
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វុន ឌឺ យេឡេន អំពាវនាវឱ្យមានតុល្យភាពឡើងវិញសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអឺរ៉ុប និងចិន ក្នុងកិច្ចប្រជុំកំពូលដ៏តានតឹងមួយជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃទី២៤ ខែកក្កដា ក្រោយលោកស្រីសង្កេតឃើញថា ទំនាក់ទំនងរវាងអឺរ៉ុប និងបានឈានដល់ចំណុចមួយដែលមានការប្រែប្រួលខ្លាំង។
សម្រាប់ប្រធានគណៈកម្មការអឺរ៉ុប ការធ្វើឱ្យមានតុល្យភាពឡើងវិញនៃទំនាក់ទំនងទ្វេភាគីវាជារឿងចាំបាច់ និងមានសារសំខាន់សម្រាប់ចិន និងអឺរ៉ុប ក្នុងការទទួលស្គាល់ពីកង្វល់រៀងៗខ្លួន ហើយធ្វើដំណើរឆ្ពោះទៅមុខជាមួយនឹងដំណោះស្រាយពិតប្រាកដ។
ដោយឡែកទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា នៅក្នុងជំនួបនោះ លោក ស៊ី ជីនពីង បានជំរុញឱ្យសហភាពអឺរ៉ុប ជ្រើសរើសយុទ្ធសាស្ត្រឲ្យបានត្រឹមត្រូវ នៅពេលសហភាពអឺរ៉ុប រិះគន់ចិន ក្នុងអំឡុងកិច្ចប្រជុំខាងលើ។ លោក ស៊ី បានសង្កត់ធ្ងន់ថា ស្របពេលស្ថានភាពអន្តរជាតិកាន់តែធ្ងន់ធ្ងរ និងស្មុគស្មាញ ដូច្នេះចិន និងសហភាពអឺរ៉ុប ត្រូវតែពង្រឹងទំនាក់ទំនង បង្កើនទំនុកចិត្តគ្នាទៅវិញទៅមក និងធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ជាពិសេសចិន និងអឺរ៉ុប គួរតែជ្រើសរើសយុទ្ធសាស្រ្តឱ្យបានត្រឹមត្រូវ ដែលបំពេញតាមការរំពឹងទុករបស់ប្រជាជន៕
ដោយៈ សរ សុជាតិ