វិស័យលំនៅឋាន

ចិនច្រានចោលផែនការរបស់ IMF ដែលស្នើឱ្យខ្លួនបញ្ចេញមូលនិធិ១ទ្រីលានដុល្លារ ដើម្បីសង្គ្រោះវិស័យលំនៅឋាន


ស្ថាប័នមូលនិធិ​រូបិយវត្ថុអន្តរជាតិ (IMF) បានស្នើឱ្យរដ្ឋាភិបាលថ្នាក់ជាតិនៃមហាយក្សចិន បញ្ចេញមូលនិធិរហូតដល់ទៅ១ទ្រីលានដុល្លារអាម៉េរិក ដើម្បីជួយសង្គ្រោះវិស័យលំនៅឋាន ក្នុងគោលបំណងជំរុញការសាងសង់បញ្ចប់គម្រោងលំនៅឋានជាប់គាំងនានា។ ទោះជាយ៉ាងណា សំណើនេះត្រូវបានប្រទេសចិន ច្រានចោល ខណៈដែលទីផ្សារសង្ឃឹមថា មហាយក្សចិន នឹងដាក់ចេញវិធានការជួយគាំទ្រយ៉ាងសម្បើមដល់វិស័យដែលកំពុងជាប់ផុងក្នុងវិបត្តិនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg។
វិស័យលំនៅឋាន
ដោយ

ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានស្នើឱ្យរដ្ឋាភិបាលថ្នាក់ជាតិនៃមហាយក្សចិន ប្រើប្រាស់ធនធានសារពើពន្ធទ្រង់ទ្រាយធំ ដើម្បីជួយសាងសង់បង្ហើយ និងប្រគល់លំនៅឋានដែល​​ជាប់​​​គាំង​​ឱ្យអ្នកទិញផ្ទះ ឬផ្តល់សំណងដល់អ្នកទិញផ្ទះ ហើយបានប៉ាន់ប្រមាណថា គម្រោងនេះអាចនឹងមានទំហំរហូតដល់ទៅ៥,៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន ក្នុងរយៈពេល៤ឆ្នាំ។

លោក ចាង ចឹងស៊ីន (Zhang Zhengxin) នាយកប្រតិបត្តិស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ប្រចាំប្រទេសចិន បានលើកឡើងថា ការជួយគាំទ្រដោយផ្ទាល់ផ្នែកសារពើពន្ធនឹងគ្មានលក្ខណៈសមស្របឡើយ ក្នុងស្ថានភាពបច្ចុប្បន្ន ហើយអាចនាំឱ្យមានការរំពឹងទុកថា រដ្ឋាភិបាលនឹងបញ្ចេញកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចបន្ថែមទៀតនៅពេលអនាគត។ ទោះបីជាវិស័យលំនៅឋានបានដាំក្បាលចុះរយៈពេលយូរយ៉ាងណាក្ដី ក៏ប្រទេសចិន នៅតែស្ទាក់ស្ទើរក្នុងការអនុវត្តការជំរុញសារពើពន្ធទ្រង់ទ្រាយធំដដែល។

វិបត្តិលំនៅឋានបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដោយក្រុងប៉េកាំង បានបង្ខំចិត្តងាកចេញពីវិស័យអចលនទ្រព្យ ហើយផ្ដោតលើបច្ចេកវិទ្យា និងផលិតកម្មដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ជាការពិតណាស់ រដ្ឋាភិបាលចិន បានលើកទឹកចិត្តឱ្យធនាគារនានាជួយសម្រួលផ្តល់ប្រាក់កម្ចីដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងលំនៅឋានដែលជាប់គាំងនានា ដើម្បីសម្រាលវិបត្តិ ប៉ុន្តែរដ្ឋាភិបាលខ្លួនឯងបែរជាឈប់ផ្តល់មូលនិធិដោយផ្ទាល់ទៅវិញ។

កាលពីអំឡុងខែឧសភា ក្រុមមន្ត្រីចិន បានប្រកាសថា ធនាគារកណ្តាលចិន បានបញ្ចេញថវិកាចំនួន៤២ពាន់លានដុល្លារអាម៉េរិក ដើម្បីជួយរដ្ឋបាលមូលដ្ឋានប្រមូលទិញលំនៅឋានដែលសាងសង់រួចរាល់ដែលមិនទាន់លក់ចេញ ហើយប្រែក្លាយវាទៅជាលំនៅឋានឧបត្ថម្ភធន។ ទោះជាយ៉ាងណា ដើម្បីប្រមូលទិញស្តុកលំនៅឋានទាំងអស់ រដ្ឋបាលមូលដ្ឋានចិន នឹងត្រូវការប្រាក់យ៉ាងច្រើនចន្លោះពី១៤០ពាន់លានដុល្លារទៅ៧០០ពាន់លានដុល្លារ ឯណោះ។

ស្ថាប័ន IMF ក៏បានជំរុញឱ្យប្រទេសចិន រំលាយចោលនូវបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ដែលក្ស័យធន និងអនុញ្ញាតឱ្យតម្លៃផ្ទះមានភាពបត់បែនបន្ថែមទៀតដើម្បីបង្កើនទំនុកចិត្ត និងតម្រូវការប្រើប្រាស់ផងដែរ ដែលជាលទ្ធផលនឹងជួយបង្កើនកំណើន និងប្រាក់ចំណូលសារពើពន្ធ។

ស្ថាប័ន IMF បានអំពាវនាវឱ្យប្រទេសចិន កាត់បន្ថយការប្រើប្រាស់យ៉ាងទូលំទូលាយរបស់ខ្លួននូវការឧបត្ថម្ភធនឧស្សាហកម្ម ហើយបានកត់សម្គាល់ថា ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២២ ប្រទេសចិន បានប្រើប្រាស់ការឧបត្ថម្ភធនប្រមាណ៥.៤០០ដង ដែលស្មើនឹង២ភាគ៣នៃការឧបត្ថម្ភធនដែលដាក់ចេញដោយក្រុមប្រទេស G20 រួមបញ្ចូលគ្នាទាំងមូល៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យអត្រាគ្មានការងារធ្វើនៅអាម៉េរិក កើនឡើងខ្ពស់រហូតដល់៤,៣% នៅខែកក្កដា កន្លងទៅ?

ក្រោយអ្នកសេដ្ឋកិច្ចបានបង្ហាញសញ្ញាវិជ្ជមាននៃកំណើនសេដ្ឋកិច្ចនៅត្រីមាសទី១ និងត្រីមាសទី២ ជាបន្តបន្ទាប់ ស្រាប់តែនៅខែកក្កដា កន្លងទៅថ្មីៗនេះ ស្ថានភាព…

មហាយក្សចិន ដាក់ចេញផែនការសកម្មភាព២០ជំហាន ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក

រដ្ឋាភិបាលចិន បានដាក់ចេញនូវផែនការអាទិភាពមួយចំនួន ដើម្បីជំរុញការចំណាយរបស់ប្រជាពលរដ្ឋ ខណៈតម្រូវការក្នុងស្រុកទន់ខ្សោយបានបន្តជះឥទ្ធិពលដល់ក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ