ផែនការបោះផ្សាយលក់មូលបត្របំណុលឆ្នាំ២០២៥ នេះ គឺកើនឡើងយ៉ាងខ្លាំងបើធៀបនឹងការបោះផ្សាយលក់មូលបត្របំណុលក្នុងឆ្នាំ២០២៤ ដែលមានត្រឹមតែ១៣៧ពាន់លានដុល្លារអាម៉េរិក ខណៈដែលទីក្រុងប៉េកាំង បានត្រៀមលក្ខណៈទប់ទល់ផលប៉ះពាល់ដែលអាចកើតមានដោយសារការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិក លើទំនិញនាំចូលរបស់ចិន នៅពេលដែលលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីជាផ្លូវការនៅខែមករា ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ។
ប្រភពច្បាស់ការដែលសុំលាក់អត្តសញ្ញាណបានទម្លាយឱ្យដឹងថា ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដែលប្រមូលបានពីការបោះផ្សាយលក់មូលបត្របំណុលនេះ នឹងត្រូវយកទៅប្រើប្រាស់ ដើម្បីជំរុញតម្រូវការក្នុងទីផ្សារតាមរយៈកម្មវិធីឧបត្ថម្ភធន ជួយក្រុមហ៊ុនសហគ្រាសនានាធ្វើទំនើបកម្មឧបករណ៍ គ្រឿងចក្រ ឬបច្ចេកវិទ្យារបស់ខ្លួន និងជួយគាំទ្រផ្ដល់ហិរញ្ញប្បទានដល់ការវិនិយោគក្នុងវិស័យនវានុវត្តន៍ថ្មី។
ទោះជាយ៉ាងណា ការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋចិន (SCIO) ដែលជាអ្នកឆ្លើយរាល់សំណួររបស់ប្រព័ន្ធផ្សព្វផ្សាយជួសមុខឱ្យរដ្ឋាភិបាលចិន ក្រសួងហិរញ្ញវត្ថុ និងគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ (NDRC) នៃប្រទេសនេះមិនបានឆ្លើយតបនឹងសំណើរបស់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ដែលសុំការឆ្លើយបំភ្លឺជុំវិញបញ្ហានេះនេះ។
ជាការកត់សម្គាល់ឃើញថា ក្រោយធ្លាយដំណឹងដ៏រសើបនេះ ផលបត្រនៃមូលបត្របំណុលរយៈពេល១០ឆ្នាំ និងរយៈពេល៣០ឆ្នាំរបស់ប្រទេសចិន បានហក់ឡើងបន្តិច។ ការបោះផ្សាយលក់មូលបត្របំណុលពិសេស ដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ គឺជាការបោះផ្សាយមូលបត្របំណុលក្នុងចំនួនច្រើនបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ ហើយនេះឆ្លុះបញ្ចាំងឱ្យឃើញថា ទីក្រុងប៉េកាំង បានត្រៀមខ្លួនរួចជាស្រេចក្នុងការខ្ចីបុលបន្ថែមទៀត ដើម្បីដោះស្រាយវិបត្តិអប្បផរណា (Deflation) នៅក្នុងប្រទេសចិន។
លោក ថមមី ស៊ា (Tommy Xie) ប្រធានផ្នែកសិក្សាស្រាវជ្រាវពីស្ថានភាពសេដ្ឋកិច្ចអាស៊ី នៅធនាគារសិង្ហបុរី OCBC Bank បានកត់សម្គាល់ថា ផែនការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋាភិបាលចិននេះ គឺពិតជាមានទំហំធំខ្លាំងណាស់ ដែលលើសពីការរំពឹងទុករបស់ទីផ្សារទៅទៀត៕
ដោយ: តែម សុខុម