អេស៊ីលីដា

ធនាគារ អេស៊ីលីដា នៅតែសម្រេចបានលទ្ធផលល្អប្រសើរ ទោះបីប្រាក់ចំណេញធ្លាក់ចុះបន្តិចក្តីនៅឆ្នាំ២០២៣


ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា អះអាងថា ពិនិត្យមើលសមិទ្ធផលជារួមរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅឆ្នាំ២០២៣ គឺសម្រេចបានលទ្ធផលល្អប្រសើរ បើទោះជាប្រាក់ចំណេញមានការធ្លាក់ចុះបន្តិចក្តី។ ជាក់ស្តែងគិតត្រឹមដំណាច់ឆ្នាំ២០២៣ ទំហំទ្រព្យសកម្មរបស់ធនាគារខ្មែរពាណិជ្ជកម្មដ៏ធំមួយនេះមានការកើនឡើងជាង៧រយលានដុល្លារ ខណៈទំហំឥណទានកើនឡើងជាង២រយលានដុល្លារ និងប្រាក់បញ្ញើកើនឡើងជាង៨រយលានដុល្លារ។ យ៉ាងណាមិញ ថ្នាក់ដឹកនាំធនាគារនេះរំពឹងថា ធនាគារ អេស៊ីលីដា នឹងអាចសម្រេចបានលទ្ធផលល្អប្រសើរដូចការគ្រោងទុកនៅឆ្នាំ២០២៤ នេះ។
អេស៊ីលីដា
ដោយ

លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា អះអាងថា ទោះបីស្ថានភាពសេដ្ឋកិច្ចសកលរួមទាំងកម្ពុជា បន្តស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ និងទទួលរងនូវឥទ្ធិពលពីវិបត្តិខាងក្រៅក៏ដោយ តែវាមិនបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រតិបត្តិការរបស់ធនាគារ អេស៊ីលីដា ក្នុងការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើពីអតិថិជននោះឡើយ។ នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ថ្នាក់ដឹកនាំធនាគារពាណិជ្ជដ៏ធំមួយនេះបានវាយតម្លៃថា លទ្ធផលជារួមដែលធនាគារនេះសម្រេចបាន គឺមានភាពល្អប្រសើរ បើទោះបីប្រាក់ចំណេញមានការធ្លាក់ចុះបន្តិចប្រមាណ២០% ក្តី។ ជាក់ស្តែងគិតត្រឹមដំណាច់ឆ្នាំ២០២៣ ទ្រព្យសកម្មសរុបរបស់ធនាគារនេះមានទំហំជិត៩ពាន់ ៨រយលានដុល្លារ មានការកើនឡើងជាង៧១២លានដុល្លារអាម៉េរិក បើធៀបនឹងដំណាច់ឆ្នាំ២០២២ ខណៈទំហំឥណទានកើនឡើងជាង២៣៥លានដុល្លារ និងប្រាក់ចំណូលកើនឡើងជាង៨៤លានដុល្លារ។

ជាមួយគ្នានេះ ដោយមានការជឿទុកចិត្តរបស់អតិថិជនបានជួយជំរុញឱ្យប្រាក់បញ្ញើរបស់ធនាគារ អេស៊ីលីដា នៅដំណាច់ឆ្នាំ២០២៣ បានកើនឡើងដល់ជាង៧ពាន់ ២រយលានដុល្លារ មាននការកើនឡើងជិត៨៣៩លានដុល្លារអាម៉េរិក ឬជាង១៣% បើធៀបនឹងដំណាច់ឆ្នាំ២០២២។ ទន្ទឹមនេះ ធនាគារនេះ បានចំណាយការប្រាក់បន្ថែមជូនដល់អតិថិជនរបស់ខ្លួនប្រមាណជាជាង៨៤លានដុល្លារអាម៉េ​រិក ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ផងដែរក្នុងការជួយបង្កើនចំណូលដល់អតិថិជន សេដ្ឋកិច្ចជាតិ និងភាពរីកចម្រើនជាមួយគ្នា។

បើតាមថ្នាក់ដឹកនាំរូបនេះ ដោយអនុវត្តតាមបទប្បញ្ញត្តិទាក់ទងនឹងការធ្វើចំណាត់​ថ្នាក់ឥណទាន និងដើម្បីភាពរឹងមាំ និងទប់ទល់រាល់ហានិភ័យ ដែលអាចជះឥទ្ធិពលដល់ឥណទាន និងបុរេប្រទានដល់អតិថិជន ជាពិសេសហានិភ័យដែលអាចកើតចេញពីកូវីដ-១៩ ធនាគារបានបង្កើននូវសំវិធានធននៃការខាតបង់ ដែលធ្វើឱ្យធនាគារនេះធ្លាក់ចុះប្រាក់ចំណេញប្រមាណ២១លានដុល្លារអាម៉េរិក បើធៀបនឹងឆ្នាំ២០២២។

យ៉ាងណាក៏ដោយថ្នាក់ដឹកនាំធនាគារនេះរំពឹងថា អេស៊ីលីដា នឹងអាចសម្រេចបានលទ្ធផលល្អតាមរំពឹងទុកនៅក្នុងឆ្នាំ២០២៤នេះ ក្រោយមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសធានាគារជាតិ នៃកម្ពុជា បាននិងកំពុងរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងជួយជ្រោមជ្រែងវិស័យធនាគារ និងហិរញ្ញវត្ថុ ស្របពេលដែលសេដ្ឋកិច្ចកម្ពុជានៅតែបន្តរក្សានូវកំណើនល្អប្រសើរ តាមរយៈការងើបឡើងវិញជាបន្តបន្ទាប់ពីជំងឺរាតត្បាត ដែលជំរុញដោយដំណើរការដ៏រឹងមាំក្នុងការនាំចេញផ្នែកផលិតកម្ម ការងើបឡើងវិញបន្តិចម្តងៗនៃវិស័យសេវាកម្ម ដែលគាំទ្រដោយការកើនឡើងចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងការអនុម័តលើគម្រោងវិនិយោគថ្មីៗ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីបន្ដជួយជំរុញដល់ធុរជនកម្ពុជា និងបរទេស ក្នុងការវិនិយោគលើវិស័យជាច្រើន រួមមានកសិកម្ម កសិឧស្សាហកម្ម កម្មន្តសាលមិនមែនកាត់ដេរ បច្ចេកវិទ្យាកម្រិតខ្ពស់ និងទេសចរណ៍ ជាដើម។ ការផ្តោតសំខាន់របស់រាជរដ្ឋាភិបាល គឺពង្រីកដល់ការលើកកម្ពស់ធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ បង្កើនការធ្វើពិពិធកម្ម ពង្រឹងសមត្ថភាពប្រកួតប្រជែង និងបង្កើនផលិតភាព ដើម្បីធានាបាននូវនិរន្តរភាព និងកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលវែង។

ដើម្បីឈានទៅសម្រេចបានតាមគោលដៅដែលបានរំពឹងទុកនៅក្នុងឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា នឹងបន្តធ្វើឱ្យប្រសើរឡើងនូវមុខងារស្វ័យប្រតិបត្តិការជាច្រើនលើ អេស៊ីលីដាម៉ូបាល ឃ្យូអរកូដ ម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតកាត ស្របតាមតម្រូវការរបស់អតិថិជន និងវិវឌ្ឍនាការបច្ចេកវិទ្យាឌីជីថល​។ ទន្ទឹមនឹងនេះធនាគារ អេស៊ីលីដា បានពង្រីកសេវាកម្មធនាគារស្វ័យប្រវត្តិចំនួន១៧៧ទីតាំង ក្នុងនោះនៅរាជធានីភ្នំពេញ ចំនួន៦១ទីតាំង និងបណ្តាខេត្តសរុបចំនួន១១៦ទីតាំង បន្ថែមលើសាខាធនាគារទាំង២៦៤សាខា ព្រមទាំងបានបំពាក់ម៉ាស៊ីនអេធីអឹមជាង១ពាន់៣រយគ្រឿង ម៉ាស៊ីនឆូតកាតជាង៤ពាន់៧រយគ្រឿង និងបំពាក់ QR ដល់អតិថិជនជាដៃគូ ដោយ គិតត្រឹមដំណាច់ឆ្នាំ២០២៣នេះ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្មសរុបជាង៣៣ម៉ឺន និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលសរុបចំនួន៣,៣លាននាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។អត្ថបទបន្ទាប់


កម្ពុជា និងអូស្រ្តាលី គ្រោងរៀបចំវេទិកាធុរកិច្ច និងចុះអនុស្សរណៈនៃការយោគយល់គ្នា នៅទីក្រុងម៉ែលប៊ន

ព័ត៌មាន
ប្រសិនបើមិនមានការប្រែប្រួលទេ វេទិកាធុរកិច្ច កម្ពុជា និងអូស្រ្តាលី និងការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្…

កម្ពុជាត្រៀមនាំក្រុមហ៊ុនទេសចរណ៍ចំនួន ២២ ទៅអឺរ៉ុប ដើម្បីស្វែងរកការចុះហត្ថលេខាលក់កញ្ចប់ទេសចរណ៍

ព័ត៌មាន
បើមិនមានអ្វីប្រែប្រួលទេ ពិព័រណ៍ទេសចរណ៍អន្តរជាតិ នៅក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ នឹងរៀបចំធ្វើក្នុងខែមីនា ឆ្នាំ២០២៤ នាដើមសប្ដាហ៍ក្រោយ ដោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ