ការចេញច្បាប់ថ្មីរបស់ចិននេះ គឺនៅក្រោយពេលដែលនៅមួយរយៈកន្លងមកនេះ រដ្ឋអំណាចក្រុងប៉េកាំងបានបើកការបង្ក្រាបលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់ខ្លួនជាជាបន្ដបន្ទាប់រាប់តាំងពីក្រុមហ៊ុន Alibaba, Tencent និងក្រុមហ៊ុន Didiជាដើម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
រដ្ឋបាលលំហប្រព័ន្ធអ៊ិនធឺណិតរបស់ចិន ហៅកាត់ថា CAC បាននិយាយថា ក្រុមហ៊ុនចិន ដែលរកស៊ីដោយប្រើបច្ចេកវិទ្យាអ៊ិនធឺណិត អនឡាញ ដែលមានសមាជិកប្រើប្រាស់ ចាប់ពី១លាននាក់ឡើងទៅ គឺនឹងត្រូវមានកាតព្វកិច្ច ធ្វើការត្រួតពិនិត្យសន្តិសុខ មុននឹងអាចឈានទៅដល់ការដាក់លក់ភាគហ៊ុន នៅលើទីផ្សារបរទេសបាន។ ហើយរាល់គម្រោង ចង់ដាក់លក់ភាគហ៊ុននៅលើទីផ្សារភាគហ៊ុនអន្តរជាតិ គឺត្រូវដាក់ពាក្យស្នើសុំមកកាន់អាជ្ញាធរមានសមត្ថកិច្ចចិន ជាមុនសិន។ រដ្ឋបាលលំហប្រព័ន្ធអ៊ិនធឺណិតចិន CAC បន្តថា បណ្តាក្រុមហ៊ុននឹងមិនអនុញ្ញាតឲ្យចុះបញ្ជីនៅក្រៅប្រទេសឡើយ ប្រសិនបើត្រូវបានរកឃើញថា ទិន្នន័យរបស់ក្រុមហ៊ុនអាចប៉ះពាល់ដល់ផលប្រយោជន៍ជាតិ។
គួរកត់សម្គាល់ថា ការដាក់ចេញនូវគោលការណ៍ថ្មីខាងលើ ធ្វើឡើងក្រោមកិច្ចខិតខំប្រឹងប្រែង ដែលកន្លងមក រដ្ឋអំណាចប៉េកាំងតែងតែរឹតបន្តឹងច្បាប់ទម្លាប់លើក្រុមហ៊ុនណាដែលចង់ចុះបញ្ជី ឬបានចុះបញ្ជីរួចហើយនៅផ្សារហ៊ុនក្រៅប្រទេស។ គោលការណ៍នេះ ត្រូវបានប៉េកាំងអះអាងថា ដើម្បីធានាសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់ ការពារប្រយោជន៍ជាតិពីខាតបង់ និងគ្រប់គ្រងឲ្យបានល្អិនល្អន់ នូវទិន្នន័យរបស់ប្រើប្រាស់នៅក្នុងប្រទេសចិន កុំឲ្យរបូតទៅបរទេស។
ជំនួសឲ្យការចុះបញ្ជីផ្សារហ៊ុននៅបរទេស ក្រុងប៉េកាំងបានជំរុញឲ្យក្រុមហ៊ុននានា ចុះបញ្ជីនៅផ្សារហ៊ុនក្រុងស្រុកវិញ ដើម្បីទប់ស្កាត់លំហូរមូលធន ទៅក្រៅប្រទេសផង។
គេនៅចាំបានកាលពីខែមិថុនាឆ្នាំមុន អាជ្ញាធរចិនបានបង្ក្រាបយ៉ាងចាស់ដៃ លើក្រុមហ៊ុនកក់សេវាធ្វើដំណើររបស់ចិនដ៏ធំ ឈ្មោះ Didi ក្រោយក្រុមហ៊ុននេះ បានចុះបញ្ជី បោះផ្សាយលក់ភាគហ៊ុននៅផ្សារភាគហ៊ុនញូវយ៉កសហរដ្ឋអាមេរិក។ មិនមែនមានតែ Didi នោះទេដែលត្រូវបាន ប៉េកាំងបង្ក្រាប សូម្បីតែក្រុមហ៊ុនយក្សចិន Alibaba ដែលបានចុះបញ្ជីនៅក្រៅប្រទេស អស់ពេលជាយូរណាស់មកហើយ ក៏ត្រូវប៉េកាំងបង្រ្កាបផងដែរ។ ក្រៅពីនោះ នៅមានក្រុមហ៊ុនចិនជាច្រើនទៀត ដែលបម្រុងនឹងចុះបញ្ជីនៅក្រៅប្រទេស ក៏ត្រូវបានប៉េកាំងរារាំងដូចគ្នាដែរ។
សូមជម្រាបថា រដ្ឋាភិបាលចិន កំពុងពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងសេដ្ឋកិច្ចពាណិជ្ជកម្មនៅលើបណ្ដាញអនឡាញ ខណៈដែលខ្លួន កំពុងប្រឈមនឹងការចោទប្រកាន់មួយចំនួនពីមជ្ឈដ្ឋានបរទេស ទាក់ទិនករណីការប្រកួតប្រជែងមិនស្មោះត្រង់៕