ប្រភពច្បាស់ការបានទម្លាយឱ្យដឹងក្នុងលក្ខខណ្ខអនាមិកថា ការព្រមានជុំវិញការវាយប្រហារដោយក្រុមឧទ្ទាមហ៊ូទី នៅសមុទ្រក្រហម ដែលជាផ្លូវដឹកជញ្ជូនទំនិញដ៏សំខាន់របស់ពិភពលោកនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាជាច្រើនលើកទាំងនៅក្រុងប៉េកាំង និងនៅក្រុងតេហេរ៉ង់។
ការវាយប្រហារនៅសមុទ្រក្រហម ដែលក្រុមឧទ្ទាមហ៊ូទី និយាយថា ធ្វើឡើងដើម្បីបង្ហាញការគាំទ្ររបស់ខ្លួនដល់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា បានធ្វើឱ្យថ្លៃដឹកជញ្ជូន និងថ្លៃធានារ៉ាប់រងហក់ឡើងខ្ពស់ដោយសារសមុទ្រក្រហម គឺជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយរវាងតំបន់អាស៊ី និងអឺរ៉ុប ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយកប៉ាល់ដឹកទំនិញពីប្រទេសចិន។
ទោះជាយ៉ាងណា ក្រុមមន្ត្រីចិន មិនបានបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មរបស់ក្រុងប៉េកាំង ជាមួយអ៊ីរ៉ង់ អាចនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរកម្រិតណានោះទេ ប្រសិនបើផលប្រយោជន៍របស់ខ្លួនត្រូវបានបំផ្លាញ ឬធ្វើឱ្យខូចខាតដោយសារការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទី។
ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។ តួយ៉ាង បណ្ដាក្រុមហ៊ុនចម្រាញ់ប្រេងរបស់ប្រទេសចិន បានសម្រុកទិញយកដល់ទៅជាង៩០%នៃប្រេងដែលអ៊ីរ៉ង់ បាននាំចេញទាំងអស់ក្នុងឆ្នាំ២០២៣ កន្លងទៅ ខណៈទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក បានធ្វើឱ្យអតិថិជនជាច្រើនផ្សេងទៀតងាកចេញពីអ៊ីរ៉ង់ ជាហេតុធ្វើឱ្យបណ្ដាក្រុមហ៊ុនទទួលបានឱកាសមាសប្រមូលទិញយកប្រេងរបស់អ៊ីរ៉ង់ ក្នុងតម្លៃថោកខ្លាំងជាងទីផ្សារ។ នេះបើយោងតាមទិន្នន័យតាមដានកប៉ាល់ដឹកប្រេងរបស់ក្រុមហ៊ុនវិភាគស្ថានភាពពាណិជ្ជកម្ម ខ្លេផ្ល័រ (Kpler)។
ទោះជាយ៉ាងណា ប្រេងរបស់អ៊ីរ៉ង់ មានចំណែកគ្របដណ្ដប់ត្រឹមតែ១០%ប៉ុណ្ណោះនៃការនាំចូលប្រេងរបស់ប្រទេសចិន ហើយក្រុងប៉េកាំង មានអ្នកផ្គត់ផ្គង់ជាច្រើនផ្សេងទៀតដូចជារុស្ស៊ី ជាដើមដែលអាចបំពេញតម្រូវការរបស់ខ្លួន៕
ដោយ: តែម សុខុម