ប្រទេសម៉ាឡេស៊ី

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ប្រកាសផែនការជំរុញឲ្យម៉ាឡេស៊ីក្លាយជាប្រទេសសេដ្ឋកិច្ចធំបំផុតទី ៣០ នៅ១០ឆ្នាំខាងមុខ


លោក អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានប្រកាសនូវផែនការជំរុញឲ្យប្រទេសម៉ាឡេស៊ី ប្រែក្លាយពីប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី ៣៧ មកឈរនៅលំដាប់ទី ៣០ នៅលើពិភពលោក នៅក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះ។ ក្រៅពីនេះ លោកក៏បានប្រកាសនូវកញ្ចប់ថវិកាមួយចំនួន សម្រាប់ផ្តល់ដល់ពលរដ្ឋ និង មន្រ្តីរាជការ ដែលមានប្រាក់ចំណូលទាបផងដែរ។
ម៉ាឡេស៊ីដាក់ផែនការជំរុញឲ្យប្រទេសក្លាយជាប្រទេសសេដ្ឋកិច្ចធំលំដាប់ទី៣០
ដោយ

នៅមុនការបោះឆ្នោតតាមរដ្ឋមកដល់ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីបាន​ប្រកាសកាលពីថ្ងៃទី២៧ ខែ កក្កដាថា រដ្ឋាភិបាលលោកបានកំពុងតែចាប់ផ្តើម​អនុវត្តនូវផែនការជំរុញសេដ្ឋកិច្ចដ៏ពោរពេញដោយ​មហិច្ឆតាមួយ ដើម្បីប្រែក្លាយ​ប្រទេស​ម៉ាឡេស៊ី ទៅជាប្រទេសសេដ្ឋកិច្ច​កំពូលមួយ​ក្នុងចំណោមប្រទេសទាំង ៣០ របស់ពិភពលោក​ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ហើយនឹងតម្លើងប្រាក់ឈ្នួល និងគុណភាពជីវិត​របស់​ប្រជាជនផងដែរ។

សារព័ត៌មាន the Straitstime បានរាយការណ៍ថា នេះគឺជាគំនិតផ្តួចផ្តើមមួយ របស់លោក អានវ៉ា ដើម្បីជំរុញ​ការ​លើក​កម្ពស់​ឋានៈ និង​សេចក្តី​ថ្លៃថ្នូរ​របស់ពលរដ្ឋ​ម៉ាឡេស៊ី ហើយនៅក្នុងផែនការនោះក៏នឹងរួមបញ្ចូលទាំងការដាក់ចេញ នូវកញ្ចប់ថវិកាមួយចំនួន​សម្រាប់ពលរដ្ឋដែលមានប្រាក់ចំណូលតិច ក៏ដូចជាជំរុញការលុបបំបាត់អំពើពុករលួយ ។

លោក អានវ៉ា បាននិយាយថា ផែនការនេះមានការផ្តោតសំខាន់ពីរគឺ ទីមួយ រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ​ឆ្ពោះទៅរកការធ្វើឱ្យប្រទេសម៉ាឡេស៊ីក្លាយ​ជាប្រទេសនាំមុខគេ​ក្នុងចំណោមសេដ្ឋកិច្ចអាស៊ី និងទីពីរដើម្បីធានាការលើកកម្ពស់​ទ្រព្យសម្បត្តិ និងផលប្រយោជន៍​ដោយស្មើភាពរបស់ប្រជាជន។

ធនាគារពិភពលោកបាន​អះអាងថា ម៉ាឡេស៊ីគឺជាប្រទេស ដែលមានសេដ្ឋកិច្ចធំទី ៣៧ ប៉ុន្តែលោក អានវ៉ា បានបញ្ជាក់ថា ផែនការជំរុញ​សេដ្ឋកិច្ច និងកំណែទម្រង់ ដែលលោកដាក់ចេញ នឹងធ្វើឲ្យម៉ាឡេស៊ី​បន្តរីកចម្រើន​បន្ថែមទៀត ។

តាមផែនការកំណែទម្រង់ដែល​បាន​ដាក់ចេញ លោក អានវ៉ា ចង់ឲ្យ​ប្រាក់ចំណូល​របស់ពលរដ្ឋ អាចរួមចំណែក​ដល់អត្រាផលិតផល​នៅក្នុងស្រុកសរុបកើនឡើងពីបច្ចុប្បន្នត្រឹមជាង ៣២ ភាគរយ​ ទៅ​ដល់ ៤៥ ភាគរយ ដូចប្រទេសដែលមានសេដ្ឋកិច្ចធំជាងម៉ាឡេស៊ី ។

លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងអនុវត្តការពិនិត្យឡើងវិញ​អំពីកម្រិតប្រាក់​ឈ្នួលអប្បបរមា និងស្វែងយល់ពីការប្រើប្រាស់គំរូប្រាក់ឈ្នួលដែលសមស្រប ដើម្បីសម្រេច​បាននូវកំណើនប្រាក់ចំណូលជូនពលរដ្ឋ ។

ចំពោះកំណែទម្រង់ប្រឆាំងនឹងអំពើពុករលូយ​លោក អានវ៉ាចង់ឲ្យម៉ាឡេស៊ីធ្លាក់ចំណាត់ថា្នក់ ពី លេខ ៦១ មកនៅត្រឹម លេខ ២៥ នៃបញ្ជីប្រទេស ដែលមានអំពើពុករលូយ ។

សម្រាប់ផែនការបន្ទាន់ដែល លោក អានវ៉ា បានសម្រេចចិត្ត នោះ ត្រូវបានគេដឹងថា គឺការដាក់ចេញនូវគោលនយោបាយឧបត្ថម្ភបន្ថែម​ដល់ពលរដ្ឋ ដែលមានចំណូលទាបជាង ១០០.០០០ រីងហ្គិត ឫ ជាង ២ ម៉ឺនដុល្លារ នៅក្នុងមួយឆ្នាំ ដោយម្នាក់ៗអាចទទួលបាន ២២ ដុល្លារនៅក្នុងមួយខែ ដែលតាមការប៉ាន់ប្រមាណ គឺនឹងអាចមានពលរដ្ឋរហូតដល់ជាង ១០ លាននាក់។ សម្រាប់មន្រ្តីរាជការវិញ អាចនឹងទទួលបានអត្ថប្រយោជន៍បន្ថែម​នៅក្នុងម្នាក់ប្រមាណជា ៣០០ រីងហ្គីត ឫ ៦៦ ដុល្លារ រីឯអ្នកចូលនិវត្តន៍​អាចនឹងទទួល​អត្ថប្រយោជន៍​ប្រមាណជា ២០០ រីងហ្គីត ឫ ៤៤ ដុល្លារ នៅក្នុងមួយខែ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោកពូទីនសន្យាថា នឹងបញ្ជូនគ្រាប់ធញ្ញជាតិផ្ទាល់ខ្លួន ទៅឲ្យអាហ្វ្រិក ទោះបីជាទណ្ឌកម្មលោកខាងលិចបង្គប់ភាព«ពុតត្បុត»

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលថ្ងៃព្រហស្បតិ៍ ទី ២៧ កក្កដា បាននិយាយប្រាប់មេដឹកនាំអាហ្វ្រិកថា រុស្ស៊ីនឹងផ្គត់ផ្គង់គ្រាប់ធញ្ញជាតិជ…

របាយការណ៍ចារកម្មរបស់អាមេរិកថា ចិនទំនងជាកំពុងផ្គត់ផ្គង់បច្ចេកវិទ្យាសម្រាប់យោធារុស្ស៊ីធ្វើសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
ការវាយតម្លៃលើរបាយការណ៍មួយចេញផ្សាយកាលពីថ្ងៃទី ២៧ ខែកក្កដា ដោយការិយាល័យនាយកស៊ើបការណ៍ជាតិ (ODNI) ដែលត្រូវបានបោះពុម្ពផ្សាយដោយគណៈកម្មាធិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ