
ចិនតែងតែហាមគេឯងមិនឲ្យប្រដូចសំណុំរឿងកោះតៃវ៉ាន់ ទៅនឹងបញ្ហានៅអ៊ុយក្រែននោះទេ ដោយបានអះអាងថាវាគ្មានចំណុចដូចគ្នាអ្វីបន្តិចសោះឡើយ។រីឯ តៃវ៉ាន់ឯណោះវិញ ក៏ទទួលស្គាល់ដែរថា រឿងរបស់ខ្លួនជាមួយប៉េកាំង គឺខុសគ្នារវាងបញ្ហារបស់ទីក្រុងម៉ូស្កូ និងទីក្រុងកៀវ។ ខុសគ្នាគឺនៅត្រង់ថា តៃវ៉ាន់ មិនមានព្រំដែនដីជាប់ជាមួយចិន ដូចអ៊ុយក្រែនមានព្រំប្រទល់ជាមួយរុស្ស៊ីនោះទេ ប៉ុន្តែការប្រឈមមុខ និងភាពតានតឹងគឺនៅតែមានភាពផុយស្រួយដូចគ្នា។
យ៉ាងណាមិញ បន្ថែមពីលើអ្វីដែលរដ្ឋអំណាចក្រុងប៉េកាំងបានអះអាង រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថា បញ្ហាតៃវ៉ាន់ និងអ៊ុយក្រែន មិនអាចប្រៀបធៀបដូចគ្នាទេ ដោយសារតែតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងសម្រាប់ប្រទេសចិន ខណៈដែលអ៊ុយក្រែនជាជម្លោះរវាងប្រទេសពីរខុសគ្នាស្រឡះ។ ត្រង់ចំណុចនេះ
ទំនងជាចង់សំដៅដល់មហាអំណាចសហរដ្ឋអាមេរិក ក៏ប៉ុន្តែមិនបាននិយាយចំៗនោះទេ លោក វ៉ាង យី បានអធិប្បាយថា៖ មនុស្សមួយចំនួនសង្កត់ធ្ងន់លើគោលការណ៍អធិបតេយ្យភាពរបស់ប្រទេសអ៊ុយក្រែន ប៉ុន្តែបែរជាមកធ្វើឱ្យខូចអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិនលើបញ្ហាកោះតៃវ៉ាន់ទៅវិញ ហើយនេះជាការអនុវត្តស្ដង់ដារពីរយ៉ាងច្បាស់ក្រឡែត។
ភាគីចិនបង្ហាញពីក្តីសង្ឃឹមថា នៅថ្ងៃអនាគតតៃវ៉ាន់នឹងអភិវឌ្ឍស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ដែលខណ្ឌចែកភាគី ប្រកបដោយសន្តិវិធី។
យ៉ាងណាមិញ តៃវ៉ាន់បានប្រតិកម្មថា ចិនមិនដែលមានគំនិតសន្តិវិធីជាមួយតៃវ៉ាន់ឡើយ ពោលគឺមានតែការគំរាមកំហែងផ្នែកយោធា សម្ពាធការទូត និងការប៉ុនប៉ងដើម្បីវាយលុកយកកោះរបស់ខ្លួនតែប៉ុណ្ណោះ។
ជាក់ស្តែង មន្ត្រីជាន់ខ្ពស់ក្រុងតៃប៉ិ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា បើចិនវាយលុកលើកោះតៃវ៉ាន់ពិតមែន ហើយសង្គ្រាមនឹងកើតឡើង នោះភាគីទាំងពីរនឹងរងគ្រោះធ្ងន់ធ្ងរដូចគ្នា មិនខ្វល់ថាអ្នកណាទទួលបានជ័យជំនះនោះទេ។ ដូច្នេះហើយភាគីទាំងពីរគួរតែបញ្ចៀសការប្រយុទ្ធគ្នាឲ្យបាន៕