
ឆ្លើយតបនឹងអ្នកសារព័ត៌មានដែលចោទសួរជុំវិញការអះអាងរបស់លោក ដូណាល់ ត្រាំ ដែលថា អាម៉េរិកកំពុងចរចាជាមួយចិន លោក គ័រ ជាឃុន (Guo Jiakun) អ្នកនាំពាក្យក្រសួងការបរទេសចិនបានអះអាងថា ចិនមិនទាន់មានការចរចាណាមួយជាមួយសហរដ្ឋអាម៉េរិកដូចអ្វីដែលលោក ដូណាល់ ត្រាំ បានអះអាងនោះទេ។ មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើសហរដ្ឋអាម៉េរិកពិតជាចង់ចរចាមែននោះ សហរដ្ឋអាម៉េរិក ត្រូវតែលុបចោលពន្ធគយជាឯកតោភាគី ដែលខ្លួនបានដាក់លើមហាយក្សចិនឱ្យអស់ជាមុនសិន។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា សង្រ្គាមពន្ធគយ គឺសហរដ្ឋអាម៉េរិកជាអ្នកបញ្ឆេះឡើង ហើយថា មហាយក្សចិនបើកទ្វារចំហចាំស្វាគមន៍ ប្រសិនបើសហរដ្ឋអាម៉េរិកពិតជាចង់ចរចាមែន ប៉ុន្តែកិច្ចសន្ទនា និងការចរចាណាមួយត្រូវធ្វើឡើងដោយផ្អែកលើស្មារតីស្មើភាព គោរពគ្នា និងផ្ដល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។
ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្មចិន ក៏បានចេញមុខបដិសេធដូចគ្នាដែរថា មហាយក្សចិន មិនទាន់មានការចរចាជាមួយសហរដ្ឋអាម៉េរិកដូចការលើកឡើងរបស់លោក ដូណាល់ ត្រាំ នោះទេ។
គួររំឭកថា នៅពេលត្រូវបានអ្នកយកព័ត៌មានម្នាក់សាកសួរកាលពីថ្ងៃទី២៣ ខែមេសា នៅក្រុងវ៉ាស៊ីនតោន ថាតើភាគីសហរដ្ឋអាម៉េរិក និងមហាយក្សចិន កំពុងចរចាគ្នាឬយ៉ាងណា លោក ដូណាល់ ត្រាំ បានឆ្លើយថា ពិតណាស់ភាគីទាំងពីរកំពុងចរចាគ្នារាល់ថ្ងៃ៕
ដោយ: តែម សុខុម