ប្រភពដែលស្និទនឹងរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានបង្ហើបប្រាប់សារព័ត៌មានធំៗថា ការិយាល័យពាណិជ្ជកម្មអាម៉េរិក កំពុងពិចារណាលើការជំរុញបទប្បញ្ញត្តិថ្មីៗមួយចំនួន ដើម្បីរឹតបន្តឹងការនាំចេញគំរូបញ្ញាសិប្បនិមិ្មត និងសិទ្ធិចូលទៅប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិតមួយចំនួន ដែលកំពុងតែពេញនិយមនៅលើពិភពលោក ដូចជាកម្មវិធី Chat GPT ជាដើម។
កន្លងមកដើម្បីទប់ស្កាត់សន្ទុះនៃការរីកចម្រើនរបស់ចិន នៅក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ សហរដ្ឋអាម៉េរិក បានចាត់វិធានការយ៉ាងតឹងរ៉ឹង លើការទប់ស្កាត់ការនាំចេញបន្ទះសៀគ្វីបញ្ញាសិប្បនិម្មិតទំនើបៗទៅកាន់ប្រទេសចិន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពន្យឺតការអភិវឌ្ឍបច្ចេកវិទ្យាទំនើបរបស់ទីក្រុងប៉េកាំងសម្រាប់គោលបំណងយោធា។
ពាក់ព័ន្ធនឹងបញ្ហានេះ ការិយាល័យពាណិជ្ជកម្មអាម៉េរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ហើយស្ថានទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោន ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះដែរ ប៉ុន្តែគេដឹងថា អ្នកវិទ្យាសាស្រ្តចិននៅពេលនេះកំពុងតែសិក្សានិងស្វែងយល់ដ៏សកម្មពីកម្មវិធីបញ្ញាសិប្បនិម្មិត ដែលកំពុងតែអភិវឌ្ឈន៍ដោយអាម៉េរិក។
ក្រៅពីកម្មវិធី Chat GPT សូម្បីតែក្រុមហ៊ុន Microsoft និង Google ជាដើម ក៏កំពុងតែដំណើរការ និងអភិវឌ្ឈន៍បញ្ញាសិប្បនិម្មិតយ៉ាងសម្បើម ហើយកំពុងតែដណ្តើមគ្នាទាក់ទាញអ្នកប្រើប្រាស់ និងប្រជាប្រិយភាពជុំវិញពិភពលោកដោយរួមទាំងចិនផងដែរ អាស្រ័យហេតុនេះទើបអ្នកយុទ្ធសាស្រ្តរបស់អាម៉េរិក បារម្ភថា ចំណុចប្រហោងនេះអាចជាច្រកសម្រាប់អ្នកវិទ្យាសាស្រ្តរបស់ដៃគូប្រកួតប្រជែងនឹងអាម៉េរិកជ្រៀតចូល ដើម្បីគ្រប់គ្រងទិន្នន័យ និងដកពិសោធន៍ពីបច្ចេកវិទ្យាថ្មីៗដែលអាម៉េរិករកឃើញ។
លោក ភីធ័រ ហារ៉ែល (Peter Harrell) អតីតក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក បាននិយាយថាដោយសារតែកម្មវិធីបញ្ញាសិប្បនិម្មិតមួយចំនួនខាងលើ អ្នកវិទ្យាសាស្រ្តដែលមានគោលដៅអាចនឹងចូលទៅស្វែងរកទិន្នន័យទាក់ទងនឹងបច្ចេកវិទ្យាអាវុធ ក៏ដូចជាបង្កសង្រ្គាមនៅក្នុងប្រព័ន្ធអ៊ីនធឺណិតបានផងដែរ៕
ដោយៈ សរ សុជាតិ