ចាប់តាំងការឈ្លានពានរបស់រុស្ស៊ីពីខែកុម្ភៈឆ្នាំ២០២២មក ប្រទេសចិនតែងទទូចបដិសេធរាល់ការចោទប្រកាន់ថា បានបញ្ជូនសម្ភារៈ និងជំនួយយោធាទៅឱ្យយោធាម៉ូស្គូ។ ទោះយ៉ាងណា នៅក្នុងរបាយការណ៍សម្ងាត់ថ្មីចុងក្រោយមួយរបស់អាមេរិកបានឱ្យដឹងថា «សាធារណៈរដ្ឋប្រជាមានិតចិនកំពុងផ្តល់បច្ចេកវិទ្យាពីរមុខ ពោលគឺប្រើសម្រាប់បម្រើវិស័យស៊ីវិលផង និងយោធាផង ទៅឱ្យយោធាទីក្រុងមូស្គូប្រើប្រាស់ ដើម្បីបន្តសង្រ្គាមនៅអ៊ុយក្រែន បើទោះបីជាមានការរឹតបន្តឹងពីអន្តរជាតិតាមរយៈការដាក់ទណ្ឌកម្ម និងការត្រួតពិនិត្យការនាំចេញក៏ដោយក្តី»។
របាយការណ៍នោះបន្ថែមថា កំណត់ត្រាគយបង្ហាញពីក្រុមហ៊ុនការពារជាតិរបស់ប្រទេសចិន ដឹកជញ្ជូនឧបករណ៍រុករក បច្ចេកវិទ្យាយោធា និងគ្រឿងបន្លាស់យន្តហោះចម្បាំង ទៅឱ្យក្រុមហ៊ុនវិស័យការពារជាតិ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលរុស្ស៊ី។ «ក្នុងនោះ ប្រទេសចិន និងរុស្ស៊ីបានបង្កើនការធ្វើពាណិជ្ជកម្មទ្វេភាគី ដែលទូទាត់ជារូបិយបណ្ណយន់របស់ប្រទេសចិន ហើយស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសទាំងពីរក៏កំពុងពង្រីកការប្រើប្រាស់ប្រព័ន្ធទូទាត់ក្នុងស្រុករបស់ពួកគេដែរ»។
បន្ថែមលើនេះ ជាថ្នូរមកវិញ ប្រទេសចិនបានបង្កើនការនាំចូលថាមពលរបស់រុស្ស៊ីរួមទាំងប្រេង និងឧស្ម័នជាដើម។ ទោះបីជាយ៉ាងណា ភ្នាក់ងារស៊ើបការណ៍របស់អាមេរិក មិនទាន់មានរបាយការណ៍គ្រាប់គ្រាន់ដើម្បីធ្វើការវាយតម្លៃថា តើទីក្រុងប៉េកាំងពិតជាមានចេតនារារាំងការត្រួតពិនិត្យការប្រើប្រាស់ចុងក្រោយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក រួមទាំងកិច្ចសម្ភាសន៍ និងការស៊ើបអង្កេតនៅក្នុងនៅក្នុងប្រទេសចិនដែរឬយ៉ាងណានោះទេ។ ស្របពេលជាមួយគ្នា គេមិនទាន់ឃើញមានការឆ្លើយតបណាមួយពីស្ថានទូតចិនប្រចាំនៅវ៉ាស៊ីនតោន និងក្រសួងការបរទេសចិននៅឡើយដែរ។
គួរជម្រាបថា កាលពីដើមខែនេះ ទីប្រឹក្សាការទូតកំពូលរបស់ប្រធានាធិបតីបារាំងគឺលោក Emmanuel Macron បាននិយាយថា ប្រទេសចិនកំពុងផ្តល់សម្ភារៈ ដែលអាចប្រើជាឧបករណ៍យោធាបាន ដល់ប្រទេសរុស្ស៊ី ទោះបីជាមិនមែននៅក្នុងទ្រង់ទ្រាយធំក៏ដោយក្តី។