វើឱ្យអតិថិជនជាអ្នកប្រើប្រាស់កាត់បន្ថយការចំណាយ ហើយការបាត់បង់អ្នកទិញនេះ នឹងធ្វើឱ្យក្រុមហ៊ុនសហគ្រាសនានាត្រូវបង្ខំចិត្តកាត់បន្ថយផលិតកម្ម បញ្ចុះតម្លៃបន្ថែមទៀត ដើម្បីបញ្ចេញស្តុកទំនិញដែលគាំងលក់មិនចេញ ហើយក៏ឈានទៅដល់ការកាតបន្ថយបុគ្គលិកដែលធ្វើឱ្យអត្រាគ្មានការងារធ្វើកើនឡើងខ្ពស់ ហើយសរុបមក វានឹងទាញកំណើនសេដ្ឋកិច្ចទាំងមូលឱ្យដាំក្បាលចុះ៕
ដោយ: តែម សុខុម