បង្កើតផ្សារកសិផលខ្មែរ ដើម្បីគាំទ្រដល់ផលិតផលខ្មែរ

ក្រុមហ៊ុន ភីធីធី បង្កើតផ្សារកសិផលខ្មែរនៅក្នុងស្ថាននីយប្រេងឥន្ធនៈ ភីធីធី ដើម្បីគាំទ្រដល់ផលិតផលខ្មែរ


ក្រុមហ៊ុន ភីធីធី គឺជាក្រុមហ៊ុនផ្តត់ផ្គង់ប្រេងឥន្ធនៈឈានមុខគេមួយនៅកម្ពុជា បានបង្កើតផ្សារ កសិផលខ្មែរ នៅក្នុងស្ថានីយប្រេងឥន្ធនៈ ភីធីធី របស់ខ្លួន ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដាក់តាំងលក់ផលិតផលរបស់ពួកគាត់ ។ ស្តង់ទាំងនេះគឺពុំមានគិតថ្លៃឈ្នួលពីប្រជាពលរដ្ឋអ្នកលក់ដូរទេ ។
ការដាក់លក់ផលិតផលខ្មែរ ក្នុងស្ថាននីយប្រេងឥន្ធនៈ ភីធីធី ស្គន់ នៅលើផ្លូវជាតិលេខ៦ អា ដែលជាស្ថាននីយដំបូងក្នុងការអនុវត្តគម្រោងផ្សារកសិផលខ្មែរនេះ ។

លោក​ ឆាតឆៃ សងអារុណ គឺជាអនុប្រធាន​ក្រុមហ៊ុន ភីធីធី ទទួលបន្ទុក​អាជីវកម្ម​លក់រាយ​ប្រេង​ឥន្ធនៈ ប្រចាំនៅកម្ពុជា ។

លោកបាន​ឲ្យ​ដឹងថា គម្រោង​ផ្សារ​កសិផល​ខ្មែរ បង្កើត​ឡើង​ស្រប​តាម​គោលការណ៍​ស្នូល​របស់ក្រុមហ៊ុន គឺ ''Betterment for Cambodian community and lifestyle'' ឬ​ «ការ​លើក​កម្ពស់​សហគមន៍​និងជីវភាពរស់​នៅ​របស់​ប្រជាជន​កម្ពុជា» ។

លោក ឆាតឆៃ សងអារុណ៖ «នេះជាលើកដំបូង ដែល​ក្រុមហ៊ុន​បាននាំផលិតផលខ្មែរ មកចូលក្នុងស្ថាននីយ ភីធីធី ។ យើងនឹងព្យាយាម​បង្កើតគម្រោងនេះជាបន្ដបន្ទាប់ ហើយធ្វើឱ្យបានគ្រប់ខេត្ត ព្រោះខេត្តនីមួយៗ របស់កម្ពុជាមានផលិតផលល្អៗផ្សេងៗគ្នា។ យើងនឹងយកផលិតផលទាំងអស់នោះ មកចូលក្នុងស្ថានីយប្រេង ភីធីធី ហើយយើងគឺជាអ្នកជួយផ្ដល់ទីតាំងក្នុងស្ថានីយ ឱ្យប្រជាជនបានដាក់តាំងលក់ផលិតផលរបស់ពួកគាត់»។

ស្ថាននីយប្រេងឥន្ធនៈ ភីធីធី ស្គន់ នៅលើ​ផ្លូវជាតិ​លេខ​៦ អា គឺ​ជាស្ថាននីយដំបូង​ក្នុង​ការ​អនុវត្តគម្រោង​ផ្សារកសិផល​ខ្មែរនេះ ។ បើ​តាម​ក្រុមហ៊ុន ជាជំហានដំបូង ផ្សារ​កសិផល​ខ្មែរ​ បើក​លក់​នៅក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ ភីធីធី នៅ​រៀងរាល់​ថ្ងៃសៅរ៍-អាទិត្យ និងថ្ងៃបុណ្យនានា ។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ស្គន់ ដែល​​ដាក់​លក់​ផលិតផល​នៅក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ ភីធីធី សម្ដែង​សេចក្ដី​សប្បាយរីករាយ និង​ក្ដីរំពឹង​វិជ្ជមាន​ចំពោះ​ផ្សារ​កសិផល​ខ្មែរ ដែល​ផ្ដួចផ្ដើម​ឡើង​ដោយក្រុមហ៊ុន ភីធីធី ។

កញ្ញា សល់ សូលីដា ពលរដ្ឋ​នៅភូមិ​ស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ៖ «ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្ត ដែលគាត់បានបើកឱកាសឱ្យ បងប្អូនកសិករយើងបានចូលលក់នៅហ្នឹង ចាស! សប្បាយចិត្តខ្លាំង! ព្រោះវាអាចជួយបន្ថែម នូវជីវភាពរបស់ពួកខ្ញុំ មួយកម្រិតទៀតអ៊ីចឹងដែរ។ គាត់បើកឱកាសឱ្យពួកខ្ញុំមកលក់ទីនេះ ដូចជានៅកន្លែងហ្នឹង ក៏មានជនបរទេសឆ្លងកាត់ដែរ អ៊ីចឹងគាត់អាចស្គាល់អំពីផលិតផលរបស់ខ្មែរដែរ»។

អ្នកស្រី គីម សុខឡេន ពលរដ្ឋ​នៅឃុំគោករវៀង ស្រុកជើងព្រៃ៖ «សង្ឃឹមថា នឹងរីកចម្រើនទៅរហូត [ព្រោះ] ជួយឱ្យផលិតផល[ក្នុងស្រុក]កាន់តែរីកចម្រើន។ ទៅថ្ងៃមុន ខ្ញុំនឹងយកស្ករត្នោត និងផ្លែត្នោត ឱ្យកាន់តែច្រើនយកមកដាក់លក់ទីនេះ»។

លោក រ៉ុង ចន្ទ​អរុណ ប្រធាន​ផ្នែក​ស្ថានីយ​ប្រេងឥន្ធនៈ របស់​ក្រុមហ៊ុន ភីធីធី បានឱ្យដឹងថា គម្រោងផ្សារកសិផល​ខ្មែរ នឹង​បង្ខិត​ឲ្យកាន់​តែ​ជិតគ្នា រវាងតម្រូវការ​និង​ការផ្គត់ផ្គង់ ដោយ​កសិករ​មានផលិតផល ហើយ​ស្ថាននីយ​ប្រេងឥន្ធនៈ ភីធីធី ប្រៀប​បីដូចជា​ទីផ្សារ​របស់​ពួកគាត់ ។

លោក រ៉ុង ចន្ទ​អរុណ៖ «គម្រោងនេះ គណៈគ្រប់គ្រង នៃក្រុមហ៊ុន ptt គាត់បានមើលឃើញថា វាជាឱកាសមួយ សម្រាប់ប្រជាពលរដ្ឋ ដែលពួកគាត់នៅជុំវិញតំបន់ ស្ថាននីយប្រេង ptt ផ្ទាល់តែម្ដង។ ជាឱកាសរបស់គាត់ ដើម្បីយកផលិតផល ដែលខ្លួនគាត់មាន ស្វែករកអតិថិជន អ៊ីចឹងសួរថា ស្វែងរកកន្លែងណា? គឺស្វែងរក នៅស្ថាននីយប្រេង ptt ដែលមានអតិជនស្រាប់តែម្ដង ព្រោះស្ថាននីយ ptt មានការទទួលស្គាល់ពីអតិថិជនជាទូទៅ។ អ៊ីចឹង គឺគាត់មកកន្លែងនេះ គឺគាត់អាចលក់ដូរផលិតផលរបស់គាត់បាន ធ្វើឱ្យកម្រិតជីវភាពរបស់គាត់ មានការរីកចម្រើន ល្អប្រសើរជាងមុន »។

បើ​យោងតាម​ក្រុមហ៊ុន នៅទូទាំង​ប្រទេស​កម្ពុជា មាន​ស្ថាននីយ​ប្រេង​ឥន្ធនៈ ភីធីធី ចំនួន​​ជាង ១០០កន្លែង ។ ក្រៅ​ពីការផ្គង់ផ្គង់ប្រេងឥន្ធនៈ ស្ថាននីយ​ភីធីធី ក៏មាន​ម៉ាត ហាងកាហ្វេ ស្តង់លក់​អាហារ​ផ្ដល់រសជាតិឈ្ងុយឆ្ងាញ់ និងព្រមទាំងបន្ទប់ទឹកស្អាត មានអនាម័យ ផងដែរ ។

តាម​គម្រោង​ផ្សារ​កសិផល​ខ្មែរ ក្រុមហ៊ុន ភីធីធី រំពឹង​ថា នឹងអាច​ជួយ​ដល់​កសិករ​ខ្មែរ​ឲ្យ​មាន​ជីវភាពប្រសើរឡើងមួយកម្រិត​ថែមទៀត ។ 

លោក ឆាតឆៃ សងអារុណ អនុប្រធានក្រុមហ៊ុន ភីធីធី ប្រចាំកម្ពុជា៖ «យើង​ធ្វើគ្រប់យ៉ាង ដើម្បីប្រជាជនកម្ពុជា មានសេចក្ដីសុខ ហើយផ្សារកសិផល​ខ្មែរ​ ជាវិធីដែល​អាចជួយគ្នា ធ្វើឱ្យអ្នកទិញ អ្នកលក់ មានសេចក្ដីសុខ ។ យើងអញ្ជើញបងប្អូនខ្មែរទាំងអស់ ឆៀងចូលទៅទិញផលិតផលរបស់ខ្មែរ ក្នុងស្ថានីយប្រេង PTT ដែល​ដាក់​លក់​មុនដំបូងគេ គឺ​នៅស្ថាននីយ PTT ស្គន់ ផ្លូវជាតិលេខ ៦អា » ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងចំណាយវិនិយោគហេដ្ឋារចនាសម្ព័ន្ធតម្លៃ១ទ្រីលានដុល្លារ ត្រូវបានលោកចូបៃឌិនចុះហត្ថលេខាហើយ

ព័ត៌មាន
គម្រោងហេដ្ឋារចនាសម្ព័ន្ធតម្លៃ១ទ្រីលានដុល្លាររបស់អាមេរិក ដែលកន្លងមកមានភាពចម្រូងចម្រាស់ខ្លាំងនៅក្នុងរដ្ឋសភាអាមេរិករវាងសមាជិកសភាមកពីគណបក្សប្រជ…

ហ្សបហោស៍ ម៉ាជេស្ទីក ស្ថិតនៅលើដងវិថីពាណិជ្ជកម្ម ផ្តល់ជូនតម្លៃកាន់តែពិសេស ជាមួយនឹងការបង់ប្រាក់កាន់តែងាយស្រួល

ព័ត៌មាន
ពិតជាពិសេសមែន!!! ហ្សបហោស៍ ម៉ាជេស្ទីក ស្ថិតនៅលើដងវិថីពាណិជ្ជកម្ម ក្នុងតំបន់ដ៏មានសក្តានុផល ផ្តល់ជូនតម្លៃកាន់តែពិសេសចាប់ពី 274,148 ដុល្លា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ