ក្រុមអ្នកវិភាគបាននិយាយថា នៅពេលដែលរដ្ឋាភិបាលលោកខាងលិចបង្កើនកម្តៅលើបញ្ហាពន្ធគយកាន់តែខ្លាំង ចិនទំនងជានឹងប្រកាន់យកគោលការណ៍ឆ្លើយតបដោយស្ងប់ស្ងាត់ និងប្រុងប្រយ័ត្នបំផុត។ ទីក្រុងប៉េកាំង ត្រូវបានគេជឿជាក់ថា ទំនងជាដើរដោយប្រុងប្រយ័ត្ន ដើម្បីជៀសវាងការបង្កសង្គ្រាមពាណិជ្ជកម្មពិភពលោកឲ្យកាន់តែក្តៅ។ មកដល់ពេលនេះយុទ្ធសាស្ត្ររបស់ចិន ត្រូវបានគេមើលឃើញថា បានដើរជាជំហ៊ានៗឆ្ពោះមកកាន់អាស៊ីអគ្នេយ៍ ដោយបង្កើនការនាំចេញផលិតផលមិនសម្រេចទៅកាន់តំបន់នេះ ហើយបើកផ្លូវឲ្យតំបន់នេះបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិវិញ ដើម្បីគេចរបាំងពាណិជ្ជកម្មរបស់បស្ចិមប្រទេស។
យុទ្ធសាស្រ្តនេះ ត្រូវបានគេអង្កេតឃើញក្រោយពេលដែលចិន បានប្រឈមមុខនឹងកំណើនពន្ធជាបន្តបន្ទាប់ ដែលដំឡើងដោយកាណាដា និងសហភាពអឺរ៉ុប នៅប៉ុន្មានខែចុងក្រោយ មកលើផលិតផលចម្បងៗដូចជារថយន្តអគ្គិសនី បន្ទះស្រូបពន្លឺព្រះអាទិត្យ ដែក និងអាលុយមីញ៉ូមទៅតាមលំនាំ នៃការដាក់សម្ពាធលើទំនិញចិន ដែលអនុវត្តដោយទីក្រុងវ៉ាស៊ីនតោន។
លោកបណ្ឌិត ចេន បូ (Chen Bo ) សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យ ហួរជុង ក្នុងទីក្រុង វូហាន (Wuhan) បាននិយាយថា ស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសចិនបច្ចុប្បន្នមិនសូវល្អនោះទេ ប៉ុន្តែចិនប្រហែលជាមិនមានចេតនាបង្កសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេស ឬសេដ្ឋកិច្ចណាមួយ ជាពិសេសជាមួយសហភាពអឺរ៉ុបនោះទេ។
ជាមួយគ្នានេះលោក ហេនរី ជាវ (Henry Gao) សាស្ត្រាចារ្យច្បាប់នៅសាកលវិទ្យាល័យគ្រប់គ្រងសិង្ហបុរី បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិន ចុះខ្សោយ តែចិនប្រហែលជាមិនតស៊ូនឹងបស្ចិមប្រទេសតាមការយកកំហឹងទល់នឹងកំហល់នោះទេ។
ដោយឡែក លោកស្រី អាលីហ្សា ហ្គាហ្សា ហេរ៉េរ៉ុ ( Alicia Garcia-Herrero) អ្នកសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្រុមហ៊ុន Nataxis បាននិយាយថា នៅក្នុងការប្រឈមនឹងសង្រ្គាមពាណិជ្ជកម្មជាមួយនឹងចិន សហភាពអឺរ៉ុប ក៏មិនអាចមើលស្រាលចិន បានដែរ។ លោកស្រីបានអះអាងថា អឺរ៉ុបនៅពេលនេះបានពឹងផ្អែកលើប្រទេសចិនច្រើន ដោយរាប់ចាប់តាំងពីរថយន្តអគ្គិសនីដែលផលិតដោយចិន និងទីផ្សារនៃបច្ចេកវិទ្យារបស់ខ្លួនសម្រាប់ចិន។ អ្នកជំនាញរូបនេះជឿជាក់ថា ចិនអាចដឹងអំពីស្ថានភាពនេះ ទើបចិនមិនអាចប្រើការសងសឹកយ៉ាងតឹងរ៉ឹង ឬខ្លាំងដូចការគិតនោះទេ។
លោកស្រី បានបន្ថែមថា ទីក្រុងប៉េកាំង ប្រហែលជាបានលេងជ្រុលដៃនៅក្នុងជម្លោះពាណិជ្ជកម្ម និងភាពតានតឹងពីមុនជាមួយសហរដ្ឋអាម៉េរិក ក៏ដូចជាអូស្ត្រាលី និងកូរ៉េខាងត្បូង ផងដែរ។ លោកស្រីបានលើក ឧទាហរណ៍មកបញ្ជាក់ថា ប្រទេសចិន ក្នុងឆ្នាំ២០២០ បានដាក់បម្រាម និងពន្ធលើផលិតផលអូស្ត្រាលី ក្រោយមានការខ្វែងគំនិតគ្នាខាងភូមិសាស្ត្រនយោបាយជាមួយអូស្ត្រាលី រហូតក្លាយទៅជាសង្រ្គាមពាណិជ្ជកម្មពេញទំហឹង ប៉ុន្តែនៅក្នុងខែមីនា ចិនបានបញ្ចប់ការរឹតបន្តឹងរយៈពេល៣ឆ្នាំនេះ។ អ្នកស្រីបានបន្តថា ចិនគិតថា ខ្លួនមានអានុភាពច្រើន ប៉ុន្តែដោយសារប្រទេសនានាចាប់ផ្ដើមខ្លាចចិន ដូច្នេះហើយចិន ចង់បន្សាយភាពភ័យខ្លាចនេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង ( Mao Ning ) កាលពីពេលកន្លងទៅបាននិយាយថា សហភាពអឺរ៉ុប គួរតែធ្វើការជាមួយប្រទេសចិន ក្នុងទិសដៅដូចគ្នា ដើម្បីពិភាក្សាអំពីដំណោះស្រាយត្រឹមត្រូវ និងជៀសវាងការកើនឡើងកម្តៅ ខណៈដែលសភាពាណិជ្ជកម្មចិន ប្រចាំសហភាពអឺរ៉ុបបានអះអាងថា វិធានការដំឡើងពន្ធបែបនេះ ជាការបញ្ជូនសញ្ញាអវិជ្ជមានដល់កិច្ចសហប្រតិបត្តិការពិភពលោក និងកិច្ចខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍបៃតង៕