រដ្ឋបាលទីក្រុង ដាលៀន ខេត្ត លាវនីង ប្រទេសចិន កំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិ ដាលៀន ជីងចូវវ៉ាន នៅលើកោះសិប្បនិម្មិតដ៏ធំបំផុតរបស់ពិភពលោក ដែលមានទំហំរហូតដល់ទៅ២០គីឡូម៉ែត្រការ៉េ ដើម្បីពង្រឹងការតភ្ជាប់ និងអភិវឌ្ឈន៍ទីក្រុងភាគឦសានមួយនេះ ឲ្យក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន និងសេវាកម្មដ៏ល្បីល្បាញនៅក្នុងតំបន់។
នៅពេលគម្រោងអាកាសយានដ្ឋានអន្តរជាតិ ដ៏មហិមាតម្លៃជាង៤,៣ពាន់លានដុល្លារអាម៉េរិកមួយនេះត្រូវបានសាងសង់រួចរាល់នៅអំឡុងឆ្នាំ២០៣៥ ខាងមុខនេះ អាកាសយានដ្ឋាន ដាលៀន ជីងចូវវ៉ាន នឹងក្លាយជាអាកាសយានដ្ឋាន ដែលសាងសង់នៅលើកោះសិប្បនិម្មិតធំជាងគេបំផុត ពោលគឺធំជាងអាកាសយានដ្ឋានអន្តរជាតិ ហុងកុង ដែលមានទំហំជាង១២គីឡូម៉ែត្រការ៉េ និងអាកាសយានដ្ឋាន កាន់សៃ ទំហំជាង១០គីឡូម៉ែត្រការ៉េ នៅអូសាកា ប្រទេសជប៉ុន ទៅទៀត។
លោក លី ហានមីង (Li Hanming ) ស្ថាបនិកក្រុមហ៊ុនប្រឹក្សាអាកាសចរណ៍មួយរូបបាននិយាយថា នៅពេលដែលអាកាសយានដ្ឋាននេះបញ្ចប់ការសាងសង់ ពលរដ្ឋជាង៦លាននាក់ នឹងមានឱកាសកាន់តែទូលំទូលាយក្នុងការតភ្ជាប់ទៅកាន់ពិភពលោក ជាពិសេសគឺជប៉ុន និងកូរ៉េខាងត្បូង ហើយទីក្រុង ដាលៀន នឹងក្លាយជាមជ្ឈមណ្ឌលសេវាកម្មមួយនៅច្រកសមុទ្របូហៃ (Bohai )។
អាកាសយានដ្ឋានអន្តរជាតិ ដាលៀន ជីងចូវវ៉ាន គឺជាអាកាសយានដ្ឋានដំបូងគេ ដែលចិនសាងសង់នៅលើកោះសិប្បនិម្មិត។ អាកាសយានដ្ឋាននេះ មានផ្លូវសម្រាប់យន្តហោះរត់ចំនួន៤ និងមានស្ថានីយអ្នកដំណើរទំហំ៩០ម៉ឺនម៉ែត្រាការ៉េ ជាមួយនឹងសមត្ថភាពទ្រទ្រង់អ្នកដំណើររហូតដល់ទៅ៤៣លាននាក់។
មកទល់ពេលនេះចិន កំពុងអភិវឌ្ឈន៍យ៉ាងសកម្មនូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដោយគ្រាន់តែសម្រាប់វិស័យដឹកជញ្ជូនផ្លូវអាកាសមួយមានការរាយការណ៍ថា ចិនបានចំណាយធនធានរហូតដល់ទៅជិត២០ពាន់លានដុល្លារទៅហើយ ដើម្បីអភិវឌ្ឈន៍ និងកសាងអាកាសយាន្តដ្ឋានអន្តរជាតិថ្មីចំនួន២២កន្លែង។ មកទល់ពេលនេះ ដាលៀន ត្រូវបានគេដឹងថា គឺជាទីក្រុងកំពង់ផែ ដ៏មមាញឹកមួយនៅក្នុងប្រទេសចិន និងពិភពលោក៕
ដោយៈ សរ សុជាតិ