បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេសចិន លោក តេង ស៊ីជុន បានអះអាងថា ប្រទេសចិន បានតាមដានយ៉ាងដិតដល់ចំពោះស្ថានភាពបច្ចុប្បន្ននៅតាមព្រំដែនកម្ពុជា-ថៃ ហើយថា ចិន មានការសោកស្ដាយយ៉ាងខ្លាំងចំពោះអ្នកស្លាប់ និងរបួស និងការរត់ភៀសសឹក ដែលបង្កឡើងដោយជម្លោះនេះ។
លោក តេង បានសង្កត់ធ្ងន់ថា អាទិភាពបន្ទាន់របស់ចិន គឺការសម្រេចឱ្យបាននូវបទឈប់បាញ់ និងបញ្ចប់ជម្លោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្តការសន្ទនា និងដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈមធ្យោបាយសន្តិភាព។ ជាមួយគ្នានេះ ប្រទេសចិន គាំទ្រកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន និងតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការតាមដានបទឈប់បាញ់។
ប្រទេសចិន មានឆន្ទៈបង្កើតលក្ខខណ្ឌឡើងវិញ និងផ្តល់វេទិកាសម្រាប់ការសន្ទនា និងការចរចារវាងភាគីទាំងពីរ។ ប្រទេសចិន សង្ឃឹមយ៉ាងមុតមាំថា ទាំងកម្ពុជា និងភាគីថៃ នឹងធ្វើការក្នុងទិសដៅដូចគ្នា ខិតខំស្តារទំនុកចិត្តគ្នាទៅវិញទៅមក និងកសាងសន្តិភាពឡើងវិញនៅតាមព្រំដែន។
ទាំងកម្ពុជា និងភាគីថៃ បានអរគុណប្រទេសចិន យ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ខ្លួនក្នុងការលើកទឹកចិត្តការចរចាសន្តិភាពតាមរបៀប ដែលអាចទទួលយកបានសម្រាប់គ្រប់ភាគីទាំងអស់។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាព ហើយបានបង្ហាញក្តីសង្ឃឹមងថា នឹងឈានដល់បទឈប់បាញ់ប្រកបដោយចីរភាព។ ភាគីទាំងពីរក៏បានបង្ហាញឆន្ទៈក្នុងការរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ធ្វើការរួមគ្នាដើម្បីបន្ថយភាពតានតឹង និងស្តារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ ឡើងវិញឱ្យបានឆាប់ផងដែរ៕
ដោយ: តែម សុខុម