
ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក បានចេញសេចក្តីណែនាំមួយកាលពីសប្តាហ៍មុន ដោយជូនដំណឹងដល់ក្រុមហ៊ុនអាជីវកម្មទាំងអស់លើពិភពលោកអំពីហានិភ័យនៃការរំលោភលើការត្រួតពិនិត្យការនាំចេញ ដែលបានកំណត់ដោយសហរដ្ឋអាម៉េរិក ចំពោះការប្រើបន្ទះឈីបរបស់ចិន និងបន្ទះឈីបបញ្ញាសិប្បនិម្មិតរបស់ក្រុមហ៊ុន Huawei។
ឆ្លើយតបនឹងបញ្ហានេះ ក្រសួងពាណិជ្ជកម្មចិន បានចេញសេចក្តីថ្លែងការណ៍មួយថា សកម្មភាពរបស់អាម៉េរិក នេះ បានធ្វើឱ្យប៉ះពាល់ដល់ការព្រមព្រៀងគ្នាយ៉ាងរឹងមាំក្នុងកិច្ចចរចាទ្វេភាគីកម្រិតខ្ពស់នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ជាមួយគ្នានេះក្រសួងពាណិជ្ជកម្មចិន បានជំរុញឱ្យអាម៉េរិក កែតម្រូវកំហុសនេះឡើងវិញ បើមិនដូច្នេះទេ ចិនប្តេជ្ញាថានឹងចាត់វិធានការម៉ឺងម៉ាត់ឆ្លើយតបចំពោះអាម៉េរិកវិញជាក់ជាមិនខាន។
បន្ថែមលើនេះ ក្រសួងពាណិជ្ជកម្មចិន បានចាត់ទុកសកម្មភាពរបស់អាម៉េរិក បានរំលោភលើវិធានការត្រួតពិនិត្យការនាំចេញលើផលិតផលបន្ទះឈីបរបស់ខ្លួន ក្រោមការចោទប្រកាន់ដែលគ្មានមូលដ្ឋានត្រឹមត្រូវ ហើយចិន ជំទាស់យ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ។ ក្រសួងនេះក៏បានព្រមានដែរថា កំហុសឆ្គងរបស់ទីក្រុងវ៉ាស៊ីនតោន នេះ អាចធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងផ្នែកឧស្សាហកម្មផ្ទាល់របស់សហរដ្ឋអាម៉េរិក។
ការព្រមានរបស់ប្រទេសចិន នេះ ធ្វើឡើងបន្ទាប់ពីចិន និងអាម៉េរិក បានឈានការព្រមព្រៀងបញ្ចុះពន្ធ១១៥% លើទំនិញនាំចូលរៀងៗសម្រាប់រយៈពេល៩០ថ្ងៃដែលមិននឹកស្មានដល់ បន្ទាប់ពីមានកិច្ចចរចាពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ កាលពីដើមខែនេះ ខណៈពួកគេកំពុងធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយឱ្យកាន់តែមានភាពអចិន្ត្រៃយ៍បន្ថែមទៀត៕
ដោយ៖ សុខ មង្គល