ដំណើរការនាំចេញផ្លែមៀនប៉ៃលិន និងត្រីប្រា

ដំណើរការនាំចេញផ្លែមៀនប៉ៃលិន និងត្រីប្រាទៅប្រទេសចិនបន្ដស្ថិតក្នុងដំណាក់កាលវាយតម្លៃគុណភាពនៅឡើយ


ដំណើរការនៃការនាំចេញផ្លែមៀនប៉ៃលិន និងត្រីប្រារបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិននៅមិនទាន់អាចធ្វើទៅបានទេនៅឆ្នាំ២០២១ ដោយដំណើរការនេះកំពុងបន្ដធ្វើការសិក្សាវាយតម្លៃបន្ថែមទៀតនៅឆ្នាំ២០២២នេះ។ បើតាមមន្ត្រីជំនាញភូតគាមអនាម័យរបស់ក្រសួងកសិកម្មបានអះអាងប្រាប់ខេមបូណូមីសថា បច្ចុប្បន្ន ដំណើរការនាំចេញមៀនប៉ៃលិន និងត្រីប្រាពីកម្ពុជាទៅចិននេះ កំពុងស្ថិតក្នុងដំណាក់កាលនៃការត្រួតពិនិត្យ និងវាយតម្លៃលើគុណភាព និងសម្លាប់សមាសភាពចង្រៃនៅឡើយ ហើយក៏មិនទាន់អាចបញ្ជាក់ពីពេលវេលាជាក់លាក់ថានឹងអាចនាំចេញបាននៅពេលណានៅឡើយទេ។
រូបភាព៖ ផ្លែមៀនប៉ៃលិន និងត្រីប្រា

លោក កែ មុន្នីវុធ ប្រធាននាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានគូសបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា មន្រ្តីជំនាញនៃក្រសួងកសិកម្ម បានចាប់ផ្ដើម នៅដើមឆ្នាំ២០២២នេះតែម្ដង ពោលគឺនៅថ្ងៃទី២ ខែមករា លើការវាយតម្លៃបណ្ដើរៗ នូវគុណភាព ផ្លែមៀនប៉ៃលិន និងត្រីប្រា សម្រាប់នាំចេញទៅប្រទេសចិន ខណៈខេត្តបាត់ដំបង និងប៉ៃលិន អាចជាខេត្តគោលដៅសម្រាប់នាំចេញផ្លែមៀនប៉ៃលិនលើកដំបូង។ ក៏ប៉ុន្តែទាក់ទិននឹងពេលវេលានៃការនាំចេញផ្លែមៀនប៉ៃលិន និងត្រីប្រា នេះដែរ មន្រ្តីជំនាញរូបនេះ នៅមិនទាន់អាចបញ្ជាក់លម្អិតឡើយថា នឹងអាចនាំចេញនៅពេលណា តែលោកមានក្ដីរំពឹងយ៉ាងមុតមាំថា ការនាំចេញនឹងអាចប្រព្រឹត្តទៅ នៅពេលឆាប់ៗខាងមុខ ក្រោយភាគីចិន បានបញ្ចប់ការត្រួតពិនិត្យ និងវាយតម្លៃគុណភាព។

ប្រធានដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ លោក កែ មុន្នីវុធ មានសុទិដ្ឋិនិយមថា ក្រោយកម្ពុជា អាចនាំចេញចេញមៀនប៉ៃលិន និងត្រីប្រា ទៅកាន់ប្រទេសចិនផ្ទាល់ អ្នកដាំដុះដំណាំមៀនប៉ៃលិន ក៏ដូចជា អ្នកចិញ្ចឹមត្រីប្រា នឹងមិនជួបបញ្ហាទីផ្សារ ដូចពេលកន្លងមកទៀតនោះទេ។ មន្ត្រីជំនាញរបស់ក្រសួងកសិកម្មរូបនេះ ក៏បានបញ្ជាក់ទៀតថា ក្រៅពីទីផ្សារប្រទេសចិន កម្ពុជា ក៏បាននិងកំពុងចរចាជាមួយភាគីថៃ ដើម្បីនាំផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសថៃ ខណៈកន្លងមក កម្ពុជា ក៏បាននាំចេញផ្លែមៀនប៉ៃលិនមួយចំនួន ទៅប្រទេសវៀតណាមខ្លះៗដែរ។

សូមបញ្ជាក់ថា ថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបញ្ជាក់ដែរថា ការវាយតម្លៃទាក់ទងនឹងដំណើរការនាំចេញមៀនប៉ៃលិនទៅចិន នឹងប្រព្រឹត្តិទៅនៅសប្តាហ៍ទី១ នៅខែមករា ឆ្នាំ២០២២ ដោយជ្រើសរើសចម្ការតំណាងមួយចំនួន និងរោងចក្រចំនួន១ នៅខេត្តប៉ៃលិន។ ខណៈដំណើរការចរចាបើកទីផ្សារផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារចិនដោយត្រង់ បានឈានដល់ដំណាក់កាលវាយតម្លៃហានិភ័យ ដោយចុះពិនិត្យផ្ទាល់នៅចម្ការ និងរោងចក្រវេចខ្ចប់ សម្លាប់សមាសភាពចង្រៃ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធរចិនបញ្ជាឲ្យមានការត្រួតពិនិត្យសុវត្ថិភាពតាមប្រព័ន្ធអ៊ិនធឺណិតលើក្រុមហ៊ុន ដែលចង់ចុះបញ្ជីលក់ភាគហ៊ុននៅក្រៅប្រទេស

ព័ត៌មាន
និយ័តករសន្តិសុខតាមប្រព័ន្ធអ៊ិនធឺណិតរបស់ចិន នៅថ្ងៃអង្គារទី០៤មករាឆ្នាំ២០២២នេះ បានប្រកាសថា ខ្លួននឹងចាប់ផ្តើមអនុវត្តច្បាប់ទម្លាប់ថ្មីចាប់ពីថ្ង…

កម្ពុជារំពឹងស្រូបទាញទីផ្សារអឺរ៉ុប ៤០%មកវិញ ក្រោយអឺរ៉ុបលើកលែងពន្ធលើការនាំចូលអង្ករពីកម្ពុជា

ព័ត៌មាន
បើគ្មានអ្វីប្រែប្រួលទេ សភាពាណិជ្ជកម្មសហភាពអឺរ៉ុប នឹងលើកលែងការយកពន្ធលើអង្ករនាំចូលគ្រប់ប្រភេទពីកម្ពុជាឡើងវិញហើយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ