
ភាពជោគជ័យយ៉ាងសម្បើមរបស់ DeepSeek នេះ បានជួយឱ្យផ្សារហ៊ុនរបស់មហាយក្សចិន ហក់ឡើងខ្លាំងក្នុងទំហំទឹកប្រាក់រហូតដល់ទៅជាង១,៣ទ្រីលានដុល្លារអាម៉េរិក កាលពីខែមុនរហូតដល់ធនាគារខ្នាតយក្ស Goldman Sachs ដំឡើងការព្យាកររបស់ខ្លួនសម្រាប់ផ្សារហ៊ុនរបស់មហាយក្សចិន។
ភាពជោគជ័យយ៉ាងសម្បើមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន DeepSeek ក្រោយធ្វើឱ្យផ្សារហ៊ុនអាម៉េរិកក្រឡាប់ចាក់ និងខាតបង់សរុបរហូតដល់ទៅជាង១ទ្រីលានដុល្លារក្នុងពេលត្រឹមតែមួយថ្ងៃកាលពីពេលថ្មីៗនេះ បានធ្វើឱ្យបណ្ដាវិនិយោគិនងាកចេញពីផ្សារហ៊ុនឥណ្ឌា សម្រុកទៅវិនិយោគលើផ្សារហ៊ុនក្នុងប្រទេសចិន វិញម្ដង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
សន្ទស្សន៍ផ្សារហ៊ុន MSCI China Index របស់ប្រទេសចិន បានហក់ឡើងស្រឺតៗក្នុងទំហំទឹកប្រាក់រហូតដល់ទៅ១,៣ទ្រីលានដុល្លារអាម៉េរិក កាលពីខែមុន ខណៈដែលផ្សារហ៊ុនឥណ្ឌា បានខាតបង់ជាង៧២០ពាន់លានដុល្លារអាម៉េរិក ហើយផ្សារហ៊ុនអាម៉េរិក ខាតបង់សរុបរហូតដល់ទៅជាង១ទ្រីលានដុល្លារ។
ជាការកត់សម្គាល់ ធនាគារអាម៉េរិក Goldman Sachs ដែលជាធនាគារវិនិយោគធំបំផុតទី៤ ក្នុងពិភពលោកបានដំឡើងការព្យាកររបស់ខ្លួនសម្រាប់ផ្សារហ៊ុនរបស់មហាយក្សចិន ដោយសារឃើញសន្ទុះកំណើនយ៉ាងគំហុកក្នុងឧស្សាហកម្ម AI របស់ចិន។ ធនាគារនេះ បានដំឡើងការព្យាករពេញមួយឆ្នាំរបស់ខ្លួនសម្រាប់ផ្សារហ៊ុនរបស់ប្រទេសចិន ដោយព្យាករថា តម្រូវការប្រើប្រាស់បច្ចេកវិទ្យា AI នឹងជួយឱ្យផ្សារហ៊ុនចិន ទទួលបានរំហូរចូលនៃការវិនិយោគក្នុងទំហំ២០០ពាន់លានដុល្លារអាម៉េរិក ដោយសារភាពជោគជ័យផ្នែក AI របស់ក្រុមហ៊ុនចិន DeepSeek៕
ដោយ: តែម សុខុម