មហាយក្សចិន និងរុស្ស៊ីហាក់កំពុងទទួលបានជោគក្នុងការអន្ទងមេដឹកនាំប្រទេសនៅក្នុងតំបន់អាស៊ីឱ្យចូលរួមជាមួយប្រទេសក្នុងប្លុកសេដ្ឋកិច្ច BRICS នៅមួយរយៈចុងក្រោយនេះ។ ជាក់ស្តែងមុនដំណើរទស្សនកិច្ចរបស់លោក លី ឈាង នាយករដ្ឋមន្ត្រីចិនមកកាន់ប្រទេសម៉ាឡេស៊ី លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានបង្ហាញពីចេតនាចង់ចូលរួមជាមួយប្លុកនេះ ក្រោយមើលឃើញពីឥទ្ធិពល និងសក្តានុពលនៃ ប្លុកនេះកំពុងកើនឡើងទ្វេដងនៅឆ្នាំនេះ។
ក្រៅពីប្រទេសម៉ាស៊ី ប្រទេសថៃ ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទរបស់សហរដ្ឋអាម៉េរិក កាលពីខែមុន ក៏បានប្រកាសពីការចាប់អារម្មណ៍របស់ខ្លួនដើម្បីចូលរួមជាមួយ BRICS ដែលមានសមាជិកស្ថាបនិក ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងនេះ ផងដែរ។ រដ្ឋមន្ត្រីការបរទេសថៃ លោក ម៉ារីស សាង៉ាមភង្សា ( Maris Sangiampongsa) បានប្រាប់អ្នកយកព័ត៌មានកាលពីសប្តាហ៍មុនថា ប្លុកនេះតំណាងឱ្យក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូង និងត្បូង ដែលប្រទេសថៃ ប្រាថ្នាចង់ក្លាយជាផ្នែកមួយជាយូរមកហើយ។
សម្រាប់ប្រទេសដែលស្វែងរកការកាត់បន្ថយហានិភ័យសេដ្ឋកិច្ច ដែលបង្កឡើងដោយការប្រកួតប្រជែងរវាងសហរដ្ឋអាម៉េរិក និងចិន ការចូលរួមក្នុងប្លុក BRICS គឺជាការប៉ុនប៉ងដើម្បីទប់ទល់នឹងភាពតានតឹងមួយចំនួន ប៉ុន្តែវាក៏ជាមធ្យោបាយបង្ហាញពីការខកចិត្តកាន់តែខ្លាំងជាមួយនឹងបញ្ហាសណ្តាប់ធ្នាប់អន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក និងស្ថាប័នសំខាន់ៗដែលនៅតែរក្សាយ៉ាងរឹងមាំក្នុងការគ្រប់គ្រងរបស់មហាអំណាចលោកខាងលិច ដូចជាធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិផងដែរ។
សម្រាប់លោក ពូទីន និងលោក ស៊ី ការបង្ហាញការចាប់អារម្មណ៍លើ BRICS របស់បណ្តាប្រទេសនៅតំបន់អាស៊ី គឺបានបង្ហាញពីភាពជោគជ័យមួយរបស់ពួកគេក្នុងការរុញច្រានការប៉ុនប៉ងរបស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត ដើម្បីដាក់ពួកគេឱ្យនៅដាច់ដោយឡែកពីគេឱ្យកាន់តែទូលំទូលាយជុំវិញសង្រ្គាមនៅអ៊ុយក្រែន និងការគំរាមកំហែងផ្នែកយោធាចំពោះតៃវ៉ាន់ ហ្វីលីពីន កូរ៉េខាងត្បូង និងជប៉ុន។
កាលពីខែមករា អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អារ៉ាប់រួម អេត្យូពី និងអេហ្ស៊ីប បានសម្រេចចិត្តចូលរួមជាមួយប្លុក BRICS ក្រោមការសម្របសម្រួលដោយប្រទេសចិន ដែលកំពុងព្យាយាមបង្កើនឥទ្ធិពលរបស់ខ្លួននៅលើឆាកអន្តរជាតិ។ ពាក់ព័ន្ធនឹង BRICS នេះ ប្រជាជាតិអាស៊ីអាគ្នេយ៍មួយផ្សេងទៀត គឺឥណ្ឌូនេស៊ី ត្រូវបានចាត់ទុកថា ជាប្រទេសដែលពេញចិត្តក្នុងការចូលរួមដែរកាលពីឆ្នាំមុន តែលោក ចូកូ វីដូដូ ប្រធានាធិបតីជិតផុតអណត្តិថា លោកមិនទាន់ប្រញាប់នោះទេ បើទោះបីជាសន្ទុះបន្ថែមសមាជិកថ្មីរបស់ BRICS មានល្បឿនលឿនក៏ដោយ។
នៅពេលនេះទោះបីជាមានការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាម៉េរិក និងអឺរ៉ុប ក្នុងការរារាំងប្រទេសនានាមិនឱ្យគាំទ្រ BRICS ក៏អ្នកតំណាងមកពីប្រទេសដែលមិនមែនជាសមាជិកចំនួន១២ បានបង្ហាញខ្លួននៅក្នុងកិច្ចសន្ទនា BRICS នៅប្រទេសរុស្ស៊ីក្នុងខែនេះ ក្នុងនោះរាប់បញ្ចូលទាំងសត្រូវរបស់អាម៉េរិកដូចជាគុយបា និងវេណេហ្ស៊ុយអេឡា ប៉ុន្តែក៏មានប្រទេសដូចជាតួកគី ឡាវ បង់ក្លាដែស ស្រីលង្កា និងកាហ្សាក់ស្ថានផងដែរ។
ដោយឡែកវៀតណាម ទោះបីកំពុងទាក់ទងជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីបន្សាបឥទ្ធិពលរបស់ទីក្រុងប៉េកាំង នៅក្នុងតំបន់ក៏ដោយ តែទីក្រុងហាណូយ កំពុងដើរតាមវឌ្ឍនភាពនៃក្រុមប្រទេស BRICS ហើយកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ វៀតណាមបានបើកទ្វារទទួលស្វាគមន៍លោក ពូទីន ដែលជាសម្ព័ន្ធមិត្តចាស់តាំងពីសម័យសង្រ្គាមត្រជាក់៕
ដោយៈ សរ សុជាតិ