ប្រទេសចិន និងអាជ្ញាធរប៉ាឡេស្ទីនស្ថាបនាភាពជាដៃគូយុទ្ធសាស្ត្រ

ប្រធានាធិបតី ស៊ី ជីនពីង ប្រកាសថា ប្រទេសចិន និងអាជ្ញាធរប៉ាឡេស្ទីនស្ថាបនាភាពជាដៃគូយុទ្ធសាស្ត្រ


ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រាប់សមភាគីប៉ាឡេស្ទីននៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធថា ប្រទេសចិនមានឆន្ទៈដើរតួជាវិជ្ជមាន ដើម្បីជួយប៉ាឡេស្ទីនសម្រេចបាននូវការផ្សះផ្សាផ្ទៃក្នុង និងជំរុញកិច្ចចរចាសន្តិភាពជាមួយអ៊ីស្រាអែលឡើងវិញ។ ការថ្លែងដូច្នេះបានធ្វើឡើងអំឡុងដំណើរទៅកាន់ប្រទេសចិនរបស់ប្រមុខអាជ្ញាធររដ្ឋប៉ាឡេស្ទីន ចំពេលដែលជម្លោះរាំរៃមិនចេះចប់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនកំពុងកើនកម្តៅ ខណៈអាមេរិកហាក់ងាកទៅគាំទ្រអ៊ីស្រាអែលតែម្ខាង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ប្រទេសចិន និងអាជ្ញាធរប៉ាឡេស្ទីនស្ថាបនាភាពជាដៃគូយុទ្ធសាស្ត្រ

«ដំណោះស្រាយជាមូលដ្ឋានចំពោះបញ្ហាប៉ាឡេស្ទីន គឺនៅក្នុងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ដោយផ្អែកលើព្រំប្រទល់ឆ្នាំ១៩៦៧ ដោយទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន»។ នេះបើយោងតាមការថ្លែងឡើងរបស់លោក ស៊ី ជីនពីង ដែលបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។ លោក ស៊ី បានប្រាប់លោកម៉ាម៉ូដ អាប់បាស (Mahmud Abbas) ប្រធានាធិបតីរដ្ឋប៉ាឡេស្ទីន នៅឯសាលប្រជាជនចិនក្នុងទីក្រុងប៉េកាំងថា «ចិនតែងតែគាំទ្រយ៉ាងមុតមាំនូវបុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាជនប៉ាឡេស្ទីនក្នុងការស្តារសិទ្ធិជាតិសាសន៍ស្របច្បាប់របស់ខ្លួនឡើងវិញដែរ»។

ប្រមុខអាជ្ញាធររដ្ឋប៉ាឡេស្ទីននឹងនៅទីក្រុងប៉េកាំងរយៈពេលបីថ្ងៃ ដោយលោកសង្ឃឹមថា ​ចិននឹងជួយគាំទ្ររដ្ឋខ្លួន​ ក្រោយពីបានបរាជ័យក្នុងការជួបជាមួយមន្ត្រីអាមេរិកអំឡុងពេលកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំមុន។ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអាន់តូនី ប្លីនេខេន (Antony Blinken) បានសន្យាបន្តការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសន្តិសុខរបស់អ៊ីស្រាអែល និងដំណោះស្រាយចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។ ប៉ុន្តែលោកបាននិយាយថា ការពង្រីកការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ នឹងក្លាយជាឧបសគ្គដល់សន្តិភាព។

ក្នុងជំនួបនៅរដ្ឋធានីប៉េកាំងនោះដែរ លោកស៊ី ជីនពីង មេដឹកនាំកំពូលចិន ក៏បានបញ្ជាក់សាជាថ្មីចំពោះការគាំទ្ររបស់ចិនដើម្បីឱ្យអាជ្ញាធរប៉ាឡេស្ទីនក្លាយទៅជាសមាជិកនៃអង្គការសហប្រជាជាតិ ហើយប៉េកាំងនឹងបន្តនៅជាមួយភាគីប៉ាឡេស្ទីនក្នុងវេទិកាពហុភាគីផ្សេងទៀតផងដែរ។ កាលពីពេលកន្លងទៅ អាមេរិកតែងជំទាស់ ចំពោះសមាជិកភាពរបស់រដ្ឋប៉ាឡេស្ទីន​ក្នុងអង្គការសហប្រជាជាតិ ដោយថាវានឹងរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីស្រាអែល។

យ៉ាងណាមិញ មេដឹកនាំទាំងពីរកាលពីថ្ងៃពុធក៏បានប្រកាសអំពីកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ និងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។ ក្នុងនោះរួមមាន «កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកវិទ្យា កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការទៅវិញទៅមកសម្រាប់លិខិតឆ្លងដែនការទូត និងកិច្ចព្រមព្រៀងមិត្តភាពរវាងទីក្រុងអ៊ូហាន និងទីក្រុងរ៉ាម៉ាឡារបស់រដ្ឋបាលប៉ាឡេស្ទីននៅតំបន់​ West Bank ផងដែរ»។

មែនទែនទៅ មេដឹកនាំក៏ដូចជាប្រជាជនប៉ាឡេស្ទីននៅតែបន្តស្វែងរកការភ្ជាប់ទឹកដីមកវិញ ពោលគឺទាមទារមកវិញនៃតំបន់ West Bank ហ្កាហ្សា និងហ្សេរុយសាឡឹមខាងកើត ដែលជាទឹកដីដែលអ៊ីស្រាអែលកាន់កាប់ក្នុងសង្រ្គាមមជ្ឈិមបូព៌ាឆ្នាំ ១៩៦៧។ ក្រោយមក អ៊ីស្រាអែល​បាន​ដក​ទាហាន និង​អ្នក​តាំង​លំនៅ​ចេញ​ពី​តំបន់​ហ្កាហ្សា​ក្នុង​ឆ្នាំ ២០០៥ ប៉ុន្តែ​នៅ​តែ​បន្ត​ពង្រីក​ការ​តាំង​ទីលំនៅ​នៅ​តំបន់​វេសប៊ែង ហើយ​ហៅ​ក្រុង​ហ្សេរុយសាឡឹម​ថា ​ជា​រដ្ឋធានី​ដែល​មិន​អាច​បំបែកជារៀងរហូតរបស់អ៊ីស្រាអែល។ ការប៉ះទង្គិចគ្នាគឺនៅបន្តមានជាហូរហែររវាងកងកម្លាំងអ៊ីស្រាអែល និងប្រជាជនតស៊ូប៉ាឡេស្ទីននៅតំបន់ហ្សេរុយសាឡឹម ដែលបង្កឱ្យការរបួសនិងបាត់បង់ជីវិត។

ទោះយ៉ាងណា អ្នក​វិភាគ​និយាយ​ថា ការ​បែកបាក់​ផ្ទៃក្នុង​របស់​ប៉ាឡេស្ទីន​បាន​បង្ក​ជា​ឧបសគ្គ​មួយ​ទៀតសម្រាប់ការចរចារសន្តិភាព។ ចលនា​ហាម៉ាស់​អ៊ីស្លាម​ដែល​គ្រប់គ្រង​តំបន់​ហ្កាហ្សា​បាន​ស្បថ​នឹងកម្ទេចរដ្ឋអ៊ីស្រាអែល ទើបចូលតុចរចា ខណៈដែលអាជ្ញាធរ​ប៉ាឡេស្ទីនគ្រប់គ្រងដោយលោក អាប់បាស ដែលគ្រប់គ្រងផ្នែកខ្លះនៃតំបន់​វេសប៊ែងវិញ បាន​ចរចា​ជាមួយ​អ៊ីស្រាអែលជាច្រើនដង តែហាក់មិនបង្ហាញសញ្ញាវិជ្ជមានបន្តិចសោះ៕




អត្ថបទបន្ទាប់


ធនាគារជាតិចិនបន្ថយអត្រាការប្រាក់កម្ចីរយៈពេលមធ្យម ខណៈធនាគារកណ្ដាលអាមេរិកផ្អាកដំឡើងអត្រាការប្រាក់

ធនាគារកណ្តាលរបស់ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ បានកាត់បន្ថយអត្រាការប្រាក់កម្ចីរយៈពេលមធ្យមសម្រាប់ស្ថាប័នហិរញ្ញវត្ថុ។ នេះជាការផ្លាស់ប្តូរអត្រាការ…

ក្រោយភ្ជាប់ជាមួយថៃ កម្ពុជានឹងភ្ជាប់ការទូទាត់ប្រាក់រៀលតាមប្រព័ន្ធបាគងជាមួយឡាវ និងវៀតណាម

ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា បន្ទាប់ពីភ្ជាប់ការទូទាត់ជាមួយថៃបានជោគជ័យ ឥឡូវនេះធនាគារជាតិនៃកម្ពុជាកំពុងរៀបចំនីតិវិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ