ថ្លែងក្នុងពិធីប្រគល់ទទួលវាក់សាំងការពារជំងឺឆ្លងសត្វចំនួន១លានកម្រិត ដែលជាអំណោយរបស់ក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា វិស័យចិញ្ចឹមសត្វដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូល លើកកម្ពស់ការរស់នៅ និងជំរុញសេដ្ឋកិច្ចជាតិ។ ឯកឧត្តម បញ្ជាក់បន្ថែមថា កន្លងមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំប្រឹងប្រែងជំរុញឱ្យវិស័យចិញ្ចឹមសត្វនេះឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែនៅតែជួបនូវបញ្ហាលំបាកមួយចំនួនផងដែរ។
ឯកឧត្តម ឌិត ទីណា អះអាងថា ជំងឺឆ្លងសត្វ គឺជាឧបសគ្គមួយជាចំបងដែលធ្វើឲ្យប៉ះពាល់ដល់ការចិញ្ចឹមសត្វ ការផ្គត់ផ្គង់សាច់ និងផលិតផលសត្វនៅលើទីផ្សារក៏ដូចជាសេដ្ឋកិច្ចនៅកម្ពុជា។ ការផ្ទុះ និងការឆ្លងរាលដាលជំងឺឆ្លងទាំងនេះ ធ្វើឲ្យខូចខាតយ៉ាងខ្លាំងដល់អ្នកចិញ្ចឹមសត្វ និងសេដ្ឋកិច្ច។ ជាក់ស្តែង កន្លងមកកម្ពុជាបានជួបប្រទះនូវការផ្ទុះ និងឆ្លងរាលដាលនៃជំងឺមួយចំនួន ដូចជាជំងឺអុតក្តាម ជំងឺសារទឹកគោក្របី ជំងឺប៉េស្តជ្រូក ជំងឺផ្ដាសាយបក្សី ជំងឺប៉េស្តជ្រូកអាហ្វ្រិក និងនាពេលថ្មីៗនេះ ជំងឺដុំពកស្បែកលើគោក្របី ដែលធ្វើឲ្យខូចខាតយ៉ាងខ្លាំងដល់អ្នកចិញ្ចឹមសត្វជាពិសេសកសិករនៅជនបទ។ មិនតែប៉ុណ្ណោះមន្ទីរពិសោធន៍ និងធនធានមនុស្សនៅមានកម្រិត បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍វិស័យចិញ្ចឹមសត្វផងដែរ។
បើតាម រដ្ឋមន្រ្តីក្រសួងកសិកម្ម កន្លងមកប្រទេសចិនបានគាំទ្រ និងលើកកម្ពស់ការចិញ្ចឹមសត្វ តាមរយៈគម្រោង និងកិច្ចសហប្រតិបត្តិការនានាមានដូជា កម្មវិធីឡជីវឧស្ម័ន អំណោយជាវ៉ាក់សាំងការពារជំងឺឆ្លងសត្វ និងកម្មវិធីបណ្តុះបណ្តាលជាច្រើន។ នាពេលថ្មីៗនេះក៏មានគម្រោងអាស៊ាន-ចិន ដែលនឹងគ្រោងសាងសង់មន្ទីរពិសោធន៍រោគវិនិច្ឆ័យជំងឺសត្វថ្នាក់ជាតិជូនអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងបានចុះអនុស្សារណៈយោគយល់គ្នា និងកិច្ចព្រមព្រៀងចំនួនពីរក្នុងនោះមាន «ការពង្រឹងកិច្ចសហប្រតិបត្តិការលើបសុឱសថ វត្ថុធាតុជីវបសុព្យាបាល និងសារធាតុបន្ថែមចំណីសត្វ» និង «ការផ្តល់ជំនួយវ៉ាក់សាំងសត្វ» ចុះថ្ងៃទី ០៩ខែវិច្ឆិកា ឆ្នាំ២០២២ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងកសិកម្ម និង កិច្ចការជនបទនៃសាធារណៈរដ្ឋប្រជាមានិតចិនផងដែរ៕