សង្គ្រាមអ៊ុយក្រែន

អង់គ្លេសនឹងផ្តល់ជំនួយផ្នែកយោធាបន្ថែម ១,៦ ពាន់លានដុល្លារទៀត ដល់យអ៊ុយក្រែន


ចក្រភពអង់គ្លេសបានប្រកាសនាចុងសប្ដាហ៍មុននេះថា ខ្លួននឹងផ្តល់ជំនួយផ្នែកយោធាប្រមាណ ១ពាន់៦រយលានដុល្លារ បន្ថែមទៀតដល់អ៊ុយក្រែ ខណៈសេចក្តីប្រកាសនេះធ្វើឡើងមុនពេលបើកកិច្ចប្រជុំវីដេអូតាមប្រព័ន្ធអនឡាញ ដែលបានធ្វើឡើងនៅថ្ងៃអាទិត្យ ជាមួយមេដឹកនាំប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង ៧ ឬហៅ G7 ដែលមានការចូលរួមដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ផងដែរ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន South China Morning Post។
អង់គ្លេសនឹងផ្តល់ជំនួយផ្នែកយោធាបន្ថែម ដល់អ៊ុយក្រែន
ដោយ

នាយករដ្ឋមន្ត្រីអង់គ្លេស លោកបូរីស ចនសុន (Johnson) គឺជាមេដឹកនាំមួយរូបដែលបានគាំទ្រខ្លាំងបំផុតនៃកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ដើម្បីទប់ទល់នឹងកងកម្លាំងរុស្ស៊ី ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនបានបើកការឈ្លានពានកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក។ ក្នុងនោះ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម រដ្ឋាភិបាលរបស់លោក ចនសុន បានបញ្ជូនមីស៊ីលធំៗ សម្រាប់ប្រឆាំងរថក្រោះរុស្ស៊ី ប្រព័ន្ធការពារដែនអាកាស និងអាវុធផ្សេងទៀតទៅកាន់អ៊ុយក្រែន។

ទន្ទឹមនឹងនេះ ការសន្យាផ្តល់ជំនួយថ្មីប្រមាណ ១ពាន់៦រយលានដុល្លារនេះ គឺមានចំនួនច្រើនទ្វេដង លើសពីការផ្តល់ជំនួយមុនៗរបស់ចក្រភពអង់គ្លេសទៅឲ្យអ៊ុយក្រែន ខណៈការចំណាយបន្ថែមលើអ៊ុយក្រែន គឺអង់គ្លេសបានដកយកចេញពីទុនបំរុងដែលប្រើប្រាស់សម្រាប់ការសង្គ្រោះបន្ទាន់របស់ខ្លួន។ រដ្ឋាភិបាលចក្រភពអង់គ្លេសបានអះអាងថា នេះគឺជាអត្រាខ្ពស់បំផុតនៃការចំណាយរបស់អង់គ្លេស សម្រាប់ឆ្លើយតបជម្លោះក្នុងតំបន់ចាប់តាំងពីសង្គ្រាមនៅអ៊ីរ៉ាក់ និង អាហ្វហ្គានីស្ថាន។

លោក ចនសុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារដ៏ឃោរឃៅរបស់ប្រធានាធិបតីរុស្ស៊ីលោក ពូទីន មិនត្រឹមតែបង្កឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងគំរាមកំហែងដល់សន្តិភាព និង សន្តិសុខនៅទូទាំងទ្វីបអឺរ៉ុបផងដែរ។ លោកបានបន្តថា ចក្រភពអង់គ្លេសនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនៃក្រុមការពារជាតិឈានមុខគេនៅចុងខែនេះ ដើម្បីពិភាក្សាអំពីការបង្កើនផលិតកម្ម ក្នុងការឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការក្នុងសង្រ្គាមនៅអ៊ុយក្រែន។

គួរកត់សម្គាល់ថា មេដឹកនាំនៃសមាជិក G7 ដែលមានដូចជា ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និង សហរដ្ឋអាមេរិក បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយលោក Zelensky នៅថ្ងៃអាទិត្យ ពោលគឺនៅមួយថ្ងៃមុនពេលប្រទេសរុស្ស៊ីប្រារព្ធថ្ងៃទិវាជ័យជំនះរបស់ខ្លួន ដែលជាការបញ្ចប់សង្គ្រាមលោកនៅអឺរ៉ុបផងដែរ។

គួរជម្រាបថា ចក្រភពអង់គ្លេសបានផ្តល់ជំនួយផ្នែកយោធាជាច្រើនសន្ធឹកសន្ធាប់ដល់អ៊ុយក្រែន ហើយខ្លួនក៏បានប្រកាសទទួលយកជនភៀសខ្លួនអ៊ុយក្រែនរាប់លាននាក់ដែលបានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេអំឡុងពេលមានសង្គ្រាមកើតឡើងផងដែរ។ រដ្ឋាភិបាលអង់គ្លេសបានអះអាងកាលពីថ្ងៃសៅរ៍ ទី០៧ឧសភាថា រហូតមកដល់ពេលនេះ ខ្លួនបានចេញទិដ្ឋាការ (Visa) ជាង ៨ ម៉ឺន ៦ ពាន់ ដល់ជនជាតិអ៊ុយក្រែន ដែលក្នុងនោះប្រហែល ២ ម៉ឺន ៧ ពាន់នាក់ បានទៅដល់ចក្រភពអង់គ្លេសរួចហើយ៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WHO ប្រមូលភស្តុតាងសម្រាប់ការស៊ើបអង្កេត ជុំវិញករណីឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅក្នុងទីក្រុងគៀវកាលពីពេលថ្មីៗនេះថា ខ្លួនកំពុងតែប្រមូលភស្តុតាង ដើម្បីចងក្រងទុកជាឯកសារសម្រាប់ការស៊ើប…

ការទូតវ៉ាក់សាំងរបស់ចិនធ្លាក់ចុះ ក្រោយប្រឈមនឹងការផ្ទុះឡើងនៃមេរោគបំប្លែងថ្មី អូមីក្រុង?

ព័ត៌មាន
ការនាំចេញវ៉ាក់សាំងបង្ការមេរោគ កូវីដ១៩ របស់ប្រទេសចិនបានធ្លាក់ចុះដោយសារតែ ប្រសិទ្ធភាពការពារនៃវ៉ាក់សាំងហាក់មានភាពចុះខ្សោយក្នុងការប្រឆា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ