
ប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ បានបន្តបាញ់ផ្លោងដាក់គ្នាឥតដាច់ នៅក្នុងការវាយប្រហារគ្នានៅលើអាកាសដែលបានបង្កឱ្យមានការភ័យខ្លាចកាន់តែខ្លាំងថា ជម្លោះដ៏អូសបន្លាយនេះអាចនឹងវាយលុកពាសពេញតំបន់មជ្ឈិមបូព៌ា។ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បាននិយាយតាមទូរសព្ទជាមួយសមភាគីអេហ្ស៊ីបថា ទង្វើរបស់អ៊ីស្រាអែល ដែលមិនគោរពច្បាប់អន្តរជាតិ នេះនឹងធ្វើឱ្យស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកាន់តែតានតឹងខ្លាំងឡើង ហើយចិន ក៏មានការព្រួយបារម្ភជាខ្លាំងដែរថា ស្ថានភាពនេះអាចនឹងបាត់បង់ម្ចាស់ការ និងរីករាលដាលកាន់តែធំនៅក្នុងតំបន់នេះ។
នៅក្នុងការអំពាវនាវដាច់ដោយឡែកមួយទៅកាន់រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក វ៉ាង បានលើកឡើងថា ប្រទេសទាំងពីរចិន និងអូម៉ង់ មិនអាចអង្គុយនៅស្ងៀម ដោយទុកឱ្យតំបន់នេះធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមដែលពិបាកគ្រប់គ្រងបានឡើយ ពោលគឺពួកគេនឹងផ្តោតសំខាន់លើការបង្កើតឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ជាអាទិភាពកំពូល។
ប្រទេសចិន និងមហាអំណាចពិភពលោកផ្សេងទៀតបានជំរុញឱ្យស្វែងរកច្រកចេញពីអរិភាព ដែលបានផ្ទុះឡើងបន្ទាប់ពីអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ សប្តាហ៍មុន។ ទន្ទឹមនឹងនេះសហរដ្ឋអាម៉េរិក បានអំពាវនាវឱ្យអ៊ីរ៉ង់ ប្រកាសចុះចាញ់ដោយគ្មានលក្ខខណ្ឌ ដោយលោក ដូណាល់ ត្រាំ បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងចូលរួមក្នុងជម្លោះនេះ ប្រសិនបើអ៊ីរ៉ង់ នៅតែមិនព្រមចុះចាញ់ និងបង្កើតកិច្ចព្រមព្រៀងនុយក្លេអ៊ែ ជាមួយនឹងអាម៉េរិក។
ប៉ុន្តែមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡះ អាលី ខាមេណេ (Ayatollah Ali Khamenei) បាននិយាយថា អ៊ីរ៉ង់នឹងមិនចុះចាញ់ឡើយ ហើយបានព្រមានអាម៉េរិកវិញថា អាម៉េរិកនឹងខាតបង់ជាក់ជាមិនខានឡើយ ប្រសិនបើអាម៉េរិក ហ៊ានចូលធ្វើអន្តរាគមន៍ក្នុងជម្លោះនេះ៕
ដោយ៖ សុខ មង្គល